ក្នុង​កម្ម​វិធី​ប្រកួត​កីឡា​វិទ្យាល័យ លោកថេដ(Ted) គឺ​អ្នក​ដឹក​នំា​ការ​គាំ​ទ្រ ដែល​មាឌ​ធំ​ជាង​គេ និង​ស្រែក​ឮ​ជាង​គេ ដើម្បី​នាំ​អ្នកគាំទ្រ​ឲ្យ​ស្រែក​លើក​ទឹក​ចិត្ត​កីឡាករ។ មុន​ពេល​គាត់​មាន​ជម្ងឺ​ចុះ​ខ្សោយ​សុខ​ភាព​ជា​លំដាប់ គាត់​មាន​កម្ពស់​ជិត​២​ម៉ែត្រ ហើយមាន​ទម្ងន់​១៣០​គីឡូក្រាម។ គាត់​បាន​នាំ​ហ្វូង​មនុស្ស​ឲ្យ​ស្រែក​ហូរ ដើម្បី​គាំ​ទ្រ​ក្រុម​កីឡាករ ដែល​មាន​អាវ​ពណ៌​ខៀវ ហើយពួក​គេ​បាន​បោះ​ស្ករ​គ្រាប់ បង្កើត​ឲ្យ​មាន​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ ដែល​នាំ​ឲ្យ​គេ​ហៅ​គាត់​ថា “បុរស​ពណ៌​ខៀវ​មាឌ​ធំ”។

ប៉ុន្តែ កេរ្តិ៍​ឈ្មោះ​របស់​លោក​ថេដ ក្នុង​សហគមន៍​របស់​គាត់ គឺ​មិន​គ្រាន់​តែ​ដោយសារ​គាត់​ពូកែ​ដឹក​នាំ​ការ​គាំទ្រ​ប៉ុណ្ណោះ​ទេ។ ហើយ​ក៏​មិន​មែន​ដោយ​សារ​គាត់​ញៀន​ស្រា កាល​ពី​ក្មេង​នោះ​ឡើយ។ ប៉ុន្តែ គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ គឺ​ដោយ​សារ​គាត់​មាន​ក្តីស្រឡាញ់ ចំពោះ​ព្រះ និង​ក្រុម​គ្រួសារ និង​ដោយ​សារ​ភាព​សប្បុរស​របស់​គាត់។  ក្នុង​កម្ម​វិធី​បុណ្ស​សព ដែល​បាន​រំឭក​អំពី​ការស់នៅ​របស់​គាត់ គេ​បាន​ឡើង​ធ្វើ​បន្ទាល់​ម្តង​ម្នាក់​ៗ អំពី​ចរិយា​សម្បត្តិ​ដ៏​លេច​ធ្លោ​របស់​គាត់ ដែល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​រំដោះ​ឲ្យ​រួច​ពី​ភាព​ងងឹត ដោយ​អំណាច​របស់​ព្រះ​យេស៊ូវ តាម​រយៈ​ដំណឹង​ល្អ។

ក្នុង​បទ​គម្ពីរ អេភេសូរ ៥:៨ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា កាល​ពី​មុន ពួក​គេ​ងងឹត ប៉ុន្តែ ឥឡូវ​នេះ​ពួក​គេ​បាន​ភ្លឺ​ក្នុងព្រះ​អម្ចាស់ ដូច​នេះ ពួក​គេ​ត្រូវ​ដើរ​ដូច​មនុស្ស​ភ្លឺ​វិញ។ នេះ​ជា​ការ​ត្រាស់​ហៅ សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​ជឿ​ព្រះ​យេស៊ូវ។ មនុស្ស​ភ្លឺ​មាន​ប្រយោជន៍​ជា​ច្រើន សម្រាប់​ជួយ​បំភ្លឺ​លោកិយ​ដ៏​ងងឹត​នេះ។​ “សេចក្តី​ងងឹត​ដែល​គ្មាន​ផល​ផ្លែ” ត្រូវ​តែ​ជៀស​វាង(មើល ខ.៣-៤,១១)។ មនុស្ស​នៅ​ក្នុង​សហគមន៍ និង​ពិភព​លោក​របស់​យើង ត្រូវ​ការ​ស្មរ​បន្ទាល់​ប្រកប​ដោយ​ប្រាជ្ញា និង​មាន​លក្ខណៈ​ខុស​ពី​លោកិយ ដែល​បាន​ទទួល​ពន្លឺ​ពី​ព្រះ​យេស៊ូវ(ខ.១៤)។ តើ​ខុស​ពី​លោកិយ​យ៉ាង​ណា​ខ្លះ? គឺ​ខុស​ដូច​ពន្លឺ និង​ភាព​ងងឹត។—Arthur Jackson