មាន​ពេល​មួយ ខ្ញុំ​បាន​មើល​សត្វ​ឃ្មុំ​ធំ​មួយ​ក្បាល​បាន​ចុះ​ចត​យ៉ាង​ថ្នម​ៗ នៅ​លើ​ដើម​ផ្កា​ពណ៌​ខៀវ របស់​ជន​ជាតិ​រូស្ស៊ី។ ពេល​នោះ ខ្ញុំ​មាន​ការ​ស្ងើច​សរសើរ ចំពោះ​ពណ៌​ដ៏​ស្រស់​ស្អាត ដែល​បាន​លេច​ចេញ​នៅ​លើ​មែក​ជា​ច្រើន​ស្អេក​ស្កះ។ ផ្កា​ដែល​រីក​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត​បាន​ទាក់​ទាញ​ទាំង​ភ្នែក​មនុស្ស និង​សត្វ​ឃ្មុំ។ ប៉ុន្តែ ចាប់​តាំង​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​វា​នឹង​មាន​ផ្កា​រីក​ទៀត​ទេ។​ ពេល​ដែល​ខ្ញុំ​ឃើញ​ឪពុក​ម្តាយ​ក្មេក​ខ្ញុំ​កាត់​តម្រឹម​គុម្ព​ផ្កា​នេះ ឲ្យនៅ​សល់​តែ​គុល​មួយ​ដើម ខ្ញុំ​ក៏​បានសន្និ​ដ្ឋាន​ថា ពួក​គេ​បាន​សម្រេច​ចិត្ត​កាប់​វា​ចោល​ហើយ។ ប៉ុន្តែ ពេល​នេះ លទ្ធ​ផល​នៃ​ការ​លួស​មែក​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

សម្រស់​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​កើត​ចេញ​ពី​ការ​លួស​មែក​នោះ អាច​ជា​មូល​ហេតុ ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​ព្រះ​ទ័យ មាន​បន្ទូល​ប្រៀប​ប្រដូច អំពី​ការ​លួស​ខ្នែង ដើម្បី​ពិពណ៌​នា អំពី​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ក្នុង​ចំណោម​អ្នក​ជឿ​ទ្រង់។ ក្នុង​បទគម្ពីរ យ៉ូហាន ជំពូក១៥ ព្រះ​អង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត ហើយ​ព្រះវរបិតា​ខ្ញុំ​ជា​អ្នក​ដាំ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង”(ខ.១-២)។

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​បាន​រំឭក​យើង​ថា ព្រះ​ទ្រង់​តែង​តែ​ធ្វើ​ការ​ក្នុង​យើង ទាំង​ក្នុង​ពេល​ល្អ និង​ពេល​អាក្រក់ ដើម្បី​ឲ្យ​យើង​មានការ​កែ​ប្រែ​ជា​ថ្មី​ខាង​វិញ្ញាណ និង​បង្កើត​ផល​ផ្លែ​(ខ.៥)។ ក្នុង​អំឡុង​រដូវ​កាល​នៃ “ការ​លួស​ខ្នែង” ដែល​មាន​ទុក្ខ​លំបាក ឬ​ភាពក្រៀម​ក្រោះ​ក្នុង​ផ្លូវ​អារម្មណ៍ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​យើង​នឹង​បាន​ចម្រើន​ឡើង​សារ​ជា​ថ្មី​ឬ​ទេ។ ប៉ុន្តែ ព្រះ​គ្រីស្ទ​បាន​លើកទឹក​ចិត្ត​យើង​ឲ្យ​បន្ត នៅ​ជាប់​ព្រះ​អង្គ ព្រោះ​គ្មាន​មែក​ណា​ដែល​អាច​ចេញ​ផ្លែ​ផ្កា ដោយ​ខ្លួន​ឯង​ឡើយ។ វា​ត្រូវ​តែ​នៅ​ជាប់​នឹង​ដើម​។ ហើយ​យើង​ក៏​មិន​អាច​បង្កើត​ផល​ផ្លែ​បាន​ដែរ បើ​យើង​មិន​នៅ​ជាប់​ក្នុង​ព្រះ​អង្គ​ទេ​នោះ​(ខ.៤)។

ខណៈ​ពេល​ដែល​យើង​បន្ត​ទទួល​យក​ជីវ​ជាតិ​ខាង​វិញ្ញាណ​ពី​ព្រះ​យេស៊ូវ ជីវិត​របស់​យើង​នឹង​មាន​ភាព​ស្រស់​ស្អាត ហើយបង្កើត​ផល​ផ្លែ​(ខ.៨) ដែល​នឹង​នាំ​ឲ្យ​លោកិយ​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះ។—Adam R. Holz