មាន​កម្មករ​មួយ​ក្រុម កំពុង​កាត់​ទឹក​កក នៅ​ក្នុង​បឹង​មួយ ដែល​កក ក្នុង​រដូវ​រងា ហើយ​ក៏​បាន​យក​ទឹកកក​នោះ ទៅ​រក្សា​ទុក ក្នុងឃ្លាំង​ទឹកកក។ ពេល​នោះ ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ដឹង​ខ្លួន​ថា បាន​បាត់​នាឡិការ ក្នុង​អគារ​ដែល​គ្មាន​បង្អួច​នោះ។​ គាត់ និង​មិត្ត​ភក្តិ​គាត់ ក៏​បាន​ខិត​ខំ​ស្វែង​រក តែ​រក​មិន​ឃើញ។

បន្ទាប់​ពី​ពួក​គេ​បោះ​បង់​ការ​ព្យាយាម ក្មេង​ប្រុស​ម្នាក់ ដែល​បាន​ឃើញ​ពួក​គេ​ដើរ​ចេញ ក៏​បាន​ចូល​ទៅ​ក្នុង​អគារ​នោះ។ មិន​យូរប៉ុន្មាន វា​ក៏​បាន​ដើរ​ចេញ​មក​ក្រៅវិញ ដោយ​មាន​កាន់​នាឡិកានោះ។ គេ​ក៏​បាន​សួរ​វា​ថា តើ​វា​បាន​រក​ឃើញ​នាឡិកានោះ ដោយ​របៀប​ណា? វា​ក៏​បាន​ឆ្លើយ​ថា វា​គ្រាន់​តែ​អង្គុយ​ចុះ ហើយ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ហើយ​មិន​យូរ​ប៉ុន្មាន​វា​ក៏​បាន​ឮ​សម្លេង​នាឡិកាដើរ​តឹក​ៗ។

ព្រះ​គម្ពីរ​បាន​ចែង​ជា​ញឹក​ញាប់ អំពី​តម្លៃ​នៃ​ការ​នៅ​ស្ងៀម។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ខ្លះ ​ព្រះ​ទ្រង់​មាន​បន្ទូល ដោយ​សម្លេង​តូច​រហៀង​ៗ​(១ពង្សាវតាក្សត្រ ១៩:១២)។ ក្នុង​ភាព​មមា​ញឹក​នៃ​ជីវិត យើង​អាច​ពិបាក​ស្តាប់​ព្រះ​អង្គ។ ប៉ុន្តែ បើ​យើង​មិន​ប្រញាប់​ប្រញាល់ ហើយ​ងាក​មក​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ​អង្គ និង​ព្រះ​គម្ពីរ នោះ​យើង​អាច​ស្តាប់​ឮ​សម្លេង​ដ៏ស្រទន់​របស់​ព្រះ​អង្គ ក្នុង​ចិត្ត​គំនិត​របស់​យើង។

បទ​គម្ពីរ​ទំនុក​ដំកើង ៣៧:១-៧ បាន​ធានា​យើង​ថា យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​សង្រ្គោះ​យើង ឲ្យ​រួច​ពី “ផែន​ការ​អាក្រក់” របស់​មនុស្ស​អាក្រក់ និង​ប្រទាន​កន្លែង​ជ្រក​កោន ហើយ​ជួយ​យើង​ឲ្យ​នៅ​តែ​បន្ត​មាន​ចិត្ត​ស្មោះ​ត្រង់។ ប៉ុន្តែ តើ​យើងអាច​ទុក​ចិត្ត​ព្រះ​អង្គ​ដោយ​របៀប​ណា នៅ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ភាព​វឹក​វរ?

ខ.៧ ចែង​ថា “ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់​ចាំ​ទ្រង់​ចុះ”។ យើង​អាច​ចាប់​ផ្តើម ដោយ​រៀន​រក្សា​ភាព​ស្ងៀម​ស្ងាត់ ពីរ​បី​នាទី បន្ទាប់​ពី​យើង​អធិស្ឋាន​ហើយ។ ឬ​ដោយ​អាន​ព្រះ​គម្ពីរ​យ៉ាង​ស្ងាត់​ស្ងៀម ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ទ្រង់​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​យើង។ ហើយ​បន្ទាប់​មក យើង​ប្រហែល​ជា​អាច​ស្តាប់​ឮ​ព្រះ​បន្ទូល​នៃ​ប្រាជ្ញា​របស់​ព្រះ​អង្គ បន្លឺ​សម្លេង​មក​កាន់​យើង ដោយ​សម្លេង​ស្ងាត់​ស្ងៀម ឥត​ដាច់ ដូច​សម្លេង​ទ្រនិច​នាឡិកា ដែល​កំពុង​តែ​ដើរ។—Leslie Koh