ពីរ​បី​ឆ្នាំ​មុន សត្វ​ត្រសេះ​បាន​ចាប់​ផ្តើម​ចិក​ទំលុះ​ជញ្ចាំង នៅ​ចំហៀង​ផ្ទះ​របស់​ខ្ញុំ។ យើង​គិត​ថា បញ្ហា​មាន​តែ​នៅ​ខាង​ក្រៅ​ផ្ទះ​ទេ។ ប៉ុន្តែ ថ្ងៃ​មួយ ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ​ក៏​បាន​ដាក់​ជណ្តើរ​ឡើង ចូល​ទៅ​ក្នុង​បន្ទប់​ក្នុង​ដំបូល​ផ្ទះ ហើយ​សត្វ​បក្សី​មួយ​ក្បាល​ក៏​បាន​ស្ទុះហើរ​ចេញ​កាត់​មុខ​យើង ធ្វើ​ឲ្យ​យើង​ភ្ញាក់​ព្រើត។ យើង​ក៏​បាន​ដឹង​ថា បញ្ហា​កំពុង​តែ​កើត​មាន​ក្នុង​ផ្ទះ​យើង គឺ​អាក្រក់​លើស​ការរំពឹង​គិត​របស់​យើងទៀត។

ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដល់​ទីក្រុង​យេរូសាឡិម ហ្វូង​មនុស្ស​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​ក្រៅរបស់​ពួក​គេ ដែល​ជា​ការ​សង្កត់​សង្កិន​របស់​ចក្រ​ភព​រ៉ូម៉ាំង។ ពួក​គេ​ក៏​បាន​ស្រែក​ឡើង​ថា “ហូសាណា ដល់​ព្រះ​វង្ស​ហ្លួង​ដាវីឌ ព្រះ​អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!(ម៉ាថាយ ២១:៩)។ នេះ​ជា​ពេល​ដែល​ពួក​គេ​កំពុង​រង់​ចាំ។ ព្រះ​មហាក្សត្រ​ដែល​ព្រះ​បាន​ចាត់​តាំង បាន​យាង​មក​ហើយ។ បើ​សិន​ជា​ព្រះ​ដ៏ប្រោស​លោះ ត្រូវ​ចាប់​ផ្តើម​ធ្វើ​កំណែរ​ទម្រង់​ផ្នែក​នយោ​បាយ សម្រាប់​ពួក​គេ តើ​ព្រះ​អង្គនឹង​ចាប់​ផ្តើម​ដោះ​ស្រាយ​បញ្ហា​ខាង​ក្រៅទាំង​នោះ​ឬ​ទេ? ប៉ុន្តែ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ភាគ​ច្រើន​បាន​ចែង​ថា “ក្បួន​ដង្ហែរ​នៃ​ជ័យ​ជម្នះ ចូល​ទីក្រុង​យេរូសឡិម” គឺ​បាន​កើតឡើង មុន​ពេល​ព្រះ​យេស៊ូវ​បណ្តេញ​ពួក​អ្នក​រក​ស៊ី​ដូរ​លុយ ចេញ​ពី​ព្រះវិហារ(ខ.១២-១៣)។ ព្រះ​អង្គ​កំពុង​តែ​សម្អាត​ផ្ទះ​របស់ទ្រង់ ពី​ក្នុង​មក​ក្រៅ។

ពេល​ដែល​យើង​ស្វាគមន៍​ព្រះ​យេស៊ូវ ធ្វើ​ជា​ស្តេច នោះ​ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​អ្វី​ៗ​មាន​ការ​ផ្លាស់​ប្រែ ហើយ​ព្រះ​អង្គ​ក៏​ចាប់​ផ្តើម​ពី​យើងទៅ។ ព្រះ​អង្គ​នាំ​យើង​ប្រឈម​មុខ​ដាក់​ការ​អាក្រក់ នៅ​ខាង​ក្នុង។ ព្រះ​យេស៊ូវ​យាង​ចូល​ទីក្រុង ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា គឺបាន​ទទួល​ការ​ស្វាគមន៍ ជា​និមិត្ត​សញ្ញា​នៃ​សន្តិ​ភាព ប៉ុន្តែ គោលដៅ​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​ខ្មាំង​សត្រូវ​ព្រះ​អង្គ​ចុះ​ចាញ់ ដោយគ្មាន​លក្ខ​ខណ្ឌ។ ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​មហាក្សត្រ​របស់​យើង ក៏​តម្រូវ​ឲ្យ​យើង​ចុះ​ចូល​ព្រះ​អង្គ​ផង​ដែរ។—Glenn Packiam