ជន​ជាតិ​ចិន​មាន​ពិធី​បុណ្យ​ដ៏​រ៉ូមិនទិច ក្នុង​អំឡុង​ពេល​យប់​ដែល​មាន​ដួង​ច័ន្ទ​ពេញ​វង់ នៅ​ខែ​ទី​៨ នៃ​ច័ន្ទ​គតិ។  នោះ​ជា​ពេល​ដែល​ដួង​ច័ន្ទ​មាន​សម្រស់​ស្រស់​ស្អាត​បំផុត ហើយ​គេ​ក៏​បាន​អបអរ​ដួង​ច័ន្ទ ដោយ​ញាំ​នំ​លោក​ខែ ឬ​ដើរ​លេង​ពេល​យប់ ដោយ​យួរ​ចង្កៀង​គោម តាម​ផ្លូវ។

ឆ្នាំនេះ យើង​បាន​ដើរ​យួរ​ចង្កៀង​គោម កម្សាន្ត​ជា​មួយ​អែនណា(Ana) ដែល​ជា​កូន​ប្រសារ​ខ្ញុំ ជា​ជន​ជាតិ​ឌូស៊ុន និង​កូន​ប្រុសរបស់​នាង នៅ​តូច​ៗ​នៅ​ឡើយ។(ជន​ជាតិ​ឌូស៊ុន ជា​ជន​ជាតិ​ដើម នៅ​រដ្ឋ​សាបាហ ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ម៉ាឡេស៊ី)។ កូនប្រុសខ្ញុំ​បាន​ចង​ព្យួរ​ចង្កៀង​គោម​នឹង​ចុង​កំណាត់​ចម្រៀក​ឫស្សី។ បន្ទាប់​មក គាត់​ក៏​បាន​ដុត​ទៀន​តូច​ៗ ក្នុង​ចង្កៀង​គោម​ទាំង​នោះ រួច​យើង​ក៏​បាន​ចាប់​ផ្តើម​ដើរ​ចេញ​ទៅ។ ខណៈ​ពេល​ដែល​យើង​ដើរ​ត្រេត​ត្រត តាម​ផ្លូវ​ងងឹត ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​ពន្លឺ​ភ្លើង​តូច​ៗ​នៃ​ចង្កៀង​ទាំង​នោះ បាន​បំភ្លឺ​ផ្លូវ​ដើរ​។ ភ្លាម​នោះ ខ្ញុំក៏​បាន​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩:១០៥ ដែល​បាន​ចែង​ថា “ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ​ផង”។

ដែល​ពន្លឺ​បណ្តេញ​ភាព​ងងឹត​ជា​យ៉ាង​ណា នោះ​ព្រះ​បន្ទូល​ព្រះ​ក៏​បំភ្លឺ​ផ្លូវ​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ជៀស​វាង​ក្រឡុក និង​ជង្ហុក ហើយ​ធានា​ថា យើង​នឹង​មិន​វង្វេង​ឡើយ។ ព្រះ​បន្ទូល​ព្រះ​បង្ហាញ​សេចក្តី​ពិត​របស់​ព្រះ ប្រៀន​ប្រដៅ​មនុស្ស​មាន​បាប(ខ.៨) ហើយ​នាំ​ផ្លូវ​មនុស្ស​ដែល​បន្ទាប​ខ្លួន​(ខ.៩)។ យើង​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​នាំ​ផ្លូវ និង​ប្រទាន​សេចក្តី​សង្ឃឹម ពេល​ណាយើង​ជួប​ប្រទះ​នឹង​ភាព​ងងឹត នៅ​ជុំវិញ​ខ្លួន​យើង ដែល​មាន​ដូច​ជា​ទំនាក់​ទំនង​ដែល​បាក់​បែក ជម្លោះ និង​ការ​បោក​បញ្ឆោត​ជា​ដើម​។ យើង​ក៏​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ជម្នះ​ភាព​ងងឹត នៅ​ក្នុង​យើង ដែល​មាន​ដូច​ជា​អំណួត និង​ចិត្ត​ដែល​ចង់​លើក​ដំកើង​ខ្លួន​ឯង។ ចូរ​យើង​បន្ទាប​ខ្លួន អនុញាត​ឲ្យ​សេចក្តី​ពិត នៃ​ព្រះ​បន្ទូល​ព្រះ បញ្ចេញ​ពន្លឺ​នៅ​ក្នុង​យើង និង​តាម​រយៈ​យើង​ ទៅ​ដល់​ពិភព​លោក​ទាំង​មូល។—Goh Bee Lee