លោកអ៊ែនឌ្រូ(Andrew) កំពុងតែរស់នៅក្នុងប្រទេស ដែលគេបិទមិនឲ្យផ្សាយដំណឹងល្អ។ ខ្ញុំក៏បានសួរគាត់ថា តើគាត់បានលាក់បាំងជំនឿរបស់គាត់ ដោយរបៀបណា គាត់ថា គាត់មិនបានលាក់បាំងជំនឿគាត់ទេ។ គាត់បានពាក់ឡេវអាវធំមួយ ដែលមានរូបភាព និងអក្សរដែលផ្សព្វផ្សាយអំពីព្រះវិហាររបស់គាត់ ហើយពេលណាប៉ូលីសចាប់ខ្លួនគាត់ គាត់ក៏បានប្រាប់ប៉ូលីសថា ពួកគេក៏ត្រូវការព្រះយេស៊ូវផងដែរ។ លោកអ៊ែនឌ្រូមានចិត្តក្លាហាន ព្រោះគាត់ដឹងថា ព្រះកាន់ខាងគាត់។
លោកអេលីយ៉ាមិនមានការភ័យខ្លាចឡើយ ពេលដែលស្តេចអ៊ីស្រាអែលបង្គាប់ឲ្យទាហាន៥០នាក់ចាប់ខ្លួនគាត់(២ពង្សាវតាក្សត្រ ១:៩)។
លោកហោរារូបនេះដឹងថា ព្រះគង់នៅជាមួយគាត់ ហើយគាត់ក៏បានទូលសូមឲ្យទ្រង់ទម្លាក់ភ្លើងមកលើពួកទាហានមួយកងពលនោះ។ ស្តេចក៏បានចាត់ទាហានឲ្យទៅមួយកងទៀត ហើយលោកអេលីយ៉ាក៏បានទូលសូមព្រះទម្លាក់ភ្លើងមកលើពួកគេទៀត(ខ.១២)។ ស្តេចក៏បានបញ្ជូលទាហានជាលើកទីបីទៀត តែទាហានមួយកងពលនេះ បានដឹងអំពីអ្វីដែលបានកើតឡើង ចំពោះកងពលមុនៗ ដូចនេះ មេទ័ពក៏បានអង្វរលោកអេលីយ៉ា ឲ្យទុកជីវិតឲ្យទាហានរបស់គាត់។ គឺពួកគេទៅវិញទេ ដែលខ្លាចលោកអេលីយ៉ា ដូចនេះ ទេវតានៃព្រះអម្ចាស់ក៏បានប្រាប់លោកអេលីយ៉ាថា គាត់អាចទៅជាមួយពួកគេ ដោយសុវត្ថិភាព(ខ.១៣-១៥)។
នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវមិនសព្វព្រះទ័យ ឲ្យយើងទូលសូមព្រះអង្គទម្លាក់ភ្លើង មកលើខ្មាំងសត្រូវរបស់យើងឡើយ។ ពេលដែលពួកសាវ័កទូលសួរព្រះអង្គថា តើពួកគេអាចទូលសូមភ្លើងធ្លាក់មកលើភូមិរបស់សាសន៍សាំម៉ារីឬទេ ព្រះអង្គក៏បានស្តីបន្ទោសពួកគេ(លូកា ៩:៥១-៥៥)។ យើងកំពុងតែរស់នៅក្នុងសម័យផ្សេង។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងមានចិត្តក្លាហាន ដូចលោកអេលីយ៉ា ដោយត្រៀមខ្លួនជាស្រេច ដើម្បីប្រាប់អ្នកដទៃ អំពីព្រះអង្គសង្រ្គោះ ដែលបានសុគតជំនួយពួកគេ។
ការនេះគឺប្រៀបដូចជាមនុស្សម្នាក់ តទល់នឹងមនុស្ស៥០នាក់ ប៉ុន្តែ យើងពិតជាអាចប្រឈមមុខដាក់មនុស្សជាច្រើន ដោយគ្មានការភ័យខ្លាច។ ព្រះយេស៊ូវប្រទានអ្វីដែលយើងត្រូវការ ដើម្បីស្រឡាញ់ និងឈោងចាប់អ្នកដទៃ ដោយក្តីស្រឡាញ់។—Mike Wittmer