គេបាននិយាយតពីមាត់មួយទៅមាត់មួយថា លោក ថូម៉ាស ប៊ីឆាម(Thomas Beecham) ដែលជាអ្នកដឹកនាំក្រុមតន្រ្តីជនជាតិអង់គ្លេស បានឃើញស្រ្តីម្នាក់ដែលមានការតុបតែងខ្លួនយ៉ាងថ្លៃថ្នូ កំពុងឈរនៅកន្លែងទទួលភ្ញៀវក្នុងសណ្ឋាគារមួយ។ គាត់ជឿថា គាត់ស្គាល់នាង តែមិនអាចចាំឈ្មោះនាង ដូចនេះ គាត់ក៏បានឈប់ដើរទៅមុខទៀត ដើម្បីជជែកជាមួយនាង។ ខណៈពេលដែលអ្នកទំាងពីរកំពុងជជែកគ្នា គាត់ក៏បាននឹកចាំ ដោយស្រពិចស្រពិលថា នាងមានបងប្រុសម្នាក់។ ដើម្បីឲ្យបានដឹងច្បាស់ថា នាងពិតជាមានបងប្រុសម្នាក់មែន គាត់ក៏បានសួរនាងថា បងប្រុសនាងសុខសប្បាយឬទេ? ហើយតើគាត់នៅតែធ្វើការងារដដែលឬ? នាងក៏បានឆ្លើយថា “អូហ៍ គាត់សុខសប្បាយណាស់។ ហើយគាត់នៅមានការងារជាមហាក្សត្រ”។
ការច្រឡំមនុស្ស អាចនាំឲ្យមានការខ្មាស់អៀន គឺមិនខុសពីលោក ប៊ីឆាមប៉ុន្មានឡើយ។ តែនៅពេលផ្សេងទៀត ការខ្មាស់អៀនអាចមានសភាពធ្ងន់ធ្ងរជាងនេះ គឺដូចដែលលោកភីលីព ដែលជាសាវ័ករបស់ព្រះយេស៊ូវ បានជួបផ្ទាល់។ សាវ័កម្នាក់នេះ ស្គាល់ព្រះយេស៊ូវ តែគាត់មិនទាន់ដឹងច្បាស់ថា ព្រះអង្គជានរណាទេ។ គាត់ចង់ឲ្យព្រះយេស៊ូវបង្ហាញ “ព្រះវរបិតា ឲ្យពួកសាវ័កបានឃើញ”។ ព្រះយេស៊ូវក៏បានឆ្លើយតបថា “អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ”(យ៉ូហាន ១៤:៨-៩)។ ក្នុងនាមព្រះអង្គជាព្រះរាជបុត្រាតែមួយរបស់ព្រះ ព្រះយេស៊ូវបានបង្ហាញឲ្យគេស្គាល់ព្រះវរបិតា យ៉ាងឥតខ្ចោះ បានជាអ្នកដែលស្គាល់ព្រះអង្គ ក៏ស្គាល់ព្រះវរបិតាផងដែរ(ខ.១០-១១)។
បើយើងឆ្ងល់ថា ព្រះមានចារិកលក្ខណៈដូចម្តេច ហើយបានយកព្រះទ័យទុកដាក់មកលើអ្នកដទៃ ដូចម្តេចខ្លះ នោះយើងគ្រាន់តែមើលទៅព្រះយេស៊ូវ នោះយើងនឹងបានដឹងហើយ។ ចារិកលក្ខណៈ ភាពសប្បុរស សេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះយេស៊ូវ បានបង្ហាញបុគ្គលិកលក្ខណៈរបស់ព្រះ។ ហើយយើងមិនអាចយល់ទាំងស្រុង អំពីព្រះដ៏អស្ចារ្យ និងគួរស្ងែងខ្លាច នៃយើង តែការដែលព្រះទ្រង់ បង្ហាញព្រះអង្គទ្រង់ ក្នុងអង្គព្រះយេស៊ូវ គឺជាអំណោយដ៏អស្ចារ្យសម្រាប់យើងរាល់គ្នា។—Con Campbell