នៅថ្ងៃទី៧ កញ្ញា ឆ្នាំ ១៩៤៣ អ្នកស្រី អេតធី ហ៊ីលេស៊ូម(Etty Hillesum) បានបោះកាតប៉ុស្តាល់មួយសន្លឹក ចេញពីរថភ្លើង។ នៅលើកាតប៉ូស្តាល់នោះ គាត់បានសរសេរថា “ព្រះអម្ចាស់ជាប៉មដ៏ខ្ពស់របស់ខ្ញុំ … យើងចាកចេញពីបន្ទាយ ដោយសម្លេងច្រៀងសរសើរ”។ នេះជាពាក្យដែលគាត់បានសរសេរ ជាលើកចុងក្រោយ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៣ គេបានសម្លាប់គាត់ នៅក្នុងជំរុំប្រមូលផ្តុំអូកឈ្វីត។ ក្រោយមក គេក៏បានបកប្រែ និងបោះពុម្ពផ្សាយសៀវភៅកំណត់ហេតុរបស់អ្នកស្រីហ៊ីលេស៊ូម ដែលគាត់បានកត់ត្រា អំពីជីវិតរបស់គាត់ នៅក្នុងជំរុំប្រមូលផ្តុំនោះ។ សៀវភៅកំណត់ហេតុទាំងនោះបានបង្ហាញទស្សនៈដែលគាត់មាន ចំពោះការគ្រប់គ្រងរបស់ពួកណាហ្ស៊ី និងសម្រស់នៃពិភពលោករបស់ព្រះ។ គេបានបកប្រែសៀវភៅកំណត់ហេតុរបស់គាត់ជា៦៧ភាសា ធ្វើជាអំណោយដល់អ្នកដែលចង់អាន និងជឿថា លោកិយនេះមានការល្អ ក៏ដូចជាការអាក្រក់។
ពេលដែលសាវ័កយ៉ូហានកត់ត្រា អំពីព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដីនេះ គាត់មិនបានជៀសវាងការរៀបរាប់អំពីទុក្ខលំបាកដែលទ្រង់បានជួបនោះឡើយ ផ្ទុយទៅវិញ គាត់បានសរសេរអំពីការល្អ ដែលព្រះយេស៊ូវបានធ្វើ និងបញ្ហាប្រឈមដែលទ្រង់បានជួបផងដែរ។ ពាក្យពេចន៍ចុងក្រោយ នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់គាត់ បានបង្ហាញអំពីគោលបំណង នៃការនិពន្ធកណ្ឌគម្ពីរនេះ។ ព្រះយេស៊ូវបានធ្វើ “ទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុក”(២០:៣០) ដោយលោកយ៉ូហាន។ តែគាត់ថា អ្វីដែលបានចែងអំពីទ្រង់នោះ គឺដើម្បីឲ្យយើងរាល់គ្នាបានជឿព្រះអង្គ(ខ.៣១)។ កណ្ឌគម្ពីរកំណត់ហេតុរបស់លោកយ៉ូហាន បានបញ្ចប់ ដោយពាក្យនៃជ័យជម្នះ ដែលបានចែងថា “ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត”។ ពាក្យដែលមានចែងក្នុងកណ្ឌគម្ពីរដំណឹងល្អនេះ បានផ្តល់ឱកាស ឲ្យយើងជឿ និងមានជីវិតថ្មី ក្នុងព្រះនាមព្រះអង្គ។
កណ្ឌគម្ពីរដំណឹងល្អ គឺជាកំណត់ហេតុ អំពីសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះយើង។ គឺជាព្រះបន្ទូលដែលយើងត្រូវអាន និងជឿ ហើយចែករំលែកដល់អ្នកដទៃ ព្រោះព្រះបន្ទូលព្រះអង្គនាំឲ្យយើងមានជីវិត។ និយាយរួម គឺនាំយើងទៅរកព្រះគ្រីស្ទ។—John Blasé