នៅ​ថ្ងៃ​ដ៏​ស្រស់​ស្រាយ ខ្ញុំ​បាន​ចេញ​ដើរ​កម្សាន្ត ហើយ​មិន​យូរ​ប៉ុន្មាន ក៏​បាន​ជួប​អ្នក​ជិត​ខាង​ម្នាក់ ដែល​ទើប​តែ​ផ្លាស់​ទី​លំ​នៅ មកក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ គាត់​បាន​បង្អាក់​ដំណើរ​ខ្ញុំ ហើយ​ក៏​បាន​ណែ​នាំ​ខ្លួន​ថា គាត់​ឈ្មោះ លោកុប្បត្តិ មាន​អាយុ​៦​ឆ្នាំ​កន្លះ។

ខ្ញុំក៏​បាន​តប​ថា “លោកុប្បត្តិ គឺ​ជា​ឈ្មោះដ៏​អស្ចារ្យ! ​គឺ​ជា​កណ្ឌ​គម្ពីរ​មួយ នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប”។

គាត់​ក៏​បាន​សួរ​ខ្ញុំ​ថា “ព្រះ​គម្ពីរ​ប៊ីប​ជា​អ្វី?”

ខ្ញុំក៏​បាន​ប្រាប់​គាត់​ថា ​“ព្រះ​គម្ពីរ​ប៊ីប​ជា​សៀវភៅ​រឿង​របស់​ព្រះ ដែល​និយាយ អំពី​ការ​ដែល​ព្រះ​អង្គ​បង្កើត​ពិភព​លោក និងមនុស្ស និង​អំពី​ក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង”។

ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​គាត់​ជជីក​សួរ​ថា “ហេតុអ្វី​បាន​ជា​ទ្រង់​បង្កើត​ពិភព​លោក និង​មនុស្ស​ ឡាន និង​ផ្ទះ? តើ​មាន​រូប​ថត​ខ្ញុំ ក្នុង​សៀវភៅ​របស់​ទ្រង់​ទេ?”

ព្រះ​គម្ពីរ​ប៊ីប​មិន​មាន​រូប​ថត មិត្ត​ភក្តិ​ថ្មី​ខ្ញុំ ឈ្មោះ​លោកុប្បត្តិ ឬ​រូប​ថត​យើង​រាល់​គ្នា​នោះ​ឡើយ តែ​យើង​ជា​ចំណែក​ដ៏​សំខាន់ នៅក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​ជា​សៀវភៅ​រឿង​របស់​ព្រះ។ យើង​ឃើញ​ថា ក្នុង​បទ​គម្ពីរ លោកុប្បត្តិ ជំពូក១ “ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី”(ខ.២៧)។ ព្រះ​អង្គ​ក៏​បាន​ដើរ​ជា​មួយ​ពួក​គេ នៅ​ក្នុង​សួន​ច្បារ ហើយ​ក៏​បាន​ដើរ​ជា​មួយ​ពួក​គេ នៅ​ក្នុង​សួន​ច្បារ​អេដែន ហើយ​បន្ទាប់​មក​ក៏​បាន​ព្រមាន​ពួក​គេ ​អំពីគ្រោះ​ថ្នាក់ នៃ​ការ​ល្បួង ដែល​នាំ​ឲ្យ​ពួក​គេ​ចង់​ធ្វើ​ជា​ព្រះ ដោយ​ខ្លួន​ឯង​(ជំពូក៣)។ ក្រោយ​មក នៅ​ក្នុង​ព្រះ​គម្ពីរ​ ទ្រង់​ក៏​បានប្រាប់​យើង អំពី​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុតា្រ បាន​យាង​មក​ដើរ​ជា​មួយ​មនុស្ស​ជាតិ​ម្តង​ទៀត ហើយ​ក៏​បាន​ប្រទាន​ផែន​ការ សម្រាប់​ការ​អត់​ទោស​បាប និង​ការ​ស្អាង​ស្នា​ព្រះ​ហស្ថ​ទ្រង់​ឡើង​វិញ។

ពេល​ណា​យើង​អាន​ព្រះ​គម្ពីរ​ប៊ីប យើង​ក៏​បាន​ដឹង​ថា ព្រះ​អាទិករ​ដែល​បាន​បង្កើត​យើង​មក សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ស្គាល់​ព្រះ​អង្គ ជជែក​ជា​មួយ​ព្រះអង្គ ហើយ​ថែម​ទាំង​ទូល​សួរ​ព្រះ​អង្គ នូវ​សំណួរ​ផ្សេង​ៗ​ផង​ដែរ។ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហួស​ក្តី​ស្រមៃ​របស់​យើង​ទៅ​ទៀត។—Anne Cetas