លោកចន មែកខាធី(John McCarthy) ជាអ្នកកាសែតជនជាតិអង់គ្លេស ដែលធ្លាប់រស់នៅជាឈ្លើយសឹកអស់រយៈពេលប្រាំឆ្នាំ ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិលនៅប្រទេសលេបាណន់។ រយៈពេល២០ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេដោះលែង គាត់ក៏បានជួបលោកគានដូមែនីកូ ភីកូ(Giandomenico Picco) ដែលបានចរចារឲ្យគេដោះលែងគាត់។ ពេលដែលគាត់បានជួបបេសកជនអង្គការសហប្រជាជាតិរូបនេះ គាត់គ្រាន់តែនិយាយថា “ខ្ញុំសូមអរគុណលោក ដែលបានជួយដោះលែងខ្ញុំឲ្យមានសេរីភាព”។ ពាក្យសម្តីចេញពីចិត្តរបស់គាត់ គឺមានតម្លៃណាស់ ព្រោះលោកពភីកូ បានប្រថុយជីវិត ក្នុងអំឡុងពេលនៃការចរចារគ្នាដ៏គ្រោះថ្នាក់ ដើម្បីរំដោះលោកមែកខាធី និងអ្នកដទៃទៀត ឲ្យមានសេរីភាព។
ក្នុងនាមយើងជាអ្នកជឿព្រះ យើងអាចយល់អំពីសេរីភាពដែលរកបានយ៉ាងលំបាក។ ព្រះយេស៊ូវបានលះបង់ព្រះជន្មព្រះអង្គ ដោយសុគតនៅលើឈើឆ្កាងរបស់ពួករ៉ូម៉ាំង ដើម្បីរំដោះមនុស្សទំាងអស់ឲ្យមានសេរីភាពខាងវិញ្ញាណ។ សព្វថ្ងៃនេះ ក្នុងនាមយើងជាកូនព្រះអង្គ សាវ័កប៉ុលបានប្រកាស់ប្រាប់យើងថា “ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ” (កាឡាទី ៥:១)។
កណ្ឌគម្ពីរដំណឹងល្អយ៉ូហាន ក៏បានបង្រៀនយើង អំពីសេរីភាព ក្នុងព្រះគ្រីស្ទផងដែរ ដោយកត់សំគាល់ថា “បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត”(យ៉ូហាន ៨:៣៦)។
ប៉ុន្តែ តើមានសេរីភាពយ៉ាងដូចម្តេច? ក្នុងព្រះយេស៊ូវ យើងពិសោធន៍នឹងសេរីភាព រួចពីបាប និងចំណងរបស់វា ហើយថែមទាំងរួចពីកំហុស ភាពអាម៉ាស់ ការព្រួយបារម្ភ ការកុហក់របស់សាតាំង ជំនឿខុសឆ្គង ការបង្រៀនខុសឆ្គង និងការស្លាប់អស់កល្បជានិច្ច។ យើងមិនជាប់ជាឈ្លើយសឹកទៀតទេ តែយើងមានសេរីភាព ក្នុងការបង្ហាញក្តីស្រឡាញ់ដល់ខ្មាំងសត្រូវ ដើរដោយចិត្តសប្បុរស រស់នៅដោយសង្ឃឹម និងស្រឡាញ់អ្នកជិតខាងយើង។ ខណៈពេលដែលយើងដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចអត់ទោសឲ្យគេ ដូចដែលព្រះអង្គអត់ទោសឲ្យយើង។
ចូរយើងអរព្រះគុណព្រះអង្គ សម្រាប់ការទាំងអស់នេះ។ ដូចនេះ ចូរយើងនាំអ្នកដទៃបានស្គាល់អំណាចនៃសេរីភាពរបស់ព្រះអង្គផងដែរ។—Patricia Raybon