ក្នុងកម្មវិធីប្រកួតកីឡាវិទ្យាល័យ លោកថេដ(Ted) គឺអ្នកដឹកនំាការគាំទ្រ ដែលមាឌធំជាងគេ និងស្រែកឮជាងគេ ដើម្បីនាំអ្នកគាំទ្រឲ្យស្រែកលើកទឹកចិត្តកីឡាករ។ មុនពេលគាត់មានជម្ងឺចុះខ្សោយសុខភាពជាលំដាប់ គាត់មានកម្ពស់ជិត២ម៉ែត្រ ហើយមានទម្ងន់១៣០គីឡូក្រាម។ គាត់បាននាំហ្វូងមនុស្សឲ្យស្រែកហូរ ដើម្បីគាំទ្រក្រុមកីឡាករ ដែលមានអាវពណ៌ខៀវ ហើយពួកគេបានបោះស្ករគ្រាប់ បង្កើតឲ្យមានទិដ្ឋភាពដ៏អស្ចារ្យ ដែលនាំឲ្យគេហៅគាត់ថា “បុរសពណ៌ខៀវមាឌធំ”។
ប៉ុន្តែ កេរ្តិ៍ឈ្មោះរបស់លោកថេដ ក្នុងសហគមន៍របស់គាត់ គឺមិនគ្រាន់តែដោយសារគាត់ពូកែដឹកនាំការគាំទ្រប៉ុណ្ណោះទេ។ ហើយក៏មិនមែនដោយសារគាត់ញៀនស្រា កាលពីក្មេងនោះឡើយ។ ប៉ុន្តែ គាត់មានកេរ្តិ៍ឈ្មោះល្អ គឺដោយសារគាត់មានក្តីស្រឡាញ់ ចំពោះព្រះ និងក្រុមគ្រួសារ និងដោយសារភាពសប្បុរសរបស់គាត់។ ក្នុងកម្មវិធីបុណ្សសព ដែលបានរំឭកអំពីការស់នៅរបស់គាត់ គេបានឡើងធ្វើបន្ទាល់ម្តងម្នាក់ៗ អំពីចរិយាសម្បត្តិដ៏លេចធ្លោរបស់គាត់ ដែលមានលក្ខណៈដូចព្រះគ្រីស្ទ បន្ទាប់ពីគាត់បានទទួលការរំដោះឲ្យរួចពីភាពងងឹត ដោយអំណាចរបស់ព្រះយេស៊ូវ តាមរយៈដំណឹងល្អ។
ក្នុងបទគម្ពីរ អេភេសូរ ៥:៨ សាវ័កប៉ុលបានរំឭកអ្នកជឿទាំងឡាយថា កាលពីមុន ពួកគេងងឹត ប៉ុន្តែ ឥឡូវនេះពួកគេបានភ្លឺក្នុងព្រះអម្ចាស់ ដូចនេះ ពួកគេត្រូវដើរដូចមនុស្សភ្លឺវិញ។ នេះជាការត្រាស់ហៅ សម្រាប់មនុស្សគ្រប់គ្នា ដែលជឿព្រះយេស៊ូវ។ មនុស្សភ្លឺមានប្រយោជន៍ជាច្រើន សម្រាប់ជួយបំភ្លឺលោកិយដ៏ងងឹតនេះ។ “សេចក្តីងងឹតដែលគ្មានផលផ្លែ” ត្រូវតែជៀសវាង(មើល ខ.៣-៤,១១)។ មនុស្សនៅក្នុងសហគមន៍ និងពិភពលោករបស់យើង ត្រូវការស្មរបន្ទាល់ប្រកបដោយប្រាជ្ញា និងមានលក្ខណៈខុសពីលោកិយ ដែលបានទទួលពន្លឺពីព្រះយេស៊ូវ(ខ.១៤)។ តើខុសពីលោកិយយ៉ាងណាខ្លះ? គឺខុសដូចពន្លឺ និងភាពងងឹត។—Arthur Jackson