ខណៈពេលដែលខ្ញុំកំពុងបង្រៀនកូនប្រុសខ្ញុំធ្វើលំហាត់គណិតវិទ្យា ជាកិច្ចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ខ្ញុំសង្កេតឃើញថា គាត់ហាក់ដូចជាមិនសូវចូលចិត្តធ្វើលំហាត់ ដែលប្រើរូបមន្តដដែលៗ។ គាត់ក៏និយាយថា “ប៉ា កូនយល់ហើយ!” គាត់ចង់ឲ្យខ្ញុំបណ្តោយឲ្យគាត់ធ្វើលំហាត់ទំាងអស់ ដោយខ្លួនឯង។ បន្ទាប់មក ខ្ញុំក៏បានពន្យល់គាត់ថា រូបមន្ត គឺគ្រាន់តែជារូបមន្តប៉ុណ្ណោះ បើសិនជាយើងមិនចេះប្រើវា នៅក្នុងការអនុវត្តន៍ជាក់ស្តែងទេនោះ។
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើទៅកាន់មិត្តសំឡាញ់គាត់ នៅទីក្រុងភីលីព គាត់បាននិយាយអំពីការអនុវត្តន៍តាម យ៉ាងដូចនេះថា “សេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ”(ភីលីព ៤:៩)។ គាត់ក៏បានលើកឡើង អំពីការ៥យ៉ាង ដែលមានដូចជា : ទី១: ការផ្សះផ្សា គឺដូចដែលគាត់បានជំរុញឲ្យ “នាងអ៊ើរ៉ូឌា និងនាងស៊ុនទីច”ផ្សះផ្សាគ្នា(ខ.២-៣)។ ទី២ : ក្តីអំណរ គឺដូចដែលគាត់បានបង្គាប់អ្នកអានសំបុត្រគាត់ ឲ្យស្វែងរកក្តីអំណរ(ខ.៤)។ ទី៣ : សេចក្តីសម្លូត គឺដូចដែលគាត់បានជំរុញពួកគេ ឲ្យបង្ហាញសេចក្តីសម្លូត ក្នុងទំនាក់ទំនងជាមួយលោកិយ(ខ.៥)។ ទី៤ : ការអធិស្ឋាន គឺដូចដែលគាត់បានធ្វើជាគំរូពួកគេ ដោយផ្ទាល់ និងក្នុងការសរសេររបស់គាត់(ខ.៦-៧) ហើយទី៥ : ការផ្តោតចិត្ត គឺដូចដែលគាត់បានបង្ហាញពួកគេ ដោយផ្ទាល់(ខ.៨)។ ការផ្សះផ្សា ក្តីអំណរ ភាពសម្លូត ការអធិស្ឋាន និងការផ្តោតចិត្ត គឺសុទ្ធតែជាសេចក្តីដែលព្រះទ្រង់បានត្រាស់ហៅយើង ឲ្យធ្វើ និងមាន ដើម្បីរស់នៅជាអ្នកជឿព្រះយេស៊ូវ។ គុណធម៌ទាំងនេះ គឺជាអ្វីដែលយើងត្រូវតែយកមកអនុវត្តន៍ ដើម្បីឲ្យកើតមានក្នុងជីវិតយើង។
តែដូចដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំនៅក្រុងភីលីពរួចហើយ ដំណឹងល្អនោះគឺថា ព្រះទ្រង់នឹង“បណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ”(២:១៣)។ យើងមិនអនុវត្តតាមព្រះបន្ទូល ដោយពឹងអាងកម្លាំងខ្លួនឯងនោះឡើយ។ ព្រះទ្រង់នឹងប្រទានអ្វីដែលយើងត្រូវការ(៤:១៩)។—Glenn Packiam