កាល​លោក​ឆាក់(Chuck) មាន​អាយុ​១២​ឆ្នាំ គាត់​បាន​រង់​ចំា​បើក​កញ្ចប់​អំណោយ នៅ​ក្រោម​ដើម​ណូអែល ដោយ​ចិត្ត​អន្ទះ​សារ នៅ​ថ្ងៃ​បុណ្យ​ណូអែល។ គាត់​ចង់​បាន​កង់​ថ្មី​មួយ​គ្រឿង តែ​ក្តី​សង្ឃឹម​របស់​គាត់​បាន​រលាយ នៅ​ពេល​ដែល​គាត់​បើក​ប្រអប់​អំណោយ ឃើញសៀវភៅ​វចនានុ​ក្រម មួយ​ក្បាល។ គាត់​ក៏​បាន​បើក​វចនានុ​ក្រម​នោះ ឃើញ​អក្សរ​ដែល​ឪពុក​ម្តាយ​គាត់​បានសរសេរ នៅ​លើ​ទំព័រ​ទី​១​ថា “វចនានុ​ក្រម​នោះ ម៉ាក់ និង​ប៉ា​បាន​ទិញ​ឲ្យ​កូន ឆ្នាំ១៩៥៨។ ដោយ​ក្តី​ស្រឡាញ់ និង​ក្តី​សង្ឃឹម​ដ៏ខ្ពស់​ថា កូន​នឹង​រៀន​បាន​ពិន្ទុល្អ នៅ​សាលា”។​

ក្នុង​អំឡុង​ពេល​ប្រហែល​១០​ឆ្នាំ​ក្រោយ​មក លោក​ឆាក់​ពិត​ជា​រៀន​បាន​ពិន្ទុ​ល្អ នៅ​សាលា​រៀន​មែន។ គាត់​បាន​រៀន​ចប់​មហា​វិទ្យាល័យ ហើយ​ក្រោយ​មក ក៏​បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​បើក​បរ​យន្ត​ហោះ។ គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​បើក​បរ​យន្ត​ហោះ នៅ​ក្រៅប្រទេស ដោយ​បាន​សម្រេច​ក្តី​បំណង​គាត់ ដែល​ចង់​ជួយ​អ្នក​ក្រី​ក្រ និង​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ ដល់​ពួក​គេ។​ សព្វថ្ងៃនេះ បន្ទាប់​ពី​គាត់​បាន​ទទួល​អំណោយ​នេះ​អស់​រយៈ​ពេល​ប្រហែល​៦០​ឆ្នាំ គាត់​ក៏​បាន​បង្ហាញ​វចនានុ​ក្រម​ចាស់​មួយ​ក្បាលនោះ ដល់​ចៅ​ៗ​របស់​គាត់។ វា​បាន​ក្លាយ​ជា​និមិត្ត​រូប នៃ​ការ​ដែល​ឪពុក​ម្តាយ​គាត់​បាន​វិនិយោគ​ដោយ​ក្តី​ស្រឡាញ់ ដើម្បី​អនាគត​គាត់ ហើយ​គាត់​នៅ​តែ​ឲ្យ​តម្លៃ​វា។ ប៉ុន្តែ គាត់​មាន​ការ​ដឹង​គុណ​កាន់​តែ​ខ្លាំង ចំពោះ​ការ​វិនិយោគ​របស់​ឪពុក​ម្តាយ​គាត់ នៅ​ក្នុង​ការ​នាំ​ឲ្យ​គាត់​មាន​សេចក្តី​ជំនឿ ដោយ​បង្រៀន​គាត់​អំពី​ព្រះ និង​ព្រះ​គម្ពីរ​ប៊ីប។​

បទ​គម្ពីរ​ចោទិយក​ថា ជំពូក​១១ បាន​ចែង​អំពី​សារៈ​សំខាន់​នៃ​ការ​ឈ្លាត​ឱកាស​បង្រៀន​ព្រះ​គម្ពីរ​ដល់​កូន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង”(ខ.១៩)។

សម្រាប់​លោក​ឆាក់ គោល​តម្លៃ​ដ៏​អស់​កល្ប​ដែល​បាន​បណ្តុះ កាល​គាត់​នៅ​ក្មេង បាន​រីក​ធំ​ឡើង ក្លាយ​ជា​ការ​បម្រើ​អស់​មួយ​ជីវិត ដល់​ព្រះ​អង្គ​សង្រ្គោះ​របស់​គាត់។ តើ​មាន​នរណា​ដឹង​ថា ការ​លះ​បង់​របស់​យើង ដើម្បី​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​នរណា​ម្នាក់ ដោយ​មាន​ជំនួយ​មក​ពី​ព្រះ នឹង​មាន​ការ​ចម្រើន​ឡើង និង​មាន​ផល​ផ្លែ​យ៉ាង​ណា?—Cindy Hess Kasper