គេ​បាន​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា លោក ថូម៉ាស ប៊ីឆាម(Thomas Beecham) ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​តន្រ្តី​ជនជាតិ​អង់​គ្លេស បាន​ឃើញ​ស្រ្តី​ម្នាក់​ដែល​មាន​ការ​តុប​តែង​ខ្លួន​យ៉ាង​ថ្លៃ​ថ្នូ កំពុង​ឈរ​នៅ​កន្លែង​ទទួល​ភ្ញៀវ​ក្នុង​សណ្ឋា​គារ​មួយ។ គាត់​ជឿ​ថា គាត់​ស្គាល់​នាង តែ​មិន​អាច​ចាំ​ឈ្មោះ​នាង ដូច​នេះ គាត់​ក៏​បាន​ឈប់​ដើរ​ទៅ​មុខ​ទៀត ដើម្បី​ជជែក​ជា​មួយ​នាង។ ខណៈ​ពេល​ដែល​អ្នក​ទំាង​ពីរ​កំពុង​ជជែក​គ្នា គាត់​ក៏​បាន​នឹក​ចាំ ដោយ​ស្រពិច​ស្រពិល​ថា នាង​មាន​បង​ប្រុស​ម្នាក់។​ ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ថា នាង​ពិត​ជា​មាន​បង​ប្រុស​ម្នាក់​មែន គាត់​ក៏​បាន​សួរ​នាង​ថា បង​ប្រុស​នាង​សុខ​សប្បាយ​ឬ​ទេ? ហើយ​តើ​គាត់​នៅតែ​ធ្វើ​ការ​ងារ​ដដែល​ឬ?  នាង​ក៏​បាន​ឆ្លើយ​ថា “អូហ៍ គាត់​សុខ​សប្បាយ​ណាស់។ ហើយ​គាត់​នៅ​មាន​ការងារ​ជា​មហាក្សត្រ”។

ការ​ច្រឡំ​មនុស្ស អាច​នាំ​ឲ្យ​មាន​ការ​ខ្មាស់​អៀន គឺ​មិន​ខុស​ពី​លោក ប៊ីឆាម​ប៉ុន្មាន​ឡើយ។ តែ​នៅ​ពេល​ផ្សេង​ទៀត ការ​ខ្មាស់​អៀនអាច​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​នេះ គឺ​ដូច​ដែល​លោក​ភីលីព ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ បាន​ជួប​ផ្ទាល់។ សាវ័ក​ម្នាក់​នេះ ស្គាល់​ព្រះយេស៊ូវ តែ​គាត់​មិន​ទាន់​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា​ទេ​។ គាត់​ចង់​ឲ្យ​ព្រះយេស៊ូវ​បង្ហាញ “ព្រះ​វរបិតា ឲ្យ​ពួក​សាវ័កបាន​ឃើញ”។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ថា “អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ”(យ៉ូហាន ១៤:៨-៩)។ ក្នុង​នាម​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះវរបិតា យ៉ាង​ឥត​ខ្ចោះ បាន​ជា​អ្នកដែល​ស្គាល់​ព្រះ​អង្គ ក៏​ស្គាល់​ព្រះ​វរបិតា​ផង​ដែរ​(ខ.១០-១១)។

បើ​យើង​ឆ្ងល់​ថា ព្រះ​មាន​ចារិក​លក្ខណៈ​ដូច​ម្តេច ហើយ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​មក​លើ​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ នោះ​យើង​គ្រាន់​តែ​មើល​ទៅ​ព្រះ​យេស៊ូវ នោះ​យើង​នឹង​បាន​ដឹង​ហើយ។ ចារិក​លក្ខណៈ ភាព​សប្បុរស សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​របស់​ព្រះ​យេស៊ូវ បាន​បង្ហាញ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ។ ហើយ​យើង​មិន​អាច​យល់​ទាំង​ស្រុង អំពី​ព្រះ​ដ៏​អស្ចារ្យ និង​គួរ​ស្ងែង​ខ្លាច នៃ​យើង តែ​ការ​ដែល​ព្រះ​ទ្រង់ បង្ហាញ​ព្រះ​អង្គ​ទ្រង់ ក្នុង​អង្គ​ព្រះ​យេស៊ូវ គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​សម្រាប់​យើង​រាល់​គ្នា។—Con Campbell