នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ ១៩៤៣ អ្នកស្រី អេតធី ហ៊ីលេស៊ូម(Etty Hillesum) បាន​បោះ​កាត​ប៉ុស្តាល់​មួយ​សន្លឹក ចេញ​ពី​រថ​ភ្លើង។ នៅ​លើ​កាត​ប៉ូស្តាល់​នោះ គាត់​បាន​សរសេរ​ថា “ព្រះ​អម្ចាស់​ជា​ប៉ម​ដ៏​ខ្ពស់​របស់​ខ្ញុំ … យើង​ចាក​ចេញ​ពី​បន្ទាយ ដោយ​សម្លេងច្រៀង​សរសើរ”។ នេះ​ជា​ពាក្យ​ដែល​គាត់​បាន​សរសេរ ជា​លើក​ចុង​ក្រោយ។ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៣ គេ​បាន​សម្លាប់គាត់ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​អូកឈ្វីត។ ក្រោយ​មក គេ​ក៏​បាន​បក​ប្រែ និង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​ស្រី​ហ៊ីលេស៊ូម ដែល​គាត់​បាន​កត់​ត្រា អំពី​ជីវិត​របស់​គាត់ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​នោះ។ សៀវភៅ​កំណត់​ហេតុ​ទាំង​នោះ​បាន​បង្ហាញ​ទស្សនៈដែល​គាត់​មាន ចំពោះ​ការ​គ្រប់​គ្រង​របស់​ពួក​ណាហ្ស៊ី និង​សម្រស់​នៃ​ពិភព​លោក​របស់​ព្រះ។​ គេ​បាន​បក​ប្រែ​សៀវ​ភៅកំណត់​ហេតុ​របស់​គាត់​ជា​៦៧​ភាសា ធ្វើ​ជា​អំណោយ​ដល់​អ្នក​ដែល​ចង់​អាន និង​ជឿ​ថា​ លោកិយ​នេះ​មាន​ការ​ល្អ ក៏​ដូច​ជា​ការ​អាក្រក់។​

ពេល​ដែល​សាវ័ក​យ៉ូហាន​កត់​ត្រា អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ គាត់​មិន​បាន​ជៀស​វាង​ការ​រៀប​រាប់​អំពី​ទុក្ខលំបាក​ដែល​ទ្រង់​បាន​ជួប​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសេរ​អំពី​ការ​ល្អ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បញ្ហា​ប្រឈមដែល​ទ្រង់​បាន​ជួប​ផង​ដែរ។ ពាក្យ​ពេចន៍​ចុង​ក្រោយ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់ បាន​បង្ហាញ​អំពី​គោល​បំណង នៃ​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នេះ។ ព្រះ​យេស៊ូវ​បាន​ធ្វើ “​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​”(២០:៣០) ដោយ​លោក​យ៉ូហាន។ តែ​គាត់​ថា អ្វី​ដែល​បាន​ចែង​អំពី​ទ្រង់​នោះ គឺ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ជឿ​ព្រះ​អង្គ(ខ.៣១)។ កណ្ឌ​គម្ពីរ​កំណត់​ហេតុ​របស់​លោក​យ៉ូហាន បាន​បញ្ចប់ ដោយ​ពាក្យ​នៃ​ជ័យ​ជម្នះ ដែល​បាន​ចែង​ថា “ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត”។ ពាក្យ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ បាន​ផ្តល់​ឱកាស ឲ្យ​យើង​ជឿ និង​មាន​ជីវិត​ថ្មី ក្នុង​ព្រះ​នាម​ព្រះ​អង្គ។​

កណ្ឌ​គម្ពីរ​ដំណឹង​ល្អ គឺ​ជា​កំណត់​ហេតុ អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង។ គឺ​ជា​ព្រះ​បន្ទូល​ដែល​យើង​ត្រូវអាន និង​ជឿ ហើយ​ចែក​រំលែក​ដល់​អ្នក​ដទៃ ព្រោះ​ព្រះ​បន្ទូល​ព្រះ​អង្គ​នាំ​ឲ្យ​យើង​មាន​ជីវិត។ និយាយ​រួម ​គឺ​នាំ​យើង​ទៅ​រក​ព្រះ​គ្រីស្ទ​។—John Blasé