មានពេលមួយ លោកទី អ៊ុន(Tee Unn) មានជំងឺដ៏កម្រម្យ៉ាង ដែលធ្វើឲ្យសាច់ដុំគាត់ទាំងអស់ចុះខ្សោយ ហើយគាត់ស្ទើរតែបាត់បង់ជីវិត។ ពេលនោះ គាត់ដឹងថា ការដែលគាត់នៅអាចដកដង្ហើម គឺអំណោយមកពីព្រះ។ អស់រយៈពេលជាង១សប្តាហ៍ ម៉ាស៊ីនអុកស៊ីសែនបានបញ្ចូលខ្យល់ ទៅក្នុងសួតគាត់ រៀងរាល់ពីរបីវិនាទីម្តង ជាដំណាក់កាលដែលធ្វើឲ្យគាត់មានការឈឺចុកចាប់បំផុត ក្នុងការព្យាបាលនោះ។
លោកទី អ៊ុន ក៏បានជាពីជំងឺនោះ ដោយការអស្ចារ្យ ហើយសព្វថ្ងៃនេះ គាត់បានរំឭកខ្លួនគាត់ថា គាត់មិនត្រូវរអ៊ូរទាំ អំពីបញ្ហាប្រឈមក្នុងជីវិតឡើយ។ គាត់ថា គាត់គ្រាន់តែដកដង្ហើមឲ្យជ្រៅ ហើយនិយាយថា “ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំអាចដកដង្ហើម”។
យើងពិតជាងាយនឹងផ្តោតទៅលើអ្វី ដែលយើងត្រូវការ ឬចង់បាន ហើយភ្លេចគិតថា ជូនកាល ការតូចបំផុត ក្នុងជីវិត អាចជាការអស្ចារ្យបំផុត។ ក្នុងការបើកសម្តែង ដែលលោកអេសេគាលបានទទួលពីព្រះ(អេសេគាល ៣៧:១-១៤) ព្រះអង្គបានបង្ហាញឲ្យហោរារូបនេះដឹងថា មានតែព្រះអង្គទេ ដែលអាចធ្វើឲ្យគ្រោងឆ្អឹងដែលរីងស្ងួត មានជីវិតឡើង។ ហើយបន្ទាប់ពី សន្លាក់ សាច់ និងស្បែកដុះនៅលើឆ្អឹងនោះហើយ “រូបកាយនោះមិនទាន់មានដង្ហើមទេ”(ខ.៨)។ គឺទាល់តែព្រះទ្រង់ប្រទានខ្យល់ដង្ហើមដល់ពួកគេ ទើបពួកគេអាចមានជីវិតរស់ឡើងវិញ(ខ.១០)។
ការបើកសម្តែងនេះ បានបកស្រាយអំពីព្រះបន្ទូលរបស់ព្រះ ដែលបានសន្យាថា នឹងស្អាងប្រជាជាតិអ៊ីស្រាអែល ពីភាពហិនហោចឡើងវិញ។ ការបើកសម្តែងនេះក៏បានរំឭកខ្ញុំផងដែរថា អ្វីក៏ដោយដែលខ្ញុំមាន ធំ ឬតូច គឺសុទ្ធតែគ្មានប្រយោជន៍ បើសិនជាព្រះទ្រង់មិនបានប្រទានខ្យល់ដង្ហើមមកខ្ញុំទេនោះ។
ចូរយើងអរព្រះគុណព្រះ សម្រាប់ព្រះពរសាមញ្ញបំផុត ក្នុងជីវិត នៅថ្ងៃនេះ។ ក្នុងទុក្ខលំបាកប្រចាំថ្ងៃ ចូរយើងឈប់បង្អង់យូរៗម្តង ដើម្បីដកដង្ហើមធំ ហើយពោលថា “គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ”(ទំនុកដំកើង ១៥០:៦)។—Leslie Koh