កាលលោកឆាក់(Chuck) មានអាយុ១២ឆ្នាំ គាត់បានរង់ចំាបើកកញ្ចប់អំណោយ នៅក្រោមដើមណូអែល ដោយចិត្តអន្ទះសារ នៅថ្ងៃបុណ្យណូអែល។ គាត់ចង់បានកង់ថ្មីមួយគ្រឿង តែក្តីសង្ឃឹមរបស់គាត់បានរលាយ នៅពេលដែលគាត់បើកប្រអប់អំណោយ ឃើញសៀវភៅវចនានុក្រម មួយក្បាល។ គាត់ក៏បានបើកវចនានុក្រមនោះ ឃើញអក្សរដែលឪពុកម្តាយគាត់បានសរសេរ នៅលើទំព័រទី១ថា “វចនានុក្រមនោះ ម៉ាក់ និងប៉ាបានទិញឲ្យកូន ឆ្នាំ១៩៥៨។ ដោយក្តីស្រឡាញ់ និងក្តីសង្ឃឹមដ៏ខ្ពស់ថា កូននឹងរៀនបានពិន្ទុល្អ នៅសាលា”។
ក្នុងអំឡុងពេលប្រហែល១០ឆ្នាំក្រោយមក លោកឆាក់ពិតជារៀនបានពិន្ទុល្អ នៅសាលារៀនមែន។ គាត់បានរៀនចប់មហាវិទ្យាល័យ ហើយក្រោយមក ក៏បានបញ្ចប់ការហ្វឹកហាត់បើកបរយន្តហោះ។ គាត់ក៏បានក្លាយជាអ្នកបើកបរយន្តហោះ នៅក្រៅប្រទេស ដោយបានសម្រេចក្តីបំណងគាត់ ដែលចង់ជួយអ្នកក្រីក្រ និងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់ពួកគេ។ សព្វថ្ងៃនេះ បន្ទាប់ពីគាត់បានទទួលអំណោយនេះអស់រយៈពេលប្រហែល៦០ឆ្នាំ គាត់ក៏បានបង្ហាញវចនានុក្រមចាស់មួយក្បាលនោះ ដល់ចៅៗរបស់គាត់។ វាបានក្លាយជានិមិត្តរូប នៃការដែលឪពុកម្តាយគាត់បានវិនិយោគដោយក្តីស្រឡាញ់ ដើម្បីអនាគតគាត់ ហើយគាត់នៅតែឲ្យតម្លៃវា។ ប៉ុន្តែ គាត់មានការដឹងគុណកាន់តែខ្លាំង ចំពោះការវិនិយោគរបស់ឪពុកម្តាយគាត់ នៅក្នុងការនាំឲ្យគាត់មានសេចក្តីជំនឿ ដោយបង្រៀនគាត់អំពីព្រះ និងព្រះគម្ពីរប៊ីប។
បទគម្ពីរចោទិយកថា ជំពូក១១ បានចែងអំពីសារៈសំខាន់នៃការឈ្លាតឱកាសបង្រៀនព្រះគម្ពីរដល់កូន។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង ដោយនិយាយប្រាប់ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ខ.១៩)។
សម្រាប់លោកឆាក់ គោលតម្លៃដ៏អស់កល្បដែលបានបណ្តុះ កាលគាត់នៅក្មេង បានរីកធំឡើង ក្លាយជាការបម្រើអស់មួយជីវិត ដល់ព្រះអង្គសង្រ្គោះរបស់គាត់។ តើមាននរណាដឹងថា ការលះបង់របស់យើង ដើម្បីការលូតលាស់ខាងវិញ្ញាណរបស់នរណាម្នាក់ ដោយមានជំនួយមកពីព្រះ នឹងមានការចម្រើនឡើង និងមានផលផ្លែយ៉ាងណា?—Cindy Hess Kasper