ថ្ងៃមួយ អ្នកព្យាករណ៍ឧតុនិយមបានប្រកាស់អំពីខ្យល់ព្យុះ ដែលនឹងបក់បោកមក។ ខ្យល់ព្យុះរដូវរងាកាន់តែមានភាពធ្ងន់ធ្ងរឡើង យ៉ាងចាប់រហ័ស ខណៈពេលដែលសម្ពាធអាកាសមានការធ្លាក់ចុះ។ នៅពេលយប់ អាកាសធាតុត្រជាក់ខ្លាំង ធ្វើឲ្យអ្នកដំណើរស្ទើរតែមិនអាចមើលឃើញផ្លូវឆ្ពោះទៅរកអាកាសយាន្តដ្ឋាន ដេនវើរ។ ប៉ុន្តែ ពេលដែលកូនស្រីរបស់ខ្ញុំត្រូវជិះយន្តហោះមកលេងខ្ញុំ ខ្ញុំត្រូវតែបើកបរទៅទទួលនាង នៅអាកាសយាន្តដ្ឋាន។ ខ្ញុំក៏ដាក់ខោអាវក្រាស់ៗ និងទឹកក្នុងឡាន ជាបន្ថែមទៀត(ទុកបង្ការ ក្រែងលោ ខ្ញុំត្រូវស្ទះចរាចរណ៍នៅតាមផ្លូវ) រួចក៏បានបើកបរយឺតៗ ទាំងអធិស្ឋានជាប់ជានិច្ច ដោយភ្នែក ខំមើលផ្លូវ ដែលភ្លើងហ្វាឡានរបស់ខ្ញុំបានបញ្ចាំងខាងមុខ។ ហើយខ្ញុំក៏បានទៅដល់អាកាសយាន្តដ្ឋាន ដែលជាអ្វីដែលខ្ញុំស្ទើរតែមិនអាចធ្វើទៅបាន។
ព្រះយេស៊ូវធ្លាប់មានបន្ទូល អំពីខ្យល់ព្យុះ ដែលកំពុងតែបក់បោកមក ដែលក្នុងនោះ ខ្យល់ព្យុះទីមួយ គឺរាប់បញ្ចូលការសុគតរបស់ព្រះអង្គ(យ៉ូហាន ១២:៣១-៣៣) ហើយខ្យល់ព្យុះមួយទៀត គឺបញ្ហាប្រឈមដែលអ្នកជឿទ្រង់ នឹងជួប ដែលនាំឲ្យពួកគេសម្រេចចិត្តថា នឹងនៅតែបន្តមានចិត្តស្មោះត្រង់ និងបម្រើទ្រង់ទៀតឬយ៉ាងណា(ខ.២៦)។ ភាពងងឹតជិតមកដល់ ពួកគេស្ទើរតែមិនអាចមើលយល់អ្វី ដែលនៅចំពោះមុខ។ ដូចនេះ តើព្រះយេស៊ូវបានប្រាប់ពួកគេឲ្យធ្វើអ្វី? គឺព្រះអង្គមានបន្ទូលបង្គាប់ថា “ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ”(យ៉ូហាន ១២:៣៦)។
គឺមានតែការជឿដល់ពន្លឺទេ ដែលនាំឲ្យពួកគេអាចបន្តដំណើរទៅមុខ ដោយភាពស្មោះត្រង់ទៀត។
ព្រះយេស៊ូវអាចគង់នៅជាមួយពួកគេ តែបន្តិចទៀតប៉ុណ្ណោះ។ ប៉ុន្តែ អ្នកជឿព្រះអង្គមានព្រះវិញ្ញាណព្រះអង្គ ធ្វើជាអ្នកនាំ និងបំភ្លឺផ្លូវយើង។ យើងក៏នឹងជួបពេលដ៏ងងឹត ដែលយើងស្ទើរតែមិនអាចមើលឃើញផ្លូវ នៅខាងមុខ។ ប៉ុន្តែ យើងអាចបន្តដំណើរទៅមុខទៀត ដោយការទុកចិត្តលើព្រះ ដែលជាពន្លឺ។—John Blasé