លោកវររិន(Warren) បានផ្លាស់ទីលំនៅ ទៅទីក្រុងតូចមួយ ដើម្បីដឹកនំាព្រះវិហារមួយកន្លែង។ បន្ទាប់ពីការងាររបស់គាត់ បានជោគជ័យខ្លះៗពីដំបូង គាត់ក៏បានទទួលរងការបៀតបៀន ពីមនុស្សម្នាក់ ដែលរស់នៅទីនោះ។ អ្នកនោះបានប្រឌិតរឿង ដើម្បីចោទប្រកាន់លោកវររិនថា បានប្រព្រឹត្តអំពើស្មោកគ្រោក ហើយក៏បានយករឿងនេះទៅផ្សព្វផ្សាយ ក្នុងការសែតប្រចាំតំបន់ ហើយថែមទាំងបោះពុម្ភផ្សាយខិតប័ណ្ណ ស្តីអំពីការចោទប្រកាន់របស់ខ្លួន ហើយផ្ញើខិតប័ណ្ណទាំងនោះទៅកាន់ប្រអប់សំបុត្ររបស់ពលរដ្ឋក្នុងតំបន់នោះ។ លោកវររិន និងភរិយារបស់គាត់ក៏បានចាប់ផ្តើមអធិស្ឋានអស់ពីចិត្ត។ បើគេជឿការភូតកុហករបស់បុរសនោះ ជីវិតរបស់ពួកគេនឹងត្រូវក្រឡាប់ចក្រមិនខាន។
ស្តេចដាវីឌក៏ធ្លាប់ជួបប្រទះរឿងស្រដៀងនេះផងដែរ។ ទ្រង់បានទទួលរងការមួលបង្កាច់របស់ពួកខ្មាំងសត្រូវ។ ទ្រង់មានបន្ទូលថា “គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ”(ទំនុកដំកើង ៥៦:៥)។ ការវាយប្រហារឥតឈប់ឈរនេះ បាននាំឲ្យទ្រង់មានការភ័យខ្លាច និងទឹកភ្នែក(ខ.៨)។ ប៉ុន្តែ ក្នុងពេលសង្រ្គាមនោះ ទ្រង់ក៏បានអធិស្ឋានថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់… តើសាច់ឈាមនឹងអាចធ្វើអ្វីដល់ទូលបង្គំបាន?”(ខ.៣-៤)។
ការអធិស្ឋានរបស់ស្តេចដាវីឌ អាចធ្វើជាគំរូសម្រាប់យើង ក្នុងពេលសព្វថ្ងៃផងដែរ។ ពេលណាយើងមានការភ័យខ្លាច ក្នុងពេលដែលមានការគំរាមកំហែង ឬការចោទប្រកាន់ នោះយើងអាចងាកទៅរកព្រះ។ ចូរយើងទុកចិត្តព្រះ ដោយថ្វាយសង្រ្គាមរបស់យើង ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។ តើមនុស្សអាចធ្វើអ្វីមកលើយើងបាន? ចូរយើងប្រឈមមុខដាក់បញ្ហារបស់យើង ជាមួយព្រះអង្គ ដោយនឹកចាំថា អំណាចដែលទាស់ប្រឆាំងយើង មិនអាចប្រៀបផ្ទឹមនឹងអំណាចព្រះអង្គឡើយ។
បន្ទាប់ពីលោកវររិន និងភរិយាគាត់បានអធិស្ឋានអស់ពីចិត្ត កាសែតក្នុងតំបន់មិនបានយករឿងនោះមកចុះផ្សាយទេ ហើយខិតប័ណ្ណទាំងនោះក៏មិនត្រូវបានគេផ្ញើទៅពលរដ្ឋក្នុងតំបន់នោះដែរ។ តើអ្នកមានការភ័យខ្លាចចំពោះសង្រ្គាមអ្វី នៅថ្ងៃនេះ? ចូរនិយាយទៅកាន់ព្រះ។ ព្រះអង្គសព្វព្រះទ័យនឹងជម្នះការភ័យខ្លាចនោះ ជាមួយយើង។—Sheridan Voysey