នៅថ្ងៃដ៏ស្រស់ស្រាយ ខ្ញុំបានចេញដើរកម្សាន្ត ហើយមិនយូរប៉ុន្មាន ក៏បានជួបអ្នកជិតខាងម្នាក់ ដែលទើបតែផ្លាស់ទីលំនៅ មកក្នុងតំបន់ដែលខ្ញុំរស់នៅ។ គាត់បានបង្អាក់ដំណើរខ្ញុំ ហើយក៏បានណែនាំខ្លួនថា គាត់ឈ្មោះ លោកុប្បត្តិ មានអាយុ៦ឆ្នាំកន្លះ។
ខ្ញុំក៏បានតបថា “លោកុប្បត្តិ គឺជាឈ្មោះដ៏អស្ចារ្យ! គឺជាកណ្ឌគម្ពីរមួយ នៅក្នុងព្រះគម្ពីរប៊ីប”។
គាត់ក៏បានសួរខ្ញុំថា “ព្រះគម្ពីរប៊ីបជាអ្វី?”
ខ្ញុំក៏បានប្រាប់គាត់ថា “ព្រះគម្ពីរប៊ីបជាសៀវភៅរឿងរបស់ព្រះ ដែលនិយាយ អំពីការដែលព្រះអង្គបង្កើតពិភពលោក និងមនុស្ស និងអំពីក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង”។
ខ្ញុំក៏បានញញឹម ពេលដែលគាត់ជជីកសួរថា “ហេតុអ្វីបានជាទ្រង់បង្កើតពិភពលោក និងមនុស្ស ឡាន និងផ្ទះ? តើមានរូបថតខ្ញុំ ក្នុងសៀវភៅរបស់ទ្រង់ទេ?”
ព្រះគម្ពីរប៊ីបមិនមានរូបថត មិត្តភក្តិថ្មីខ្ញុំ ឈ្មោះលោកុប្បត្តិ ឬរូបថតយើងរាល់គ្នានោះឡើយ តែយើងជាចំណែកដ៏សំខាន់ នៅក្នុងព្រះគម្ពីរប៊ីប ដែលជាសៀវភៅរឿងរបស់ព្រះ។ យើងឃើញថា ក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក១ “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(ខ.២៧)។ ព្រះអង្គក៏បានដើរជាមួយពួកគេ នៅក្នុងសួនច្បារ ហើយក៏បានដើរជាមួយពួកគេ នៅក្នុងសួនច្បារអេដែន ហើយបន្ទាប់មកក៏បានព្រមានពួកគេ អំពីគ្រោះថ្នាក់ នៃការល្បួង ដែលនាំឲ្យពួកគេចង់ធ្វើជាព្រះ ដោយខ្លួនឯង(ជំពូក៣)។ ក្រោយមក នៅក្នុងព្រះគម្ពីរ ទ្រង់ក៏បានប្រាប់យើង អំពីព្រះយេស៊ូវ ដែលជាព្រះរាជបុតា្រ បានយាងមកដើរជាមួយមនុស្សជាតិម្តងទៀត ហើយក៏បានប្រទានផែនការ សម្រាប់ការអត់ទោសបាប និងការស្អាងស្នាព្រះហស្ថទ្រង់ឡើងវិញ។
ពេលណាយើងអានព្រះគម្ពីរប៊ីប យើងក៏បានដឹងថា ព្រះអាទិករដែលបានបង្កើតយើងមក សព្វព្រះទ័យឲ្យយើងស្គាល់ព្រះអង្គ ជជែកជាមួយព្រះអង្គ ហើយថែមទាំងទូលសួរព្រះអង្គ នូវសំណួរផ្សេងៗផងដែរ។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង ហួសក្តីស្រមៃរបស់យើងទៅទៀត។—Anne Cetas