ក្នុង​កម្ម​វិធី​ផ្សាយ​ពាណិជ្ជ​កម្ម នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដែល​ខ្ញុំ​បាន​មើល​កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ឃើញ​ស្រ្តី​ម្នាក់ បាន​សួរ​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម ដែល​កំពុង​ទស្សនា​ទូរទស្សន៍។ គាត់​សួរ​ថា “លោកម៉ាក(Mark) តើ​លោក​កំពុង​ស្វែង​រក​អ្វី នៅ​លើ​កញ្ចក់​ទូរទស្សន៍?” គាត់​ក៏​បាន​ឆ្លើយ​តប ដោយ​ការ​គិត​ដិត​ដល់​ថា គាត់​កំពុង​ស្វែង​រក​ចារិក​លក្ខណៈ​របស់​គាត់ ដែល​ធ្វើការ​សម្រេច​ចិត្ត មិន​ផ្អែក​ទៅ​លើ​ការ​ភ័យ​ខ្លាច។ គាត់​ឆ្លើយ​ដូច​នេះ ដោយ​មិន​បាន​ដឹង​ថា តាម​ពិត នាង​កំពុង​តែ​សួរ​គាត់​ថា តើគាត់​ចូល​ចិត្ត​មើល​អ្វី នៅ​លើ​កញ្ចក់​ទូរទស្សន៍។

ខ្ញុំ​គិត​ថា នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ ខ្ញុំ​មិន​បាន​រំពឹង​ថា កម្ម​វិធី​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ​ធ្វើ​ឲ្យ​ខ្ញុំមាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​នេះ​ទេ។ តែ​ខ្ញុំ​អាច​យល់​អារម្មណ៍​របស់​លោក​ម៉ាក។ ជួន​កាល​ ខ្ញុំ​ក៏​មាន​ការ​អៀន​ខ្មាស់​ផង​ដែរ នៅ​ពេល​ដែល​ការ​ភ័យ​ខ្លាច​ដឹក​នាំ​ជីវិត​ខ្ញុំ។

ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​ធ្លាប់​មាន​ការ​ភ័យ​ខ្លាច​ដ៏​ធ្ងន់​ធ្ងរ​ផង​ដែរ។ មាន​ពេល​មួយ ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​កាឡីឡេ​(ម៉ាកុស ៤:៣៥) នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បាន​ជា​ទូក​ពេញ​ហើយ(ខ.៣៧)។ ការ​ភ័យ​ខ្លាច​ក៏​បាន​គ្រប​សង្កត់​ពួក​គេ ហើយ​ពួក​គេ​គិត​ថា ព្រះ​យេស៊ូវ​ប្រហែល​មិន​ខ្វល់​អំពី​ពួក​គេ​ទេ​ ព្រោះ​ព្រះ​អង្គ​កំពុង​ផ្ទុំ​នៅលើ​កន្សៃ​ទូក​យ៉ាង​សុខ​សាន្ត។ ពួក​គេ​ក៏​បាន​ទូល​ព្រះ​អង្គ​ថា​ “លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី?”(ខ.៣៨)។

ការ​ភ័យ​ខ្លាច ធ្វើ​ឲ្យ​ពួក​សាវ័ក​មាន​ការ​យល់​ខុស ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​មើល​ឃើញ​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​យេស៊ូវ មានចំពោះ​ពួក​គេ។ បន្ទាប់​ពី​ព្រះ​អង្គ​កំហែង​ខ្យល់ និង​បង្គាប់​ទៅ​សមុទ្រឲ្យ​ស្ងប់(ខ.៣៩) ព្រះ​អង្គ​ក៏​បាន​ប្រដៅ​ពួក​សិស្ស ដោយ​សួរ​ពួក​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ?”(ខ.៤០)។

ខ្យល់​ព្យុះ​ក៏​បក់​បោក​ក្នុង​ជីវិត​យើង​ផង​ដែរ តើ​មែន​ទេ? តែ​សំណួរ​របស់​ព្រះ​យេស៊ូវ​ ​ អាច​ជួយ​ឲ្យ​យើង​ផ្លាស់​ប្តូរ​ការ​គិត​ អំពី​ការ​ភ័យ​ខ្លាច​របស់​យើង។ ទី​មួយ : ពេល​ដែល​ព្រះ​អង្គ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា មាន​ការ​ភ័យ​ខ្លាច​ដល់​ម្ល៉េះ?” គឺ​មាន​ន័យ​ថា យើង​ត្រូវ​ដឹង​ច្បាស់​ថា យើង​កំពុង​ភ័យ​ខ្លាច​អ្វី​ពិត​ប្រាកដ។ ទីពីរ : ពេល​ដែល​ព្រះ​អង្គ​សួរ​យើង​ថា “ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ?” គឺ​មាន​ន័យ​ថា យើង​ត្រូវ​ថ្វាយ​ការ​ភ័យ​ខ្លាច ដល់​ព្រះ​អង្គ ដោយ​ទុក​ចិត្ត​ព្រះ​អង្គ ហើយ​ទូល​សូម​ឲ្យ​ព្រះ​អង្គ បើក​ភ្នែក​ឲ្យ​យើង​ឃើញ​របៀប​ ដែល​ព្រះ​អង្គ​ដឹក​នាំ​យើង សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ជីវិត​យើង​មាន​ខ្យល់​ព្យុះ​​បក់​បោក​មក​ខ្លាំង​បំផុត​។—Adam R. Holz