មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះសារុន(Sharon) បានលាចាកលោក មុនមែលីសា(Melissa) ១ឆ្នាំ ដែលមែលីសាជាកូនស្រីរបស់លោកដេវ(Dave) ។ អ្នកទាំងពីរសុទ្ធតែបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ នៅពេលយប់មួយនោះ ខ្ញុំបានយល់សប្តិឃើញសារុន និងមែលីសា ជជែកគ្នា ដោយសម្លេងសើចក្អឹកៗ ខណៈពេលដែលពួកគេកំពុងតែចងព្យួររំយោល ក្នុងសាលជប់លៀងធំមួយ ដោយមិនបានចាប់អារម្មណ៍នឹងខ្ញុំ ដែលកំពុងតែបោះជំហានចូលទៅក្នុងបន្ទប់នោះ។ ខ្ញុំក៏បានឃើញតុវែងមួយ មានកម្រាលតុពណ៌ស និងមានចាន និងពែងពណ៌មាស តម្រៀបពីលើ។ ខ្ញុំសួរពួកគេ តើខ្ញុំអាចជួយតុបតែងបានទេ តែ ពួកគេហាក់ដូចជាស្តាប់ខ្ញុំមិនឮ ហើយក៏បានបន្តធ្វើការទៀត។
ប៉ុន្តែ បន្ទាប់មកសារ៉ុនក៏បាននិយាយថា “នេះជាពិធីជប់លៀង សម្រាប់មង្គលការរបស់មែលីសា”។
ខ្ញុំក៏សួរថា “តើកូនកំលោះជានរណា?”
អ្នកទាំងពីរមិនបានឆ្លើយតបទេ គឺគ្រាន់តែញញឹម ហើយមើលមុខគ្នា។
ពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ខ្ញុំក៏បាននឹកចាំ អំពីមង្គលការរបស់កូនចៀម និងកូនក្រមុំរបស់ទ្រង់ គឺនៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ។ កណ្ឌគម្ពីរវិវរណៈបានបកស្រាយថា ពិធីជប់លៀងនោះ “ជាពិធីភោជនីហារ នៃមង្គលការរបស់កូនចៀម(១៩:៩)។ លោកយ៉ូហានបាទីស្ទ បាននាំពួកបណ្តាជនរៀបចំខ្លួន សម្រាប់ការយាងមកលើកទីមួយនៃព្រះគ្រីស្ទ ដែលគាត់បានហៅព្រះអង្គថា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ គាត់ក៏បានហៅព្រះយេស៊ូវថា “កូនកំឡោះ” ហើយហៅខ្លួនគាត់ថា “មិត្តសំឡាញ់”របស់ទ្រង់ ដែលកំពុងរង់ចាំទ្រង់(៣:២៩)។
នៅថ្ងៃជប់លៀងដ៏ធំនោះ និងក្នុងពេលដ៏អស់កល្បជានិច្ច យើងនឹងបានអរសប្បាយនឹងការប្រកបស្និទ្ធស្នាលជាមួយព្រះយេស៊ូវ ដែលជាកូនកំឡោះ និងជាមួយសារ៉ុន និងមែលីសា ក៏ដូចជារាស្រ្តរបស់ព្រះទំាងអស់។—Anne Cetas