ភោជនីដ្ឋាន​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ទីក្រុង​បាង​កក មាន​លក់​ស៊ុប​ម្យ៉ាង ធ្វើ​ពី​សាច់​ស្ងោ ដែល​គេ​បាន​រម្ងាស់​អស់​៤៥​ឆ្នាំ ហើយ​គេដាក់​គ្រឿង​ផ្សំ និង​ទឹក​បន្ថែម ជា​រៀង​រាល់​ថ្ងៃ។ ទឹក​ស៊ុប​ដែល​នៅ​សល់​ពី​ការ​លក់​រៀង​រាល់​ថ្ងៃ មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់ ក្នុងពេល​ពីរ​បី​ថ្ងៃ​ក្រោយ​មក​ទៀត ដោយ​សារ​ការ​រម្ងាស់​រយៈ​ពេល​យូរ​ធ្វើ​ឲ្យ​រសជាតិ​ចូល​គ្នា ហើយ​បង្កើត​បាន​រសជាតិ​ពិសេស។ ភោជនីយដ្ឋាន​នេះ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន សម្រាប់​ការ​ធ្វើ​ទឹក​ស៊ុប​ដែល​ឆ្ងាញ់​បំផុត ក្នុង​ប្រទេស​ថៃ។​

ជា​ញឹក​ញាប់ លទ្ធ​ផល​ល្អ​អាច​កើត​មាន បន្ទាប់​ពី​ការ​រង់​ចាំ​មួយ​រយៈ​ពេល ប៉ុន្តែ​ មនុស្ស​ច្រើន​តែ​មាន​បញ្ហា នៅ​ក្នុង​ការ​អត់​ធ្មត់។ ក្នុង​ព្រះ​គម្ពីរ​ប៊ីប មាន​តួ​អង្គ​ជា​ច្រើន​បាន​ទូល​សួរ​ព្រះ​ថា “តើ​ពួក​គេ​ត្រូវ​រង់​ចាំ​ដល់​ពេល​ណា​ទៀត?” ឧទាហរណ៍ ក្នុង​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ហាបាគុក ហោរា​រូប​នេះ​បាន​ទូល​សួរ​ព្រះ​អម្ចាស់​ថា “ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ”(ហាបាគុក ១:២)។ លោក​ហាបាគុក(ឈ្មោះ​នេះ​មាន​ន័យ​ថា “អ្នក​តស៊ូ​ស្វិត​ស្វាញ”) បាន​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ មក​លើប្រជាជាតិ​របស់​គាត់​(គឺ​យូដា) តាម​រយៈ​ការ​ឈ្លាន​ពាន នៃ​ចក្រ​ភព​បាប៊ីឡូន​ដ៏​កាច​សាហាវ ហើយ​គាត់​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វីព្រះ​ទ្រង់​បណ្តោយ​ឲ្យ​មនុស្ស​ពុក​រលួយ​មាន​ភាព​ចម្រុង​ចម្រើន ខណៈ​ពេល​ដែល​ពួក​គេ​កៀប​សង្កត់ និង​កេង​ប្រវ័ញ្ច​អ្នក​ដទៃ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ក្តី​សង្ឃឹម និង​ការ​ស្អាង​ឡើង​វិញ ក្នុង​ពេល​ដែល​ទ្រង់​បាន​កំណត់។ គឺ​ដូច​ដែល​ទ្រង់មាន​បន្ទូល​ថា “ត្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ”(២:៣)។

ការ​ជាប់​ជា​ឈ្លើយ​សឹក​របស់​ចក្រ​ភព​បាប៊ីឡូន​មាន​រយៈ​ពេល​៧០​ឆ្នាំ។ មនុស្ស​គិត​ថា រយៈ​ពេល​នោះ​គឺ​ពិត​ជា​យូរ​ណាស់ តែព្រះ​ទ្រង់​តែង​តែ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​ព្រះ​អង្គ​ជា​និច្ច។​

មាន​ព្រះ​ពរ​ខ្លះ ដែល​ជា​ព្រះ​ពរ​ល្អ​បំផុត មិន​ទាន់​បាន​មក​ដល់​យើង​ទេ គឺ​ត្រូវ​រង់​ចាំ​អស់​ពេល​ជា​យូរ។ ទោះ​យូរ​យ៉ាង​ណា​ក៏ដោយ ចូរ​បន្ត​មើល​ទៅ​ព្រះ​អង្គ​ចុះ! ទ្រង់​បាន​ត្រៀម​ព្រះ​ពរ​នីមួយ​ៗ ដោយ​ប្រាជ្ញា និង​ព្រះ​ទ័យ​ទុក​ដាក់​ដ៏​ឥត​ខ្ចោះ ហើយ​ព្រះ​អង្គតែង​តែ​សក្តិ​សម​នឹង​ឲ្យ​យើង​រង់​ចំា​ជា​និច្ច។—James Banks