ការដាក់ឈ្មោះ មានសារៈសំខាន់ ទោះនោះជាការដាក់ឈ្មោះឲ្យក្មេង ក្រុមហ៊ុន ឬដាក់ឈ្មោះឲ្យសត្វចិញ្ចិមក្តី។ ហេតុនេះហើយ ឪពុកម្តាយ អ្នកជំនួញ និងក្រុមគ្រួសារបានខិតខំរិះគិត អំពីឈ្មោះដែលល្អបំផុត។ មនុស្សភាគច្រើនចង់ជ្រើសរើសយកឈ្មោះណា ដែលមានអត្ថន័យដ៏សំខាន់ ដោយរាប់ចាប់តាំងពីឈ្មោះដែលពេញនិយម រហូតដល់ឈ្មោះដែលមានអ្វីពិសេស។ ឧទាហរណ៍ ឈ្មោះរបស់ខ្ញុំជាភាសាចិន គឺបានបង្កប់នូវការលើកទឹកចិត្ត ដែលឪពុកម្តាយខ្ញុំមាន សម្រាប់ខ្ញុំ។ ពួកគាត់សង្ឃឹមថា ឈ្មោះនោះនឹងនាំឲ្យខ្ញុំក្លាយជាមនុស្សមានប្រាជ្ញា។
នៅសម័យ ដែលមានចែងក្នុងព្រះគម្ពីរប៊ីប ឈ្មោះក៏មានសារៈសំខាន់ណាស់ដែរ។ លោកម៉ូសេបានដឹង អំពីសារៈសំខាន់របស់ឈ្មោះ។ ពេលដែលព្រះអម្ចាស់ជួបគាត់ នៅក្បែរគុម្ពបន្លា ហើយប្រទានបេសកកម្ម ឲ្យគាត់រំដោះរាស្រ្តអ៊ីស្រាអែល ឲ្យរួចពីស្តេចផារោន គាត់ក៏បានសួរព្រះអង្គថា តើព្រះអង្គមានព្រះនាមអ្វី? (មើលនិក្ខមនំ ៣:១៣)។ ព្រះអម្ចាស់ក៏បានឆ្លើយតបថា “អញជាព្រះដ៏ជាព្រះ”(ខ.១៤)។ ពាក្យថា “អញជាព្រះដ៏ជាព្រះ” គឺមានន័យថា ព្រះអង្គជាព្រះ ដែលអស់កល្ប មានភាពគ្រប់គ្រាន់ មានព្រះជន្មតាំងពីអស់កល្បដល់អស់កល្ប មានពេញដោយក្តីអាណិត និងគ្មានព្រំដែន។ ព្រះអង្គមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ដោយមិនពឹងផ្អែកទៅលើអ្វីមួយ ដើម្បីឲ្យអាចមានព្រះវត្តមាននោះឡើយ។ ព្រះអង្គមិនប្រែប្រួល នៅថ្ងៃម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត។ គ្មានអ្វីអាចធ្វើឲ្យព្រះអង្គប្រព្រឹត្តអ្វី ដែលខុសនឹងចារិកលក្ខណៈ ឬភាពពិតត្រង់របស់ព្រះអង្គឡើយ។
ព្រះនាមរបស់ព្រះ គឺជាគ្រឹះដ៏រឹងមាំ ដែលធ្វើឲ្យយើងទុកចិត្តលើសេចក្តីស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ការយល់អំពីអត្ថន័យរបស់ព្រះនាមព្រះ អាចជួយយើងឲ្យទុកចិត្តព្រះអង្គ ក្នុងកិច្ចការដែលយើងធ្វើប្រចាំថ្ងៃ និងបំពេញការទទួលខុសត្រូវរបស់យើង។ ដ្បិតយើងដឹងថា ព្រះដ៏ជាព្រះ គង់នៅជាមួយយើង ហើយព្រះអង្គមិនដែលប្រែប្រួលឡើយ។—Sim Kay Tee