មានពេលមួយ លោកគ្រូគង្វាលវ័យក្មេងម្នាក់ បានទៅហាងលក់ទូរស័ព្ទ ហើយគាត់បានត្រៀមខ្លួនជាស្រេចដើម្បីទទួលដំណឹងអាក្រក់ពីអ្នកលក់។ ទូរស័ព្ទស្មាតហ្វូនរបស់គាត់បានខូច ដោយសារវាបានធ្លាក់ ក្នុងអំឡុងម៉ោងរៀនព្រះគម្ពីរ ដែលខ្ញុំបានចូលរួម កាលពីពេលកន្លងទៅ។ តើគាត់បានបាត់បង់អ្វីៗទាំងអស់ ក្នុងទូរស័ព្ទនោះហើយ មែនទេ? ទេ អ្នកលក់ទូរស័ព្ទបានជួយចម្លងទិន្នន័យក្នុងទូរស័ព្ទគាត់ ដែលរាប់បញ្ចូលទាំងព្រះគម្ពីរជាវីដេអូ និងរូបថតជាច្រើនទុកឲ្យគាត់។ អ្នកលក់ថែមទំាងបានជួយស្រោចស្រង់រូបថតនីមួយៗ ដែលគាត់បានលុបចោលទៀងផង។ ហាងលក់ទូរស័ព្ទនោះក៏បានជំនួសទូរស័ព្ទដែលបានខូចនោះ ដោយទូរស័ព្ទថ្មីមួយគ្រឿង។ គាត់ថា គាត់រកបានអ្វីដែលគាត់បានបាត់បង់ និងរកបានអ្វីដែលលើសនោះទៀត។
ស្តេចដាវីឌធ្លាប់បានដឹកនំាបេសកកម្មស្រោចស្រង់ បន្ទាប់ពីបានទទួលរងការវាយប្រហារពីសាសន៍អាម៉ាលេក។ ពួកអ្នកដឹកនាំសាសន៍ភីលីស្ទីនមានការស្អប់ខ្ពើមចំពោះស្តេចដាវីឌ។ ស្តេចដាវីឌ និងកងទ័ពរបស់ទ្រង់ ក៏បានដឹងថា ពួកសាសន៍អាម៉ាលេកបានវាយលុកចូល និងដុតទីក្រុងស៊ីកឡាក់ចោល ហើយក៏បានចាប់ពួកស្រីៗ និងមនុស្សទំាងអស់ធ្វើជាឈ្លើយសឹក ដោយរាប់បញ្ចូលទាំងប្រពន្ធកូនរបស់ទ័ពទ្រង់ផងដែរ(១សាំយ៉ូអែល ៣០:២-៣)។ ដូចនេះ ស្តេចដាវីឌ និងកងទ័ពទ្រង់ក៏បានឡើងសម្លេងយំជាខ្លាំង ដរាបដល់គ្មានកំឡាំងនឹងយំទៀត(ខ.៤)។ ពួកទ័ពទ្រង់មានចិត្តល្វីងជូរចត់ចំពោះស្តេចដាវីឌ ដែលជាអ្នកដឹកនាំរបស់ពួកគេជាខ្លាំងណាស់ បានជាពួកគេគិតចង់ “ចោលទ្រង់នឹងថ្ម”(ខ.៦)។
ប៉ុន្តែ ស្តេចដាវីឌក៏បានរកឃើញកម្លាំង ក្នុងព្រះអម្ចាស់(ខ.៦)។ ស្តេចដាវីឌក៏បានដេញតាមពួកអាម៉ាលេក ហើយក៏បាន “ចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ …ឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូចឬធំ កូនប្រុស កូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ”(ខ.១៨-១៩)។ ខណៈពេលដែលយើងទទួលរងការវាយប្រហារខាងវិញ្ញាណ ដែល “ឆក់យក” ក្តីសង្ឃឹមចេញពីយើង នោះចូរយើងស្វែងរកកម្លាំងជាថ្មី ក្នុងព្រះ។ ព្រះអង្គនឹងគង់នៅជាមួយយើង ក្នុងបញ្ហាប្រឈមនីមួយៗនៃជីវិត។—Patricia Raybon