កូន​ឆ្មា​មួយ​ក្បាល​មាន​ខ្លួន​កខ្វក់ បាន​អង្គុយ​យ៉ាង​សុភាព នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ក៏​បាន​មើល​មុខ​ខ្ញុំ ដោយ​ភាព​ស្ងប់​ស្ងាត់។​ វា​រស់​នៅ​ជា​មួយ​បង​ប្អូន​បង្កើត​របស់​វា ក្នុង​ចំណត​ឡាន នៅ​ជាន់​ក្រោម​ដី​របស់​អគារ ដែល​អតិថិជន​របស់​ខ្ញុំ​ធ្វើ​ការ។ ខ្ញុំ​អាណិត​ពួក​វា​ណាស់ បាន​ជា​ខ្ញុំ​ប្រគល់​ចំណី​ឆ្មា​ឲ្យ​ទៅ​សន្តិ​សុខ​ម្នាក់ ដើម្បី​ឲ្យ​គាត់​ដាក់​ចំណីឲ្យ​ពួក​វា ជា​រៀង​រាល់​ថ្ងៃ ហើយ​ប្រគល់​ឲ្យគាត់​បន្ថែម​ទៀត ពេល​ណា​ចំណី​នោះ​អស់។

ប៉ុន្តែ ថ្ងៃ​មួយ សន្តិ​សុខ​ម្នាក់​នោះ​ត្រូវ​បាន​គេ​ចាត់​តាំង ឲ្យ​ទៅ​យាម​នៅ​កន្លែង​ផ្សេង។ ខ្ញុំ​ក៏​បានអ​ធិស្ឋាន​ថា “ព្រះ​អង្គ កូន​ឆ្មា​កំសត់​ទាំង​នេះ គឺ​ជា​សត្វ​ដែល​ព្រះ​អង្គ​បាន​បង្កើត។ សូម​ព្រះ​អង្គ​ប្រទាន​ឲ្យ​មាន​នរណា​ម្នាក់ ដែល​ទូល​បង្គំ​អាច​ពឹង​ឲ្យ​ដាក់​ចំណី​ឲ្យពួក​វា”។ ប៉ុន្តែ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ​ថា តើ​ការ​ទូល​សូម​នេះ សំខាន់​ចំពោះ​ព្រះ​ឬ​ទេ? ជា​ការ​ពិត​ណាស់ មាន​រឿង​ជា​ច្រើន​ដែលសំខាន់​ជាង​នេះ ដែល​ព្រះ​អង្គ​ត្រូវ​ជួយ។

សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ​ភីលីព ៤:៦ ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង”។ យើងមាន​ព្រះ​វរ​បិតា នៃ​សេចក្តី​ស្រឡាញ់ ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​នាំ​ការ​ខ្វល់​ខ្វាយ​គ្រប់​យ៉ាង ថ្វាយ​ដល់​ព្រះ​អង្គ សូម្បី​តែ​បញ្ហាដែល​ហាក់​ដូច​ជា​មិន​សំខាន់​ក៏​ដោយ។

នៅ​ពេល​ល្ងាច​នោះ មាន​អ្នក​បោស​សម្អាត​ចាស់​ទុំ​ម្នាក់ ដែល​បាន​ធ្វើ​ការ​ក្នុង​អគារ​នោះ អស់​ជា​ច្រើន​ឆ្នាំ បាន​ដើរ​មក​រក​ខ្ញុំ។ មុនពេល​ខ្ញុំ​និយាយ​អំពី​រឿង​នេះ បុរស​ដ៏​សប្បុរស​ម្នាក់​នេះ ក៏​បាន​ប្រាប់​ខ្ញុំ​ថា ដោយសារ​សន្តិ​សុខ​មុន មិន​ធ្វើ​ការ​នៅ​ទីនេះ​ទៀត​ទេ ដូចនេះ គាត់​អាច​ដាក់​ចំណី​ឲ្យ​សត្វ​ឆ្មា​ទំាង​នោះ ចាប់​ពី​ពេល​នេះ​ទៅ។​

ជា​ការ​ពិត​ណាស់​ គ្មាន​ការ​អ្វី​ដែល​ពិបាក​ពេក ឬ​តូច​តាច​ពេក ដែល​យើង​មិន​អាច​ទូល​ថ្វាយ​ដល់​ព្រះ​នោះ​ឡើយ។ រឿង​អ្វី​ក៏ដោយ​ដែល​ធ្វើ​ឲ្យ​យើង​ខ្វល់​ខ្វាយ គឺ​សុទ្ធ​តែ​សំខាន់​ចំពោះ​ព្រះ​អង្គ។ ចូរ​យើង​ថ្វាយ​បញ្ហា​ទំាង​អស់ ដោយ​ទុក​ចិត្ត​ព្រះ​អង្គ។—Karen Huang