នៅចុងសតវត្សរ៍ទី១៧ ស្តេចវីលៀម អហ្វ អូរេញ(William of Orange) មានចេតនាធ្វើឲ្យទឹកដីរបស់ទ្រង់មួយភាគធំ ត្រូវទឹកជន់លិច។ ក្សត្រនៃប្រទេសហូឡង់អង្គនេះបានសម្រេចព្រះទ័យធ្វើនូវរឿងដែលគេមិននឹកស្មានដល់នេះ ដើម្បីបណ្តេញកងទ័ពអេស្ប៉ាញដែលកំពុងឈ្លានពានទឹកដីទ្រង់។ ទ្រង់មិនបានទទួលជោគជ័យឡើយ ហើយវាលស្រែដ៏ធំល្វឹងល្វើយត្រូវបានទឹកសមុទ្រជន់លិចអស់។ គេក៏បាននិយាយថា “ពេលទាល់ច្រក នាំឲ្យមនុស្សសម្រេចចិត្តប្រើដំណោះស្រាយបែបទាល់ច្រក”។
នៅសម័យហោរាអេសាយ ទីក្រុងយេរូសាឡិមបានសម្រចចិត្តប្រើដំណោះស្រាយបែបទាល់ច្រក ពេលដែលកងទ័ពរបស់សាសន៍អាស៊ើបានគម្រាមកំហែងមកលើពួកគេ។ ពួកគេបានបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹក ដើម្បីទប់ទល់នឹងការឡោមព័ទ្ធរបស់សត្រូវ ដោយប្រជាជនបានផ្តួលរំលំផ្ទះជាច្រើនខ្នង ដើម្បីជីកស្រះជាប់នឹងកំផែងក្រុង។ ពួកគេប្រហែលជាបានគិតដិតដល់ណាស់ មុនសម្រេចជ្រើសរើសយកផ្លូវមួយនេះ ប៉ុន្តែ ពួកគេបានភ្លេចជំហានដែលសំខាន់បំផុត។ គឺដូចដែលព្រះអម្ចាស់មានបន្ទូលថា “ឯងរាល់គ្នាបានជីកស្រះទឹក នៅកណ្តាលកំផែងទាំង២ សំរាប់ទឹករបស់ស្រះចាស់ ប៉ុន្តែឯងមិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬផ្អែកដល់ទ្រង់ដែលបានសំរេចការនេះជាយូរមកហើយ នោះទេ”(អេសាយ ២២:១១)។
យើងមិនទំនងជាមានសត្រូវ ដែលមកឡោមព័ទ្ធផ្ទះរបស់យើងឡើយ។ លោកអូស៊្វល ឆេមបឺ(Oswald Chambers) បានមានប្រសាសន៍ថា “ការវាយប្រហារតែងតែកើតមាន ជាធម្មតា និងតាមរយៈមនុស្សធម្មតា”។ ប៉ុន្តែ ការវាយប្រហារដូចនេះ គឺជាការគំរាមកំហែងពិតប្រាកដ។ តែអរគុណព្រះអង្គ ការវាយប្រហារនោះ គឺជាឱកាស សម្រាប់ឲ្យយើងងាកមករកព្រះអង្គជាទីមួយ ដើម្បីទូលសូមអ្វីដែលយើងត្រូវការ។
ពេលណាការរំខានក្នុងជីវិតកើតមានចំពោះយើង តើយើងនឹងប្រើវាជាឱកាស ដើម្បីងាកមករកព្រះឬទេ? ពុំនោះទេ តើយើងនឹងស្វែងរកដំណោះស្រាយ បែបទាល់ច្រក ដោយខ្លួនឯងឬ?—Tim Gustafson