ការ​ដាក់​ឈ្មោះ មាន​សារៈ​សំខាន់ ទោះ​នោះ​ជា​ការ​ដាក់​ឈ្មោះ​ឲ្យ​ក្មេង ក្រុម​ហ៊ុន ឬ​ដាក់​ឈ្មោះឲ្យ​សត្វ​ចិញ្ចិម​ក្តី។ ហេតុ​នេះហើយ ឪពុក​ម្តាយ អ្នក​ជំនួញ និង​ក្រុម​គ្រួសារ​បាន​ខិត​ខំ​រិះ​គិត អំពី​ឈ្មោះ​ដែល​ល្អ​បំផុត។ មនុស្ស​ភាគ​ច្រើន​ចង់​ជ្រើស​រើស​យកឈ្មោះ​ណា ដែល​មាន​អត្ថ​ន័យ​ដ៏​សំខាន់ ដោយ​រាប់​ចាប់​តាំង​ពី​ឈ្មោះ​ដែល​ពេញ​និយម រហូត​ដល់​ឈ្មោះ​ដែល​មាន​អ្វី​ពិសេស។ ឧទាហរណ៍ ឈ្មោះ​របស់​ខ្ញុំ​ជា​ភាសាចិន គឺ​បាន​បង្កប់​នូវ​ការ​លើក​ទឹក​ចិត្ត ដែល​ឪពុក​ម្តាយ​ខ្ញុំ​មាន សម្រាប់​ខ្ញុំ។ ពួក​គាត់​សង្ឃឹមថា ឈ្មោះ​នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​មាន​ប្រាជ្ញា។​

នៅ​សម័យ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ឈ្មោះ​ក៏​មាន​សារៈ​សំខាន់​ណាស់​ដែរ។ លោក​ម៉ូសេ​បាន​ដឹង អំពី​សារៈ​សំខាន់របស់​ឈ្មោះ។ ពេល​ដែល​ព្រះ​អម្ចាស់​ជួប​គាត់ នៅ​ក្បែរ​គុម្ព​បន្លា ហើយ​ប្រទាន​បេសក​កម្ម ឲ្យ​គាត់​រំដោះ​រាស្រ្ត​អ៊ីស្រាអែល ឲ្យ​រួចពី​ស្តេច​ផារោន គាត់​ក៏​បាន​សួរ​ព្រះ​អង្គ​ថា តើ​ព្រះ​អង្គ​មាន​ព្រះ​នាម​អ្វី? (មើលនិក្ខមនំ ៣:១៣)។ ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”(ខ.១៤)។ ពាក្យ​ថា​ “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ” គឺ​មាន​ន័យ​ថា ព្រះ​អង្គ​ជា​ព្រះ​ ដែល​អស់​កល្ប​ មាន​ភាព​គ្រប់​គ្រាន់ មាន​ព្រះ​ជន្ម​តាំង​ពី​អស់​កល្ប​ដល់​អស់​កល្ប មាន​ពេញ​ដោយ​ក្តី​អាណិត និង​គ្មាន​ព្រំ​ដែន។ ព្រះ​អង្គ​មាន​អំណាច​គ្រប់​គ្រងលើ​អ្វី​ៗ​ទាំង​អស់ ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​អ្វី​មួយ ដើម្បីឲ្យ​អាច​មាន​ព្រះ​វត្ត​មាន​នោះ​ឡើយ។ ព្រះ​អង្គ​មិន​ប្រែ​ប្រួល នៅ​ថ្ងៃម្សិល​មិញ ថ្ងៃ​នេះ និង​ជា​រៀង​រហូត។ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ព្រះ​អង្គ​ប្រព្រឹត្ត​អ្វី ដែល​ខុស​នឹង​ចារិក​លក្ខណៈ ឬ​ភាព​ពិត​ត្រង់​របស់​ព្រះអង្គ​ឡើយ។​

ព្រះ​នាម​របស់​ព្រះ គឺ​ជា​គ្រឹះ​ដ៏​រឹង​មាំ  ដែល​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​លើ​សេចក្តី​ស្មោះ​ត្រង់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ។ ការ​យល់​អំពី​អត្ថ​ន័យ​របស់​ព្រះ​នាម​ព្រះ អាច​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ក្នុង​កិច្ច​ការ​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ និង​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។ ដ្បិត​យើង​ដឹង​ថា ព្រះ​ដ៏​ជា​ព្រះ គង់​នៅ​ជា​មួយ​យើង ហើយ​ព្រះ​អង្គ​មិន​ដែល​ប្រែ​ប្រួល​ឡើយ។—Sim Kay Tee