ភោជនីដ្ឋានដ៏ល្បីល្បាញមួយនៅទីក្រុងបាងកក មានលក់ស៊ុបម្យ៉ាង ធ្វើពីសាច់ស្ងោ ដែលគេបានរម្ងាស់អស់៤៥ឆ្នាំ ហើយគេដាក់គ្រឿងផ្សំ និងទឹកបន្ថែម ជារៀងរាល់ថ្ងៃ។ ទឹកស៊ុបដែលនៅសល់ពីការលក់រៀងរាល់ថ្ងៃ មានរសជាតិកាន់តែឆ្ងាញ់ ក្នុងពេលពីរបីថ្ងៃក្រោយមកទៀត ដោយសារការរម្ងាស់រយៈពេលយូរធ្វើឲ្យរសជាតិចូលគ្នា ហើយបង្កើតបានរសជាតិពិសេស។ ភោជនីយដ្ឋាននេះក៏បានឈ្នះពានរង្វាន់ជាច្រើន សម្រាប់ការធ្វើទឹកស៊ុបដែលឆ្ងាញ់បំផុត ក្នុងប្រទេសថៃ។
ជាញឹកញាប់ លទ្ធផលល្អអាចកើតមាន បន្ទាប់ពីការរង់ចាំមួយរយៈពេល ប៉ុន្តែ មនុស្សច្រើនតែមានបញ្ហា នៅក្នុងការអត់ធ្មត់។ ក្នុងព្រះគម្ពីរប៊ីប មានតួអង្គជាច្រើនបានទូលសួរព្រះថា “តើពួកគេត្រូវរង់ចាំដល់ពេលណាទៀត?” ឧទាហរណ៍ ក្នុងដើមដំបូងនៃកណ្ឌគម្ពីរហាបាគុក ហោរារូបនេះបានទូលសួរព្រះអម្ចាស់ថា “ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត ឥតទ្រង់ឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ”(ហាបាគុក ១:២)។ លោកហាបាគុក(ឈ្មោះនេះមានន័យថា “អ្នកតស៊ូស្វិតស្វាញ”) បានថ្លែងទំនាយ អំពីការជំនុំជម្រះរបស់ព្រះ មកលើប្រជាជាតិរបស់គាត់(គឺយូដា) តាមរយៈការឈ្លានពាន នៃចក្រភពបាប៊ីឡូនដ៏កាចសាហាវ ហើយគាត់ក៏បានឆ្ងល់ថា ហេតុអ្វីព្រះទ្រង់បណ្តោយឲ្យមនុស្សពុករលួយមានភាពចម្រុងចម្រើន ខណៈពេលដែលពួកគេកៀបសង្កត់ និងកេងប្រវ័ញ្ចអ្នកដទៃ។ ប៉ុន្តែ ព្រះទ្រង់បានសន្យាថា នឹងប្រទានក្តីសង្ឃឹម និងការស្អាងឡើងវិញ ក្នុងពេលដែលទ្រង់បានកំណត់។ គឺដូចដែលទ្រង់មានបន្ទូលថា “ត្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ”(២:៣)។
ការជាប់ជាឈ្លើយសឹករបស់ចក្រភពបាប៊ីឡូនមានរយៈពេល៧០ឆ្នាំ។ មនុស្សគិតថា រយៈពេលនោះគឺពិតជាយូរណាស់ តែព្រះទ្រង់តែងតែស្មោះត្រង់ ចំពោះព្រះបន្ទូលព្រះអង្គជានិច្ច។
មានព្រះពរខ្លះ ដែលជាព្រះពរល្អបំផុត មិនទាន់បានមកដល់យើងទេ គឺត្រូវរង់ចាំអស់ពេលជាយូរ។ ទោះយូរយ៉ាងណាក៏ដោយ ចូរបន្តមើលទៅព្រះអង្គចុះ! ទ្រង់បានត្រៀមព្រះពរនីមួយៗ ដោយប្រាជ្ញា និងព្រះទ័យទុកដាក់ដ៏ឥតខ្ចោះ ហើយព្រះអង្គតែងតែសក្តិសមនឹងឲ្យយើងរង់ចំាជានិច្ច។—James Banks