រឿងព្រេងនិទានរបស់ចិនមួយបានដំណាលថា ពេលដែលលោកសៃ វេង(Sai Weng) បានបាត់សត្វសេះមួយក្បាល ក្នុងចំណោមសត្វសេះដែលមានតម្លៃបំផុតរបស់គាត់ អ្នកជិតខាងរបស់គាត់ ក៏បានបង្ហាញនូវការសោកស្តាយ ចំពោះការបាត់បង់របស់គាត់។ តែលោកសៃ វេង មិនបានខ្វល់ពីរឿងនេះទេ។ គាត់និយាយថា តើធ្វើដូចម្តេចឲ្យគេអាចដឹងច្បាស់ថា សត្វសេះនោះពិតជាមានតម្លៃចំពោះគាត់? រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក៏បានកើតឡើង នៅពេលដែលសត្វសេះដែលបានបាត់នោះ បានវិលត្រឡប់មកផ្ទះវិញ ដោយនាំសត្វសេះមួយក្បាលទៀតមកជាមួយវា។ ពេលដែលអ្នកជិតខាងអបអរសាទរគាត់ គាត់ក៏បាននិយាយថា តើធ្វើដូចម្តេចឲ្យគេអាចដឹងច្បាស់ថា រឿងនេះពិតជារឿងល្អ សម្រាប់គាត់? មិនយូរប៉ុន្មាន កូនប្រុសគាត់ក៏បានបាក់ជើង នៅពេលដែលខ្លួនជិះសេះថ្មីមួយក្បាលនោះ។ រឿងនេះហាក់ដូចជាគ្រោះកាចសម្រាប់គ្រួសារគាត់ ប៉ុន្តែ ថ្ងៃមួយ កងទ័ពបានមកដល់ភូមិរបស់គាត់ ដើម្បីកេណ្ឌទ័ព ដោយជ្រើសរើសប្រុសៗដែលមានកាយសម្បទារគ្រប់គ្រាន់ ដើម្បីប្រយុទ្ធក្នុងសង្រ្គាម។ តែដោយសារកូនប្រុសគាត់មានរបួស នោះគេមិនបានជ្រើសរើសឲ្យចូលធ្វើទ័ពឡើយ ដូចនេះ កូនគាត់អាចរួចផុតពីសេចក្តីស្លាប់ នៅក្នុងសង្រ្គាម។
រឿងនេះត្រូវបាននិពន្ធឡើង ផ្អែកទៅលើសុភាសិតរបស់ចិនមួយ ដែលបង្រៀនថា ទុក្ខលំបាកអាចជាព្រះពរ ដែលបានលាក់ខ្លួន ហើយរឿងល្អ អាចជាទុក្ខលំបាកដែលមិនទាន់បង្ហាញខ្លួន។ សុភាសិតបុរាណនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសាស្តា ៦:១២ ដែលក្នុងនោះអ្នកនិពន្ធបានចោទសួរថា “ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសំរាប់មនុស្សក្នុងជីវិតនេះ?” ជាការពិតណាស់ គ្មាននរណាម្នាក់ដឹងថា ពេលអនាគតនឹងទៅជាយ៉ាងណាទេ។ ទុក្ខលំបាកអាចមានប្រយោជន៍ជាវិជ្ជមាន ហើយភាពសម្បូរសប្បាយ អាចនាំមកនូវផលអាក្រក់។
ថ្ងៃនីមួយៗ បាននាំមកនូវឱកាសថ្មីៗ ក្តីអំណរ ការតស៊ូ និងទុក្ខលំបាក។ ហើយក្នុងនាមយើងជាកូនស្ងួនភ្ងារបស់ព្រះ យើងអាចសម្រាក ក្រោមការឃុំគ្រងរបស់ព្រះអង្គ ហើយទុកចិត្តព្រះអង្គ ក្នុងពេលល្អ ក៏ដូចជាពេលអាក្រក់។ ព្រះទ្រង់បានបង្កើតឲ្យមានពេលល្អ និងពេលអាក្រក់(៧:១៤)។ ព្រះអង្គគង់នៅជាមួយយើង ក្នុងគ្រប់ហេតុការណ៍ ក្នុងជីវិតយើង ហើយបានសន្យាថា នឹងថែរក្សាយើងដោយក្តីស្រឡាញ់។—Poh Fang Chia