កូនឆ្មាមួយក្បាលមានខ្លួនកខ្វក់ បានអង្គុយយ៉ាងសុភាព នៅលើកម្រាលឥដ្ឋ ហើយក៏បានមើលមុខខ្ញុំ ដោយភាពស្ងប់ស្ងាត់។ វារស់នៅជាមួយបងប្អូនបង្កើតរបស់វា ក្នុងចំណតឡាន នៅជាន់ក្រោមដីរបស់អគារ ដែលអតិថិជនរបស់ខ្ញុំធ្វើការ។ ខ្ញុំអាណិតពួកវាណាស់ បានជាខ្ញុំប្រគល់ចំណីឆ្មាឲ្យទៅសន្តិសុខម្នាក់ ដើម្បីឲ្យគាត់ដាក់ចំណីឲ្យពួកវា ជារៀងរាល់ថ្ងៃ ហើយប្រគល់ឲ្យគាត់បន្ថែមទៀត ពេលណាចំណីនោះអស់។
ប៉ុន្តែ ថ្ងៃមួយ សន្តិសុខម្នាក់នោះត្រូវបានគេចាត់តាំង ឲ្យទៅយាមនៅកន្លែងផ្សេង។ ខ្ញុំក៏បានអធិស្ឋានថា “ព្រះអង្គ កូនឆ្មាកំសត់ទាំងនេះ គឺជាសត្វដែលព្រះអង្គបានបង្កើត។ សូមព្រះអង្គប្រទានឲ្យមាននរណាម្នាក់ ដែលទូលបង្គំអាចពឹងឲ្យដាក់ចំណីឲ្យពួកវា”។ ប៉ុន្តែ ខ្ញុំក៏ឆ្ងល់ផងដែរថា តើការទូលសូមនេះ សំខាន់ចំពោះព្រះឬទេ? ជាការពិតណាស់ មានរឿងជាច្រើនដែលសំខាន់ជាងនេះ ដែលព្រះអង្គត្រូវជួយ។
សាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរភីលីព ៤:៦ ថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”។ យើងមានព្រះវរបិតា នៃសេចក្តីស្រឡាញ់ ដែលសព្វព្រះទ័យឲ្យយើងនាំការខ្វល់ខ្វាយគ្រប់យ៉ាង ថ្វាយដល់ព្រះអង្គ សូម្បីតែបញ្ហាដែលហាក់ដូចជាមិនសំខាន់ក៏ដោយ។
នៅពេលល្ងាចនោះ មានអ្នកបោសសម្អាតចាស់ទុំម្នាក់ ដែលបានធ្វើការក្នុងអគារនោះ អស់ជាច្រើនឆ្នាំ បានដើរមករកខ្ញុំ។ មុនពេលខ្ញុំនិយាយអំពីរឿងនេះ បុរសដ៏សប្បុរសម្នាក់នេះ ក៏បានប្រាប់ខ្ញុំថា ដោយសារសន្តិសុខមុន មិនធ្វើការនៅទីនេះទៀតទេ ដូចនេះ គាត់អាចដាក់ចំណីឲ្យសត្វឆ្មាទំាងនោះ ចាប់ពីពេលនេះទៅ។
ជាការពិតណាស់ គ្មានការអ្វីដែលពិបាកពេក ឬតូចតាចពេក ដែលយើងមិនអាចទូលថ្វាយដល់ព្រះនោះឡើយ។ រឿងអ្វីក៏ដោយដែលធ្វើឲ្យយើងខ្វល់ខ្វាយ គឺសុទ្ធតែសំខាន់ចំពោះព្រះអង្គ។ ចូរយើងថ្វាយបញ្ហាទំាងអស់ ដោយទុកចិត្តព្រះអង្គ។—Karen Huang