មាន​ពេល​មួយ លោក​គ្រូ​គង្វាល​វ័យ​ក្មេង​ម្នាក់ បាន​ទៅ​ហាង​លក់​ទូរស័ព្ទ ហើយ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួលដំណឹង​អាក្រក់​ពី​អ្នក​លក់។ ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​គាត់​បាន​ខូច ដោយ​សារ​វា​បាន​ធ្លាក់ ក្នុង​អំឡុង​ម៉ោង​រៀន​ព្រះ​គម្ពីរ ដែល​ខ្ញុំបាន​ចូល​រួម កាល​ពី​ពេល​កន្លង​ទៅ។ តើ​គាត់​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់ ក្នុង​ទូរស័ព្ទ​នោះ​ហើយ​ មែន​ទេ?​ ទេ អ្នក​លក់​ទូរស័ព្ទបាន​ជួយ​ចម្លង​ទិន្ន​ន័យ​ក្នុង​ទូរស័ព្ទ​គាត់ ដែល​រាប់​បញ្ចូល​ទាំង​ព្រះ​គម្ពីរ​ជា​វីដេអូ និង​រូប​ថត​ជា​ច្រើន​ទុក​ឲ្យ​គាត់។ អ្នក​លក់​ថែម​ទំាង​បាន​ជួយ​ស្រោច​ស្រង់​រូប​ថត​នីមួយ​ៗ ដែល​គាត់​បាន​លុបចោល​ទៀង​ផង។ ហាង​លក់​ទូរស័ព្ទ​នោះ​ក៏​បាន​ជំនួស​ទូរស័ព្ទ​ដែល​បាន​ខូច​នោះ ដោយ​ទូរស័ព្ទ​ថ្មី​មួយ​គ្រឿង។ គាត់​ថា គាត់​រក​បាន​អ្វី​ដែល​គាត់​បាន​បាត់​បង់ និង​រក​បាន​អ្វី​ដែល​លើស​នោះ​ទៀត។

ស្តេច​ដាវីឌ​ធ្លាប់​បាន​ដឹក​នំា​បេសក​កម្ម​ស្រោច​ស្រង់ បន្ទាប់​ពី​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សាសន៍​អាម៉ាលេក។ ពួក​អ្នកដឹក​នាំ​សាសន៍​ភីលីស្ទីន​មាន​ការ​ស្អប់​ខ្ពើម​ចំពោះ​ស្តេច​ដាវីឌ។ ស្តេច​ដាវីឌ និង​កង​ទ័ព​របស់​ទ្រង់ ក៏​បាន​ដឹង​ថា ពួក​សាសន៍​អាម៉ាលេក​បាន​វាយ​លុក​ចូល និង​ដុត​ទីក្រុង​ស៊ីកឡាក់​ចោល ហើយ​ក៏​បាន​ចាប់​ពួក​ស្រី​ៗ និង​មនុស្ស​ទំាង​អស់​ធ្វើ​ជា​ឈ្លើយ​សឹក ដោយ​រាប់​បញ្ចូល​ទាំង​ប្រពន្ធ​កូន​របស់​ទ័ព​ទ្រង់​ផង​ដែរ​(១សាំយ៉ូអែល ៣០:២-៣)។ ដូច​នេះ ស្តេច​ដាវីឌ និង​កង​ទ័ព​ទ្រង់​ក៏​បានឡើង​សម្លេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត(ខ.៤)។ ពួក​ទ័ព​ទ្រង់​មាន​ចិត្ត​ល្វីង​ជូរ​ចត់​ចំពោះ​ស្តេច​ដាវីឌ ដែល​ជាអ្នក​ដឹក​នាំ​របស់​ពួក​គេ​ជា​ខ្លាំង​ណាស់ បាន​ជាពួក​គេ​គិត​ចង់ “ចោល​ទ្រង់​នឹង​ថ្ម”(ខ.៦)។

ប៉ុន្តែ ស្តេច​ដាវីឌ​ក៏​បាន​រក​ឃើញ​កម្លាំង ក្នុង​ព្រះ​អម្ចាស់​(ខ.៦)។ ស្តេច​ដាវីឌ​ក៏​បាន​ដេញ​តាម​ពួក​អាម៉ាលេក ហើយក៏​បាន “​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ាលេក​បាន​ប្លន់​យក​ទៅ​នោះ …ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ គ្មាន​ខ្វះ​អ្វី​សោះ ទោះ​តូច​ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ណា​ក្តី ដាវីឌ​បាន​នាំ​យក​ទាំង​អស់​មក​វិញ”(ខ.១៨-១៩)។ ខណៈ​ពេល​ដែលយើង​ទទួល​រង​ការ​វាយ​ប្រហារ​ខាង​វិញ្ញាណ ដែល “ឆក់​យក” ក្តី​សង្ឃឹម​ចេញ​ពី​យើង នោះ​ចូរ​យើង​ស្វែង​រក​កម្លាំង​ជា​ថ្មី ក្នុង​ព្រះ​។ ព្រះអង្គ​នឹង​គង់​នៅ​ជា​មួយ​យើង ក្នុង​បញ្ហា​ប្រឈម​នីមួយ​ៗ​នៃ​ជីវិត។—Patricia Raybon