មានកម្មករមួយក្រុម កំពុងកាត់ទឹកកក នៅក្នុងបឹងមួយ ដែលកក ក្នុងរដូវរងា ហើយក៏បានយកទឹកកកនោះ ទៅរក្សាទុក ក្នុងឃ្លាំងទឹកកក។ ពេលនោះ ក្នុងចំណោមពួកគេមានម្នាក់ដឹងខ្លួនថា បានបាត់នាឡិការ ក្នុងអគារដែលគ្មានបង្អួចនោះ។ គាត់ និងមិត្តភក្តិគាត់ ក៏បានខិតខំស្វែងរក តែរកមិនឃើញ។
បន្ទាប់ពីពួកគេបោះបង់ការព្យាយាម ក្មេងប្រុសម្នាក់ ដែលបានឃើញពួកគេដើរចេញ ក៏បានចូលទៅក្នុងអគារនោះ។ មិនយូរប៉ុន្មាន វាក៏បានដើរចេញមកក្រៅវិញ ដោយមានកាន់នាឡិកានោះ។ គេក៏បានសួរវាថា តើវាបានរកឃើញនាឡិកានោះ ដោយរបៀបណា? វាក៏បានឆ្លើយថា វាគ្រាន់តែអង្គុយចុះ ហើយរក្សាភាពស្ងៀមស្ងាត់ ហើយមិនយូរប៉ុន្មានវាក៏បានឮសម្លេងនាឡិកាដើរតឹកៗ។
ព្រះគម្ពីរបានចែងជាញឹកញាប់ អំពីតម្លៃនៃការនៅស្ងៀម។ ហេតុនេះហើយបានជា នៅពេលខ្លះ ព្រះទ្រង់មានបន្ទូល ដោយសម្លេងតូចរហៀងៗ(១ពង្សាវតាក្សត្រ ១៩:១២)។ ក្នុងភាពមមាញឹកនៃជីវិត យើងអាចពិបាកស្តាប់ព្រះអង្គ។ ប៉ុន្តែ បើយើងមិនប្រញាប់ប្រញាល់ ហើយងាកមកចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ និងព្រះគម្ពីរ នោះយើងអាចស្តាប់ឮសម្លេងដ៏ស្រទន់របស់ព្រះអង្គ ក្នុងចិត្តគំនិតរបស់យើង។
បទគម្ពីរទំនុកដំកើង ៣៧:១-៧ បានធានាយើងថា យើងអាចទុកចិត្តថា ព្រះទ្រង់នឹងសង្រ្គោះយើង ឲ្យរួចពី “ផែនការអាក្រក់” របស់មនុស្សអាក្រក់ និងប្រទានកន្លែងជ្រកកោន ហើយជួយយើងឲ្យនៅតែបន្តមានចិត្តស្មោះត្រង់។ ប៉ុន្តែ តើយើងអាចទុកចិត្តព្រះអង្គដោយរបៀបណា នៅពេលដែលយើងស្ថិតក្នុងភាពវឹកវរ?
ខ.៧ ចែងថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ”។ យើងអាចចាប់ផ្តើម ដោយរៀនរក្សាភាពស្ងៀមស្ងាត់ ពីរបីនាទី បន្ទាប់ពីយើងអធិស្ឋានហើយ។ ឬដោយអានព្រះគម្ពីរយ៉ាងស្ងាត់ស្ងៀម ហើយអនុញ្ញាតឲ្យព្រះបន្ទូលទ្រង់ជ្រួតជ្រាបក្នុងចិត្តយើង។ ហើយបន្ទាប់មក យើងប្រហែលជាអាចស្តាប់ឮព្រះបន្ទូលនៃប្រាជ្ញារបស់ព្រះអង្គ បន្លឺសម្លេងមកកាន់យើង ដោយសម្លេងស្ងាត់ស្ងៀម ឥតដាច់ ដូចសម្លេងទ្រនិចនាឡិកា ដែលកំពុងតែដើរ។—Leslie Koh