ក្នុងកម្មវិធីផ្សាយពាណិជ្ជកម្ម នៅលើកញ្ចក់ទូរទស្សន៍ ដែលខ្ញុំបានមើលកាលពីពេលថ្មីៗនេះ ខ្ញុំឃើញស្រ្តីម្នាក់ បានសួរមនុស្សម្នាក់ ក្នុងចំណោមមនុស្សមួយក្រុម ដែលកំពុងទស្សនាទូរទស្សន៍។ គាត់សួរថា “លោកម៉ាក(Mark) តើលោកកំពុងស្វែងរកអ្វី នៅលើកញ្ចក់ទូរទស្សន៍?” គាត់ក៏បានឆ្លើយតប ដោយការគិតដិតដល់ថា គាត់កំពុងស្វែងរកចារិកលក្ខណៈរបស់គាត់ ដែលធ្វើការសម្រេចចិត្ត មិនផ្អែកទៅលើការភ័យខ្លាច។ គាត់ឆ្លើយដូចនេះ ដោយមិនបានដឹងថា តាមពិត នាងកំពុងតែសួរគាត់ថា តើគាត់ចូលចិត្តមើលអ្វី នៅលើកញ្ចក់ទូរទស្សន៍។
ខ្ញុំគិតថា នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំមិនបានរំពឹងថា កម្មវិធីផ្សាយពាណិជ្ជកម្មនៅលើកញ្ចក់ទូរទស្សន៍ ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងយ៉ាងនេះទេ។ តែខ្ញុំអាចយល់អារម្មណ៍របស់លោកម៉ាក។ ជួនកាល ខ្ញុំក៏មានការអៀនខ្មាស់ផងដែរ នៅពេលដែលការភ័យខ្លាចដឹកនាំជីវិតខ្ញុំ។
ពួកសាវ័ករបស់ព្រះយេស៊ូវ ក៏ធ្លាប់មានការភ័យខ្លាចដ៏ធ្ងន់ធ្ងរផងដែរ។ មានពេលមួយ ពួកគេធ្វើដំណើរឆ្លងកាត់សមុទ្រកាឡីឡេ(ម៉ាកុស ៤:៣៥) នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ(ខ.៣៧)។ ការភ័យខ្លាចក៏បានគ្របសង្កត់ពួកគេ ហើយពួកគេគិតថា ព្រះយេស៊ូវប្រហែលមិនខ្វល់អំពីពួកគេទេ ព្រោះព្រះអង្គកំពុងផ្ទុំនៅលើកន្សៃទូកយ៉ាងសុខសាន្ត។ ពួកគេក៏បានទូលព្រះអង្គថា “លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី?”(ខ.៣៨)។
ការភ័យខ្លាច ធ្វើឲ្យពួកសាវ័កមានការយល់ខុស ដោយធ្វើឲ្យពួកគេមិនអាចមើលឃើញព្រះទ័យដ៏ល្អ ដែលព្រះយេស៊ូវ មានចំពោះពួកគេ។ បន្ទាប់ពីព្រះអង្គកំហែងខ្យល់ និងបង្គាប់ទៅសមុទ្រឲ្យស្ងប់(ខ.៣៩) ព្រះអង្គក៏បានប្រដៅពួកសិស្ស ដោយសួរពួកគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្តីជំនឿ?”(ខ.៤០)។
ខ្យល់ព្យុះក៏បក់បោកក្នុងជីវិតយើងផងដែរ តើមែនទេ? តែសំណួររបស់ព្រះយេស៊ូវ អាចជួយឲ្យយើងផ្លាស់ប្តូរការគិត អំពីការភ័យខ្លាចរបស់យើង។ ទីមួយ : ពេលដែលព្រះអង្គសួរថា “ហេតុអ្វីបានជាអ្នករាល់គ្នា មានការភ័យខ្លាចដល់ម្ល៉េះ?” គឺមានន័យថា យើងត្រូវដឹងច្បាស់ថា យើងកំពុងភ័យខ្លាចអ្វីពិតប្រាកដ។ ទីពីរ : ពេលដែលព្រះអង្គសួរយើងថា “ម្តេចក៏គ្មានសេចក្តីជំនឿ?” គឺមានន័យថា យើងត្រូវថ្វាយការភ័យខ្លាច ដល់ព្រះអង្គ ដោយទុកចិត្តព្រះអង្គ ហើយទូលសូមឲ្យព្រះអង្គ បើកភ្នែកឲ្យយើងឃើញរបៀប ដែលព្រះអង្គដឹកនាំយើង សូម្បីតែនៅក្នុងពេលដែលជីវិតយើងមានខ្យល់ព្យុះបក់បោកមកខ្លាំងបំផុត។—Adam R. Holz