នៅរដូវក្តៅ ក្នុងឆ្នាំ ១៨៥៩០ លោក ឆាល ប្លន់ឌីន(Charles Blondin) បានក្លាយជាមនុស្សទីមួយ ដែលបានឆ្លងកាត់ទឹកជ្រោះណាយអាការ៉ា ដោយប្រើខ្សែពួរ ទោះបីជាគេឲ្យគាត់ធ្វើដូចនេះរាប់រយដងទៀត ក៏គាត់ហ៊ានធ្វើដែរ។ មានពេលមួយ គាត់បានឆ្លងកាត់ទឹកជ្រោះនេះ ជាមួយលោកហារី ខូលឃត(Harry Colcord) ដែលជាអ្នកគ្រប់គ្រងរបស់គាត់ ដោយឲ្យលោកហារី នៅពីក្រោយគាត់។ គាត់ក៏បានប្រាប់លោកហារីថា “ហារី ចូរមើលទៅខាងលើ ឥឡូវនេះ អ្នកមិនអាចធ្វើអ្វីតាមចិត្តទៀតឡើយ បើខ្ញុំយោលខ្លួន ចូរយោលខ្លួនជាមួយខ្ញុំ។ កុំព្យាយាមទប់ខ្លួនអី។ បើអ្នកទប់ខ្លួន នោះយើងនឹងធ្លាក់ស្លាប់ទាំងអស់គ្នាមិនខាន”។
ការបង្រៀនរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅក្រុងកាឡាទី គឺប្រៀបដូចជាការនិយាយប្រាប់ពួកគេថា: អ្នកមិនអាចដើរតាមផ្លូវនៃជីវិត ដែលសព្វព្រះទ័យដល់ព្រះបានឡើយ បើអ្នកមិនមានជំនឿលើព្រះគ្រីស្ទទេនោះ។ ប៉ុន្តែ អ្នកមិនចាំបាច់ត្រូវដើរដោយគ្មានជំនឿនោះឡើយ។ យើងមិនអាចខំធ្វើការល្អ ដើម្បីឲ្យព្រះទ្រង់សព្វព្រះទ័យនោះឡើយ។ ដូចនេះ តើយើងនឹងទទួលសេចក្តីសង្រ្គោះ ដោយមិនធ្វើអ្វីសោះឬ? ទេ! ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យតោងព្រះគ្រីស្ទឲ្យជាប់។ ការតោងព្រះយេស៊ូវឲ្យជាប់ គឺមានន័យថា យើងសម្លាប់របៀបនៃការរស់នៅចាស់ ដែលចូលចិត្តពឹងផ្អែកលើសមត្ថភាពខ្លួនឯង ពោលគឺជីវិតចាស់របស់យើងបានស្លាប់ហើយ។ ប៉ុន្តែ យើងនៅតែឲ្យវាបន្តរស់ទៀត។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ”(កាឡាទី ២:២០)។
តើដំណើរជីវិតរបស់យើង ប្រៀបដូចជាការដើរឆ្លងជ្រោះ ដោយតោងខ្សែពួរឬ? ព្រះទ្រង់មិនបានត្រាស់ហៅយើងឲ្យតោងខ្សែពួរ ដើរមករកព្រះអង្គឡើយ តែព្រះអង្គបានត្រាស់ហៅយើង ឲ្យតោងព្រះអង្គឲ្យជាប់ ហើយដើរជាមួយព្រះអង្គ ក្នុងជីវិតនេះ។—Glenn Packiam