កាលប៉ុន្មានទសវត្សរ៍មុន បណ្ឌិត ជើរី ម៉ូតូ(Jerry Motto) បានរកឃើញអំណាច នៃ “សំបុត្រ ដែលសរសេរដោយការយកចិត្តទុកដាក់”។ ការស្រាវជ្រាវរបស់គាត់បានរកឃើញថា ការសរសេរសំបុត្របង្ហាញការយកចិត្តទុកដាក់ ផ្ញើទៅអ្នកជំងឺ ដែលធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន អាចកាត់បន្ថយអត្រានៃការព្យាយាមសម្លាប់ខ្លួនម្តងទៀត បាន៥០ភាគរយ។ ថ្មីៗនេះ អ្នកថែទំាអ្នកជំងឺផ្លូវចិត្តបានរកឃើញអំណាចនៃសំបុត្រប្រភេទនេះ ពេលដែលពួកគេផ្ញើសារ កាតប៉ុស្តាល់ ឬពាក្យខ្លីៗក្នុងបណ្តាញសង្គម ដើម្បីបន្តលើកទឹកចិត្តអ្នកជំងឺ ដែលធ្លាប់មានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។
ព្រះគម្ពីរប៊ីបទាំងមូល មានកណ្ឌគម្ពីរ២១កណ្ឌ ដែលសុទ្ធតែជាសំបុត្ររបស់ពួកសាវ័ក ដែលផ្តល់ការយកចិត្តទុកដាក់ ដល់អ្នកជឿនៅសតវត្សរ៍ទី១ ដែលកំពុងតែជួបការលំបាកផ្សេងៗ។ សាវ័កប៉ុល យ៉ាកុប និងយ៉ូហាន បានសរសេរសំបុត្រទាំងនោះ ដើម្បីពន្យល់ អំពីមូលដ្ឋានគ្រឹះនៃជំនឿ ការថ្វាយបង្គំ និងអំពីរបៀបដោះស្រាយបញ្ហាជម្លោះ និងបង្កើតការរួបរួម។
ចំណែកឯសាវ័កពេត្រុសវិញ លោកបានសរសេរសំបុត្រផ្ញើទៅអ្នកជឿ ដែលកំពុងទទួលរងការបៀតបៀន ដោយអធិរាជនេរ៉ូ (Nero)នៃចក្រភពរ៉ូម៉ាំង។ សាវ័កពេត្រុសបានរំឭកពួកគេ អំពីតម្លៃដែលពួកគេមានក្នុងព្រះ ដោយពន្យល់ពួកគេ នៅក្នុងបទគម្ពីរ ១ពេត្រុស ២:៩ ថា “អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់។ ការនេះបាននាំឲ្យពួកគេមានការយល់ដឹងកាន់តែច្បាស់ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មានចំពោះពួកគេ ក្នុងលោកិយនេះ។
ព្រះដ៏អស្ចារ្យនៃយើងបានបណ្តាលចិត្តគេ ឲ្យតែងព្រះគម្ពីរប៊ីប ដែលជាសំបុត្រ នៃការយកព្រះទ័យទុកដាក់ ចំពោះយើង ដើម្បីឲ្យយើងស្គាល់តម្លៃ ដែលព្រះអង្គប្រទានមកយើងម្នាក់ៗ ដែលជាកម្មសិទ្ធិរបស់ព្រះអង្គ។ ចូរយើងអានសំបុត្រព្រះអង្គ ហើយចែកចាយសំបុត្រនោះ ដល់អ្នកដទៃ ដែលត្រូវការសេចក្តីសង្ឃឹម ដែលព្រះយេស៊ូវបានប្រទាន។—Elisa Morgan