មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា នាង​ចូល​ចិត្ត​កាត់​ដេរ​ខោ​អាវ។ នាង​ក៏​បាន​រំឭក​ថា កាលពី​ក្មេង ជី​ដូន​របស់​នាង​បាន​ដេររ៉ូបឲ្យ​នាង​ស្លៀក។ ពេល​ណា​នាង​បាន​ឮ​សម្លេង​ម៉ាស៊ីន​ដេរ នាង​ក៏​បាន​គិត​ដោយ​ចិត្ត​រីក​រាយ​ អំពី​ខោអាវ​ដែល​ជី​ដូន​នាង​កំពុង​តែកាត់​ដេរ​ឲ្យ​នាង។

សព្វ​ថ្ងៃ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​កាត់​ដេរ​ខោ​អាវ​ខ្លួន​ឯង ហើយ​ក៏​មាន​គម្រោង​ផ្ទេរ​ជំនាញ​នេះ ទៅ​កូន​ស្រី​របស់​នាង។ កូន​ស្រី​នាង​មាន​អាយុ​តែ​៥​ឆ្នាំ​ទេ តែ​នាង​បាន​នាំ​កូន​ស្រី​នាង​ចូល​ទៅ​ក្នុង​ឃ្លាំង​ដាក់​ខោ​អាវ ដើម្បី​ឲ្យ​កូន​ស្រី​នាង​មាន​ចំណាប់អារម្មណ៍​ចំពោះ​ការ​កាត់​ដេរ។

ការ​ផ្ទេរ​ជំនាញ មុខ​ជំនួញ ឬ​ជំនឿ​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ​ទៀត គឺ​ជា​រឿង​ដែល​កើត​មាន​ជា​ធម្មតា ក្នុង​ចំណោម​វប្បធម៌​ខ្លះ។ អ្វី​ៗ​ដែល​គេ​បាន​រៀន​ពី​ឪពុក​ម្តាយ​របស់​ខ្លួន នោះ​គេ​ក៏​បាន​ផ្ទេរ​ចំណេះ​ដឹង​នោះ​ ទៅ​កូន។ ក្នុង​សំបុត្រ ដែល​សាវ័កប៉ុល​បាន​សរសេរ​ផ្ញើ​លោក​ធីម៉ូថេ សាវ័ក​ប៉ុល​បាន​នឹក​ចាំ​អំពី​ជំនឿដ៏​ពិត​ប្រាកដ របស់​ជី​ដូន​​លោក​ធីម៉ូថេ ឈ្នោះ ឡូអ៊ីស និង​ម្តាយ​របស់​គាត់​ឈ្មោះ​អ៊ើនីស។ គេ​ជឿ​ថា ស្រ្តី​ទាំង​ពីរ​បាន​បង្រៀន​ព្រះ​បន្ទូល​ដល់​លោក​ធីម៉ូថេ កាល​គាត់​នៅ​ក្មេង​ រហូត​ដល់ពេល​ដែល​គាត់​បាន​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ(២ធីម៉ូថេ ៣១៥)។​

ចុះ​ចំណែក​យើង​វិញ? តើ​យើង​នឹង​ផ្ទេរ​ជំនឿ​របស់​យើង ទៅ​មនុស្ស​ជំនាន់​ក្រោយ ដោយ​របៀប​ណា?  កាល​ណា​យើង​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​ទទួល​ការ​ចម្រើន​កម្លាំង​ពី​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​(២ធីម៉ូថេ ១:៧) នោះ​យើង​អាច​ផ្សាយ​ដំណឹង​ល្អ អំពី​ព្រះ​យេស៊ូវ តាម​រយៈ​ពាក្យ​សម្តី និង​សកម្ម​ភាព ដែលជា​ភស្តុតាង​បង្ហាញ​ថា យើង​ជា​អ្នកដើរ​តាម​ព្រះ​គ្រីស្ទ(​២ធីម៉ូថេ ២:២)។ យើង​អាច​ផ្ទេរ​ចំណេះ​ដឹង ឬ​ជំនាញ ហើយ​ថែម​ទាំង​សេចក្តី​ជំនឿ​ដ៏​មាន​តម្លៃ​របស់​យើងដល់​អ្នក​ជំនាន់​ក្រោយ។—Marlene Legaspi-Munar