មាន​ពេល​មួយ លោកទី អ៊ុន(Tee Unn) មាន​ជំងឺ​ដ៏​កម្រ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​គាត់​ទាំង​អស់​ចុះ​ខ្សោយ ហើយ​គាត់​ស្ទើរ​តែ​បាត់​បង់​ជីវិត។ ពេល​នោះ គាត់​ដឹង​ថា ការ​ដែល​គាត់​នៅ​អាច​ដក​ដង្ហើម គឺ​អំណោយ​មក​ពី​ព្រះ។ អស់​រយៈ​ពេល​ជាង​១​សប្តាហ៍ ម៉ាស៊ីន​អុក​ស៊ីសែន​បាន​បញ្ចូល​ខ្យល់ ទៅ​ក្នុង​សួត​គាត់ រៀង​រាល់​ពីរ​បី​វិនាទី​ម្តង ជា​ដំណាក់​កាល​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចុក​ចាប់​បំផុត ក្នុង​ការ​ព្យាបាល​នោះ។​

លោកទី អ៊ុន ក៏​បាន​ជា​ពី​ជំងឺ​នោះ ដោយ​ការ​អស្ចារ្យ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​បាន​រំឭក​ខ្លួន​គាត់​ថា គាត់​មិន​ត្រូវ​រអ៊ូ​រទាំ អំពី​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ឡើយ។ គាត់​ថា គាត់​គ្រាន់​តែ​ដក​ដង្ហើម​ឲ្យ​ជ្រៅ ហើយ​និយាយ​ថា “ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែលទូល​បង្គំ​អាច​ដក​ដង្ហើម”។

យើង​ពិត​ជា​ងាយ​នឹង​ផ្តោត​ទៅ​លើ​អ្វី ដែល​យើង​ត្រូវ​ការ ​ឬ​ចង់​បាន ហើយ​ភ្លេច​គិត​ថា ជូន​កាល ការ​តូច​បំផុត ក្នុង​ជីវិត​ អាច​ជាការ​អស្ចារ្យ​បំផុត។ ក្នុង​ការ​បើក​សម្តែង ដែល​លោក​អេសេគាល​បាន​ទទួល​ពី​ព្រះ(អេសេគាល ៣៧:១-១៤) ព្រះ​អង្គ​បានបង្ហាញ​ឲ្យ​ហោរា​រូប​នេះ​ដឹង​ថា មានតែ​ព្រះ​អង្គ​ទេ ដែល​អាច​ធ្វើ​ឲ្យ​គ្រោង​ឆ្អឹង​ដែល​រីង​ស្ងួត មាន​ជីវិត​ឡើង។ ហើយ​បន្ទាប់​ពី សន្លាក់ សាច់ និង​ស្បែក​ដុះ​នៅ​លើ​ឆ្អឹង​នោះ​ហើយ “រូប​កាយ​នោះ​មិន​ទាន់​មាន​ដង្ហើម​ទេ”(ខ.៨)។ គឺ​ទាល់​តែ​ព្រះ​ទ្រង់​ប្រទាន​ខ្យល់​ដង្ហើម​ដល់​ពួក​គេ ទើប​ពួក​គេ​អាច​មាន​ជីវិត​រស់​ឡើង​វិញ​(ខ.១០)។

ការ​បើក​សម្តែង​នេះ បាន​បក​ស្រាយ​អំ​ពី​ព្រះ​បន្ទូល​របស់​ព្រះ ដែល​បាន​សន្យា​ថា នឹង​ស្អាង​ប្រជា​ជាតិ​អ៊ីស្រាអែល ពី​ភាព​ហិនហោច​ឡើង​វិញ។ ការ​បើក​សម្តែង​នេះ​ក៏​បាន​រំឭក​ខ្ញុំ​ផង​ដែរ​ថា អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​មាន ធំ ឬ​តូច គឺ​សុទ្ធ​តែ​គ្មាន​ប្រយោជន៍ បើ​សិនជា​ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ខ្យល់​ដង្ហើម​មក​ខ្ញុំ​ទេ​នោះ។​

ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ព្រះ​ពរ​សាមញ្ញ​បំផុត ក្នុង​ជីវិត នៅ​ថ្ងៃ​នេះ។ ក្នុង​ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ ចូរ​យើង​ឈប់​បង្អង់​យូរ​ៗម្តង ដើម្បី​ដក​ដង្ហើម​ធំ ហើយ​ពោល​ថា “គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះយេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ”(ទំនុកដំកើង ១៥០:៦)។—Leslie Koh