លោក​វររេន ប៊ូហ្វេត(Warren Buffett) និង​លោក​ប៊ីល(Bill) និង​អ្នក​ស្រី មែលីនដា ហ្គេត(Melinda Gates) បាន​ធ្វើ​នូវ​រឿង​ដ៏​ល្បី​ល្បាញ​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការ​សន្យា​បរិច្ចាក​លុយ ចេញ​ពី​ពាក់​កណ្តាល​នៃ​ទ្រព្យ​សម្បត្តិទាំង​អស់​របស់​ពួក​គេ។ គិត​មក​ដល់​ឆ្នាំ​២០១៨ ការ​បរិច្ចាក​នេះ ប្រហែល​ជា​បាន​ឈាន​ដល់​ទឹក​ប្រាក់​សរុប​ចំនួន ៩២​ពាន់​លានដុល្លា​ហើយ។ ការ​សន្យា​បរិច្ចាក​ប្រាក់​នេះ បាន​ធ្វើ​ឲ្យ​លោក​ប៉ុល ពីហ្វ(Paul Piff ) ដែល​ជា​អ្នក​ចិត្ត​វិទ្យា បាន​ធ្វើ​ការ​សិក្សា​អំពីគំរូ​នៃ​ការ​បរិច្ចាក​ប្រាក់ ដោយ​ការ​ងឿង​ឆ្ងល់។​តាម​រយៈ ការ​ស្រាវ​ជ្រាវ ដោយ​ធ្វើ​តេស្ត គាត់​ក៏​បាន​រក​ឃើញ​ថា អ្នក​ក្រ​ ច្រើន​តែ​មាន​ចិត្ត​ចង់​បរិច្ចាក​នូវ ៤៤​ភាគ​រយ​ នៃ​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មាន ពោល​គឺ​មាន​ចិត្ត​ចង់​បរិច្ចាក ខ្លាំង​ជាង​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ។ អ្នក​ដែល​ស្គាល់​ទុក្ខ​លំបាក​នៃ​ភាព​ក្រីក្រ​របស់​ខ្លួន​ឯង ច្រើន​តែ​មាន​ចិត្ត​សប្បុរស​ជាង​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង។

ព្រះ​យេស៊ូវ​បាន​ជ្រាប​អំពី​បញ្ហា​នេះ។ ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ព្រះ​វិហារ​ទីក្រុង​យេរូសាឡិម ទ្រង់​ក៏​បាន​ទត​មើល​ពួក​បណ្តាជន​ថ្វាយ​ប្រាក់​ដង្វាយ ចូល​ឃ្លាំង​(ម៉ាកុស ១២:៤១)។​ ពួក​អ្នក​មាន​បាន​ទម្លាក់​លុយ​ជា​ច្រើន ចូល​ក្នុង​ហឹប​ដង្វាយ តែ​ស្រ្តីមេម៉ាយ​ក្រីក្រ បាន​ដាក់​ដង្វាយ​តែ​២​ស្លឹង ដែល​ជា​ប្រាក់​ចុង​ក្រោយ ដែល​គាត់​មាន ចូល​ទៅ​ក្នុង​ហឹប។ ខ្ញុំ​ជឿ​ថា ពេល​នោះ​ ព្រះយេស៊ូវ​កំពុង​តែ​ឈរ​ទត​មើល ដោយ​ព្រះ​ទ័យ​រីក​រាយ និង​ស្ញើច​សរសើរ​គាត់។ ភ្លាម​ៗ​នោះ ទ្រង់​ក៏​បាន​ហៅ​ពួក​សាវ័ក​ឲ្យ​មក​ជុំគ្នា ដើម្បី​បក​ស្រាយ អំពី​ទង្វើរ​ដ៏​ប្រពៃ​នេះ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង”(ខ.៤៣)។ ពួក​សិស្ស​ប្រហែល​ជា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ងឿង​ឆ្ងល់ ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល។ ទ្រង់​ក៏​បាន​ពន្យល់​ថា “ស្រ្តី​នេះ បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មានទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង”(ខ.៤៤)។

យើង​ប្រហែល​ជា​មាន​ប្រាក់​តិច​តួច សម្រាប់​ថ្វាយ តែ​ព្រះ​យេស៊ូវ​បាន​អញ្ជើញ​យើង ឲ្យ​ថ្វាយ ចេញ​ពី​ការ​ខ្វះ​ខាត​របស់​យើង។ ដង្វាយ​នោះ​ប្រហែល​មិន​ច្រើន​ទេ សម្រាប់​អ្នក​ដទៃ តែ​បើ​យើង​ថ្វាយ​អ្វី​ដែល​យើង​មាន នោះ​ទ្រង់​ក៏​មាន​ព្រះ​ទ័យ​រីក​រាយ​យ៉ាង​ខ្លាំង ចំពោះ​អំណោយ​ដែល​យើង​បាន​ថ្វាយ​ដោយ​អំណរ​នោះ។—Winn Collier