មិត្តភក្តិរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងចូលចិត្តកាត់ដេរខោអាវ។ នាងក៏បានរំឭកថា កាលពីក្មេង ជីដូនរបស់នាងបានដេររ៉ូបឲ្យនាងស្លៀក។ ពេលណានាងបានឮសម្លេងម៉ាស៊ីនដេរ នាងក៏បានគិតដោយចិត្តរីករាយ អំពីខោអាវដែលជីដូននាងកំពុងតែកាត់ដេរឲ្យនាង។
សព្វថ្ងៃនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់នេះ បានកាត់ដេរខោអាវខ្លួនឯង ហើយក៏មានគម្រោងផ្ទេរជំនាញនេះ ទៅកូនស្រីរបស់នាង។ កូនស្រីនាងមានអាយុតែ៥ឆ្នាំទេ តែនាងបាននាំកូនស្រីនាងចូលទៅក្នុងឃ្លាំងដាក់ខោអាវ ដើម្បីឲ្យកូនស្រីនាងមានចំណាប់អារម្មណ៍ចំពោះការកាត់ដេរ។
ការផ្ទេរជំនាញ មុខជំនួញ ឬជំនឿពីជំនាន់មួយ ទៅជំនាន់មួយទៀត គឺជារឿងដែលកើតមានជាធម្មតា ក្នុងចំណោមវប្បធម៌ខ្លះ។ អ្វីៗដែលគេបានរៀនពីឪពុកម្តាយរបស់ខ្លួន នោះគេក៏បានផ្ទេរចំណេះដឹងនោះ ទៅកូន។ ក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើលោកធីម៉ូថេ សាវ័កប៉ុលបាននឹកចាំអំពីជំនឿដ៏ពិតប្រាកដ របស់ជីដូនលោកធីម៉ូថេ ឈ្នោះ ឡូអ៊ីស និងម្តាយរបស់គាត់ឈ្មោះអ៊ើនីស។ គេជឿថា ស្រ្តីទាំងពីរបានបង្រៀនព្រះបន្ទូលដល់លោកធីម៉ូថេ កាលគាត់នៅក្មេង រហូតដល់ពេលដែលគាត់បានសម្រេចចិត្តទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ(២ធីម៉ូថេ ៣១៥)។
ចុះចំណែកយើងវិញ? តើយើងនឹងផ្ទេរជំនឿរបស់យើង ទៅមនុស្សជំនាន់ក្រោយ ដោយរបៀបណា? កាលណាយើងបានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់របស់ព្រះ ហើយទទួលការចម្រើនកម្លាំងពីព្រះវិញ្ញាណព្រះអង្គ(២ធីម៉ូថេ ១:៧) នោះយើងអាចផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវ តាមរយៈពាក្យសម្តី និងសកម្មភាព ដែលជាភស្តុតាងបង្ហាញថា យើងជាអ្នកដើរតាមព្រះគ្រីស្ទ(២ធីម៉ូថេ ២:២)។ យើងអាចផ្ទេរចំណេះដឹង ឬជំនាញ ហើយថែមទាំងសេចក្តីជំនឿដ៏មានតម្លៃរបស់យើងដល់អ្នកជំនាន់ក្រោយ។—Marlene Legaspi-Munar