ជនជាតិចិនមានពិធីបុណ្យដ៏រ៉ូមិនទិច ក្នុងអំឡុងពេលយប់ដែលមានដួងច័ន្ទពេញវង់ នៅខែទី៨ នៃច័ន្ទគតិ។ នោះជាពេលដែលដួងច័ន្ទមានសម្រស់ស្រស់ស្អាតបំផុត ហើយគេក៏បានអបអរដួងច័ន្ទ ដោយញាំនំលោកខែ ឬដើរលេងពេលយប់ ដោយយួរចង្កៀងគោម តាមផ្លូវ។
ឆ្នាំនេះ យើងបានដើរយួរចង្កៀងគោម កម្សាន្តជាមួយអែនណា(Ana) ដែលជាកូនប្រសារខ្ញុំ ជាជនជាតិឌូស៊ុន និងកូនប្រុសរបស់នាង នៅតូចៗនៅឡើយ។(ជនជាតិឌូស៊ុន ជាជនជាតិដើម នៅរដ្ឋសាបាហ ក្នុងប៉ែកខាងកើតនៃប្រទេសម៉ាឡេស៊ី)។ កូនប្រុសខ្ញុំបានចងព្យួរចង្កៀងគោមនឹងចុងកំណាត់ចម្រៀកឫស្សី។ បន្ទាប់មក គាត់ក៏បានដុតទៀនតូចៗ ក្នុងចង្កៀងគោមទាំងនោះ រួចយើងក៏បានចាប់ផ្តើមដើរចេញទៅ។ ខណៈពេលដែលយើងដើរត្រេតត្រត តាមផ្លូវងងឹត ខ្ញុំក៏បានញញឹម ពេលដែលបានឃើញពន្លឺភ្លើងតូចៗនៃចង្កៀងទាំងនោះ បានបំភ្លឺផ្លូវដើរ។ ភ្លាមនោះ ខ្ញុំក៏បាននឹកចាំ អំពីបទគម្ពីរទំនុកដំកើង ១១៩:១០៥ ដែលបានចែងថា “ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង”។
ដែលពន្លឺបណ្តេញភាពងងឹតជាយ៉ាងណា នោះព្រះបន្ទូលព្រះក៏បំភ្លឺផ្លូវរបស់យើង ដោយជួយយើងឲ្យជៀសវាងក្រឡុក និងជង្ហុក ហើយធានាថា យើងនឹងមិនវង្វេងឡើយ។ ព្រះបន្ទូលព្រះបង្ហាញសេចក្តីពិតរបស់ព្រះ ប្រៀនប្រដៅមនុស្សមានបាប(ខ.៨) ហើយនាំផ្លូវមនុស្សដែលបន្ទាបខ្លួន(ខ.៩)។ យើងត្រូវការព្រះបន្ទូលព្រះ ដើម្បីនាំផ្លូវ និងប្រទានសេចក្តីសង្ឃឹម ពេលណាយើងជួបប្រទះនឹងភាពងងឹត នៅជុំវិញខ្លួនយើង ដែលមានដូចជាទំនាក់ទំនងដែលបាក់បែក ជម្លោះ និងការបោកបញ្ឆោតជាដើម។ យើងក៏ត្រូវការព្រះបន្ទូលព្រះ ដើម្បីជម្នះភាពងងឹត នៅក្នុងយើង ដែលមានដូចជាអំណួត និងចិត្តដែលចង់លើកដំកើងខ្លួនឯង។ ចូរយើងបន្ទាបខ្លួន អនុញាតឲ្យសេចក្តីពិត នៃព្រះបន្ទូលព្រះ បញ្ចេញពន្លឺនៅក្នុងយើង និងតាមរយៈយើង ទៅដល់ពិភពលោកទាំងមូល។—Goh Bee Lee