នៅ​ក្បែរ​ផ្ទះ​ខ្ញុំ មាន​ហាង​លក់​គ្រឿង​បរិក្ខា​ក្នុង​ផ្ទះ​មួយ ដែល​មាន​ប៊ូតុង​ពណ៌​បៃ​តង​ធំ​មួយ សម្រាប់​ឲ្យ​ភ្ញៀវ​មក​ទិញ​ឥវ៉ាន់​ចុច​ ពេលដែល​គេ​មិន​ឃើញ​អ្នក​លក់។ បន្ទាប់​ពី​អ្នក​ចុច​បាន​១​នាទី​ហើយ នៅ​មិន​ឃើញ​មាន​នរណា​ម្នាក់​មក​សួរ​នាំ នោះ​អ្នក​នឹង​ទទួលការ​បញ្ចុះ​តម្លៃ សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ទីនោះ។

យើង​ចង់​ធ្វើ​ជា​អតិថិជន ដែល​បាន​ទទួល​សេវ៉ា​កម្ម​ឆាប់​រហ័ស ប៉ុន្តែ តម្រូវ​ការ​នូវ​សេវ៉ាកម្ម​ឆាប់​រហ័ស ច្រើន​តែ​នាំ​ឲ្យ​មាន​ការលំបាក​ខ្លាំង ដល់​អ្នក​ផ្តល់​សេវ៉ា​កម្ម​។​ ដូច​នេះ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មាន​ការ​ប្រញាប់​ប្រញាល់ នៅ​ក្នុង​ការ​ធ្វើ​ការងារ ការធ្វើ​ការ​បន្ថែម​ម៉ោង និង​ការ​បើក​មើល​អ៊ីមែល​ជា​ច្រើន​ដង ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​ទទួល​រង​សម្ពាធ​ឲ្យ​ធ្វើ​ការ​ឲ្យ​ទាន់​កាល​វិភាគ។ យុទ្ធ​សាស្រ្ត​សេវ៉ា​កម្ម​ទាន់​ចិត្ត​របស់​ហាង​ទំនិញ​នោះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​វប្ប​ធម៌​នៃ​ភាព​ប្រញាប់​ប្រញាល់​ ដែល​បាន​ជ្រាប​ចូល​ក្នុង​ជីវិត​យើង។

ពេល​ដែល​ព្រះ​ទ្រង់​ប្រាប់​រាស្រ្ត​អ៊ីស្រាអែល​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក ទ្រង់​បាន​ប្រាប់​ពួក​គេ​ឲ្យ​នឹក​ចាំ អំពី​ពេល​ដែល​ពួក​គេ​ជាប់ជា​ទាសករ ក្នុង​ទឹក​ដី​អេស៊ីព្ទ(ចោទិយថា ៥:១៥)។​ កាល​នោះ គេ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក តាម​ការកំណត់​ពេល​ច្រើន​ជ្រុល​របស់​ស្តេច​ផារ៉ោន​(និក្ខមនំ ៥:៦-៩)។ បន្ទាប់​ពី​ពួក​គេ​មាន​សេរីភាព​ហើយ នោះ​ពួក​គេ​ត្រូវ​ឲ្យ​ខ្លួន​ពួក​គេ និង​អ្នក​បម្រើ​របស់​ពួក​គេ​មាន​ពេល​សម្រាក មួយ​ថ្ងៃ​ពេញ ក្នុង​សប្តាហ៍​នីមួយ​ៗ​(ចោទិយកថា ៥:១៤)។ នៅ​ក្រោម​ការ​គ្រប់​គ្រងរបស់​ព្រះ គ្មាន​នរណា​ដែល​ត្រូវ​ធ្វើ​ការ​បាក់​កម្លាំង ដោយ​គ្មាន​ពេល​ឈប់​សម្រាក​ទៀត​ឡើយ។

តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​អ្នក​ធ្វើ​ការ​ទាល់​តែ​បាក់​កម្លាំង ឬ​ខ្វះ​ការ​អត់​ធ្មត់ ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រង់​ចាំ? ចូរ​យើង​ឲ្យខ្លួន​ឯង និង​អ្នក​ដទៃ​មាន​ពេល​សម្រាក។ វប្បធម៌​នៃ​ការ​ប្រញាប់​ប្រញាល់​ដោយ​គ្មាន​ការ​សម្រាក គឺ​ជា​វប្ប​ធម៌​របស់​ស្តេច​ផារ៉ោន គឺ​មិន​មែន​ជា​វប្បធម៌​របស់​ព្រះ​នោះ​ទេ។—Sheridan Voysey