លោកវររេន ប៊ូហ្វេត(Warren Buffett) និងលោកប៊ីល(Bill) និងអ្នកស្រី មែលីនដា ហ្គេត(Melinda Gates) បានធ្វើនូវរឿងដ៏ល្បីល្បាញមួយ ក្នុងប្រវត្តិសាស្រ្ត ពេលដែលពួកគេចាប់ផ្តើមធ្វើការសន្យាបរិច្ចាកលុយ ចេញពីពាក់កណ្តាលនៃទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ។ គិតមកដល់ឆ្នាំ២០១៨ ការបរិច្ចាកនេះ ប្រហែលជាបានឈានដល់ទឹកប្រាក់សរុបចំនួន ៩២ពាន់លានដុល្លាហើយ។ ការសន្យាបរិច្ចាកប្រាក់នេះ បានធ្វើឲ្យលោកប៉ុល ពីហ្វ(Paul Piff ) ដែលជាអ្នកចិត្តវិទ្យា បានធ្វើការសិក្សាអំពីគំរូនៃការបរិច្ចាកប្រាក់ ដោយការងឿងឆ្ងល់។តាមរយៈ ការស្រាវជ្រាវ ដោយធ្វើតេស្ត គាត់ក៏បានរកឃើញថា អ្នកក្រ ច្រើនតែមានចិត្តចង់បរិច្ចាកនូវ ៤៤ភាគរយ នៃទ្រព្យសម្បត្តិដែលពួកគេមាន ពោលគឺមានចិត្តចង់បរិច្ចាក ខ្លាំងជាងអ្នកមានទ្រព្យស្តុកស្តម្ភ។ អ្នកដែលស្គាល់ទុក្ខលំបាកនៃភាពក្រីក្ររបស់ខ្លួនឯង ច្រើនតែមានចិត្តសប្បុរសជាងអ្នកដែលមានទ្រព្យច្រើនជាង។
ព្រះយេស៊ូវបានជ្រាបអំពីបញ្ហានេះ។ ពេលដែលព្រះអង្គយាងចូលព្រះវិហារទីក្រុងយេរូសាឡិម ទ្រង់ក៏បានទតមើលពួកបណ្តាជនថ្វាយប្រាក់ដង្វាយ ចូលឃ្លាំង(ម៉ាកុស ១២:៤១)។ ពួកអ្នកមានបានទម្លាក់លុយជាច្រើន ចូលក្នុងហឹបដង្វាយ តែស្រ្តីមេម៉ាយក្រីក្រ បានដាក់ដង្វាយតែ២ស្លឹង ដែលជាប្រាក់ចុងក្រោយ ដែលគាត់មាន ចូលទៅក្នុងហឹប។ ខ្ញុំជឿថា ពេលនោះ ព្រះយេស៊ូវកំពុងតែឈរទតមើល ដោយព្រះទ័យរីករាយ និងស្ញើចសរសើរគាត់។ ភ្លាមៗនោះ ទ្រង់ក៏បានហៅពួកសាវ័កឲ្យមកជុំគ្នា ដើម្បីបកស្រាយ អំពីទង្វើរដ៏ប្រពៃនេះ។ ទ្រង់ក៏បានមានបន្ទូលថា “ស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង”(ខ.៤៣)។ ពួកសិស្សប្រហែលជាមើលមុខគ្នាទៅវិញទៅមក ដោយការងឿងឆ្ងល់ ចំពោះអ្វីដែលព្រះយេស៊ូវកំពុងមានបន្ទូល។ ទ្រង់ក៏បានពន្យល់ថា “ស្រ្តីនេះ បានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង”(ខ.៤៤)។
យើងប្រហែលជាមានប្រាក់តិចតួច សម្រាប់ថ្វាយ តែព្រះយេស៊ូវបានអញ្ជើញយើង ឲ្យថ្វាយ ចេញពីការខ្វះខាតរបស់យើង។ ដង្វាយនោះប្រហែលមិនច្រើនទេ សម្រាប់អ្នកដទៃ តែបើយើងថ្វាយអ្វីដែលយើងមាន នោះទ្រង់ក៏មានព្រះទ័យរីករាយយ៉ាងខ្លាំង ចំពោះអំណោយដែលយើងបានថ្វាយដោយអំណរនោះ។—Winn Collier