លោក​វររិន(Warren) បាន​ផ្លាស់​ទីលំ​នៅ ទៅ​ទីក្រុង​តូច​មួយ ដើម្បី​ដឹក​នំា​ព្រះ​វិហារ​មួយ​កន្លែង។ បន្ទាប់​ពី​ការងារ​របស់​គាត់ បាន​ជោគ​ជ័យ​ខ្លះ​ៗ​ពី​ដំបូង គាត់​ក៏​បាន​ទទួល​រង​ការ​បៀត​បៀន ពី​មនុស្ស​ម្នាក់ ដែល​រស់​នៅ​ទីនោះ។ អ្នក​នោះ​បាន​ប្រឌិត​រឿង ដើម្បី​ចោទ​ប្រកាន់​លោក​វររិន​ថា បាន​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក ហើយ​ក៏​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វ​ផ្សាយ ក្នុង​ការសែត​ប្រចាំ​តំបន់ ហើយ​ថែម​ទាំ​ងបោះ​ពុម្ភ​ផ្សាយ​ខិត​ប័ណ្ណ ស្តី​អំពី​ការ​ចោទ​ប្រកាន់​របស់​ខ្លួន ហើយ​ផ្ញើ​ខិត​ប័ណ្ណ​ទាំង​នោះ​ទៅ​កាន់​ប្រអប់​សំបុត្រ​របស់​ពល​រដ្ឋ​ក្នុង​តំបន់​នោះ។ លោក​វររិន និង​ភរិយា​របស់​គាត់​ក៏​បាន​ចាប់​ផ្តើម​អធិស្ឋាន​អស់​ពី​ចិត្ត។ បើ​គេ​ជឿ​ការ​ភូតកុហក​របស់​បុរស​នោះ ជីវិត​របស់​ពួក​គេ​នឹង​ត្រូវ​ក្រឡាប់​ចក្រ​មិន​ខាន។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ជួប​ប្រទះ​រឿង​ស្រដៀង​នេះ​ផង​ដែរ។ ទ្រង់​បាន​ទទួល​រង​ការ​មួល​បង្កាច់​របស់​ពួក​ខ្មាំង​សត្រូវ។ ទ្រង់​មានបន្ទូល​ថា “គេ​មួលបង្កាច់​ពាក្យ​ទូលបង្គំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូលបង្គំ”(ទំនុកដំកើង ៥៦:៥)។ ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​នេះ បាន​នាំ​ឲ្យ​ទ្រង់​មាន​ការ​ភ័យ​ខ្លាច និង​ទឹក​ភ្នែក​(ខ.៨)។ ប៉ុន្តែ ក្នុង​ពេលសង្រ្គាម​នោះ ទ្រង់​ក៏​បាន​អធិស្ឋាន​ថា “តែ​វេលា​ណា​ដែល​ទូលបង្គំ​ភ័យ នោះ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់ទ្រង់​… តើ​សាច់​ឈាម​នឹង​អាចធ្វើ​អ្វី​ដល់​ទូលបង្គំ​បាន?”(ខ.៣-៤)។

ការ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ អាច​ធ្វើ​ជា​គំរូ​សម្រាប់​យើង ក្នុង​ពេល​សព្វ​ថ្ងៃ​ផង​ដែរ។ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច ក្នុងពេល​ដែល​មាន​ការ​គំរាម​កំហែង ឬ​ការ​ចោទ​ប្រកាន់ នោះ​យើង​អាច​ងាក​ទៅ​រក​ព្រះ។​ ចូរ​យើង​ទុក​ចិត្ត​ព្រះ ដោយ​ថ្វាយ​សង្រ្គាមរបស់​យើង ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​មក​លើ​យើង​បាន? ចូរ​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​របស់​យើង ជា​មួយ​ព្រះ​អង្គ ដោយ​នឹក​ចាំ​ថា អំណាច​ដែល​ទាស់​ប្រឆាំង​យើង មិន​អាច​ប្រៀប​ផ្ទឹម​នឹង​អំណាច​ព្រះ​អង្គ​ឡើយ។

បន្ទាប់​ពី​លោក​វររិន និង​ភរិយា​គាត់​បាន​អធិស្ឋាន​អស់​ពី​ចិត្ត កាសែត​ក្នុង​តំបន់​មិន​បាន​យក​រឿង​នោះ​មក​ចុះ​ផ្សាយ​ទេ ហើយ​ខិតប័ណ្ណ​ទាំង​នោះ​ក៏​មិន​ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ពល​រដ្ឋ​ក្នុង​តំបន់​នោះ​ដែរ។ តើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សង្រ្គាម​អ្វី នៅ​ថ្ងៃ​នេះ? ចូរនិយាយ​ទៅ​កាន់​ព្រះ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹងជម្នះការ​ភ័យ​ខ្លាច​នោះ ជា​មួយ​យើង។—Sheridan Voysey