ថ្ងៃ​មួយ អ្នក​ព្យាករណ៍​ឧតុ​និយម​បាន​ប្រកាស់​អំពី​ខ្យល់​ព្យុះ​ ដែល​នឹង​បក់​បោក​មក។ ខ្យល់​ព្យុះ​រដូវ​រងា​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរឡើង យ៉ាង​ចាប់​រហ័ស ខណៈ​ពេល​ដែល​សម្ពាធ​អាកាស​មាន​ការ​ធ្លាក់​ចុះ។ នៅ​ពេល​យប់ អាកាស​ធាតុ​ត្រជាក់​ខ្លាំង ធ្វើ​ឲ្យ​អ្នកដំណើរ​ស្ទើរ​តែ​មិន​អាច​មើល​ឃើញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​អាកាស​យាន្ត​ដ្ឋាន ដេនវើរ។ ប៉ុន្តែ ពេល​ដែល​កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​ជិះ​យន្តហោះ​មក​លេង​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បើក​បរ​ទៅ​ទទួល​នាង នៅ​អាកាស​យាន្ត​ដ្ឋាន។ ខ្ញុំ​ក៏​ដាក់​ខោអាវ​ក្រាស់​ៗ និង​ទឹក​ក្នុង​ឡាន ជា​បន្ថែម​ទៀត​(ទុក​បង្ការ ក្រែង​លោ ខ្ញុំ​ត្រូវ​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ) រួច​ក៏​បាន​បើក​បរ​យឺត​ៗ ទាំង​អធិស្ឋាន​ជាប់​ជា​និច្ច ដោយ​ភ្នែក​ ខំមើល​ផ្លូវ ដែល​ភ្លើង​ហ្វា​ឡាន​របស់​ខ្ញុំ​បាន​បញ្ចាំង​ខាង​មុខ។  ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ដល់​អាកាស​យាន្ត​ដ្ឋាន ដែល​ជា​អ្វី​ដែល​ខ្ញុំ​ស្ទើរតែ​មិន​អាច​ធ្វើ​ទៅ​បាន។

ព្រះ​យេស៊ូវ​ធ្លាប់​មាន​បន្ទូល អំពី​ខ្យល់​ព្យុះ ដែល​កំពុង​តែ​បក់​បោក​មក ដែល​ក្នុង​នោះ ខ្យល់​ព្យុះ​ទីមួយ គឺ​រាប់​បញ្ចូល​ការ​សុគត​របស់​ព្រះ​អង្គ(យ៉ូហាន ១២:៣១-៣៣) ហើយ​ខ្យល់​ព្យុះ​មួយ​ទៀត គឺ​បញ្ហា​ប្រឈម​ដែល​អ្នក​ជឿ​ទ្រង់ នឹង​ជួប ដែល​នាំ​ឲ្យ​ពួក​គេសម្រេច​ចិត្ត​ថា នឹង​នៅ​តែ​បន្ត​មាន​ចិត្ត​ស្មោះ​ត្រង់ និង​បម្រើ​ទ្រង់​ទៀត​ឬ​យ៉ាង​ណា​(ខ.២៦)។ ភាព​ងងឹត​ជិត​មក​ដល់ ពួក​គេ​ស្ទើរតែ​មិន​អាច​មើល​យល់​អ្វី ដែល​នៅ​ចំពោះ​មុខ។ ដូច​នេះ តើ​ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​អ្វី? គឺ​ព្រះ​អង្គ​មាន​បន្ទូល​បង្គាប់​ថា “ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ”(យ៉ូហាន ១២:៣៦)។

គឺ​មាន​តែ​ការ​ជឿ​ដល់​ពន្លឺ​ទេ ដែល​នាំ​ឲ្យ​ពួក​គេ​អាច​បន្តដំណើរ​ទៅ​មុខ ដោយ​ភាព​ស្មោះ​ត្រង់​ទៀត។

ព្រះ​យេស៊ូវ​អាច​គង់​នៅ​ជា​មួយ​ពួក​គេ តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។​ ប៉ុន្តែ អ្នក​ជឿ​ព្រះ​អង្គ​មាន​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ធ្វើ​ជា​អ្នក​នាំ និងបំភ្លឺ​ផ្លូវ​យើង។ យើង​ក៏​នឹង​ជួប​ពេល​ដ៏​ងងឹត ដែល​យើង​ស្ទើរ​តែ​មិន​អាច​មើល​ឃើញ​ផ្លូវ នៅ​ខាង​មុខ។ ប៉ុន្តែ យើង​អាច​បន្ត​ដំណើរទៅ​មុខ​ទៀត ដោយ​ការ​ទុក​ចិត្ត​លើ​ព្រះ ដែល​ជា​ពន្លឺ។—John Blasé