ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បង្រៀន​កូន​ប្រុស​ខ្ញុំ​ធ្វើ​លំហាត់​គណិត​វិទ្យា ជា​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ ខ្ញុំ​សង្កេត​ឃើញ​ថា គាត់​ហាក់​ដូច​ជា​មិន​សូវ​ចូល​ចិត្ត​ធ្វើ​លំហាត់ ដែល​ប្រើ​រូប​មន្ត​ដដែល​ៗ។ គាត់​ក៏​និយាយ​ថា​ “ប៉ា កូន​យល់​ហើយ!” គាត់​ចង់​ឲ្យ​ខ្ញុំបណ្តោយ​ឲ្យ​គាត់​ធ្វើ​លំហាត់​ទំាង​អស់ ដោយ​ខ្លួន​ឯង។ បន្ទាប់​មក ​ខ្ញុំ​ក៏​បាន​ពន្យល់​គាត់​ថា រូប​មន្ត គឺ​គ្រាន់​តែ​ជា​រូប​មន្ត​ប៉ុណ្ណោះ បើ​សិន​ជា​យើង​មិន​ចេះ​ប្រើ​វា នៅ​ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង​ទេ​នោះ។​

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើ​ទៅ​កាន់​មិត្ត​សំឡាញ់​គាត់ នៅ​ទីក្រុង​ភីលីព គាត់​បាន​និយាយ​អំពី​ការ​អនុវត្តន៍​តាម យ៉ាង​ដូច​នេះ​ថា “​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ”(ភីលីព ៤:៩)។ គាត់​ក៏​បាន​លើក​ឡើង អំពី​ការ​៥​យ៉ាង ដែល​មាន​ដូច​ជា : ទី១: ការ​ផ្សះ​ផ្សា  គឺ​ដូច​ដែល​គាត់​បាន​ជំរុញឲ្យ “នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច”ផ្សះផ្សាគ្នា(ខ.២-៣)។ ទី២ : ក្តីអំណរ  គឺ​ដូច​ដែល​គាត់​បាន​បង្គាប់​អ្នក​អាន​សំបុត្រ​គាត់ ឲ្យស្វែង​រក​ក្តី​អំណរ(ខ.៤)។ ទី៣ : សេចក្តី​សម្លូត  គឺ​ដូច​ដែល​គាត់​បាន​ជំរុញ​ពួក​គេ ឲ្យ​បង្ហាញ​សេចក្តី​សម្លូត ក្នុង​ទំនាក់​ទំនង​ជា​មួយ​លោកិយ​(ខ.៥)។ ទី៤ : ការអធិស្ឋាន  គឺ​ដូច​ដែល​គាត់​បាន​ធ្វើ​ជា​គំរូ​ពួក​គេ ដោយ​ផ្ទាល់ និង​ក្នុង​ការ​សរសេរ​របស់​គាត់​(ខ.៦-៧) ហើយ​ទី​៥ : ការ​ផ្តោត​ចិត្ត  ​គឺ​ដូច​ដែល​គាត់​បាន​បង្ហាញ​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ការ​ផ្សះ​ផ្សា ក្តី​អំណរ ភាព​សម្លូត ការ​អធិស្ឋាន និង​ការ​ផ្តោត​ចិត្ត គឺ​សុទ្ធ​តែ​ជា​សេចក្តី​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ និង​មាន ដើម្បី​រស់​នៅ​ជាអ្នក​ជឿ​ព្រះ​យេស៊ូវ។  គុណ​ធម៌​ទាំង​នេះ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​យក​មក​អនុវត្តន៍ ដើម្បី​ឲ្យ​កើត​មាន​ក្នុង​ជីវិត​យើង។

តែ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព​រួច​ហើយ ដំណឹង​ល្អ​នោះ​គឺ​ថា ព្រះ​ទ្រង់​នឹង“​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ”(២:១៣)។ យើង​មិន​អនុវត្ត​តាម​ព្រះ​បន្ទូល ដោយ​ពឹង​អាង​កម្លាំង​ខ្លួន​ឯង​នោះ​ឡើយ។ ព្រះ​ទ្រង់​នឹង​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ​(៤:១៩)។—Glenn Packiam