កាល​ប៉ុន្មាន​ទសវត្សរ៍​មុន បណ្ឌិត ជើរី ម៉ូតូ(Jerry Motto) បាន​រក​ឃើញ​អំណាច នៃ “សំបុត្រ ដែល​សរសេរ​ដោយ​ការ​យក​ចិត្តទុក​ដាក់”។ ការ​ស្រាវ​ជ្រាវ​របស់​គាត់​បាន​រក​ឃើញ​ថា ការ​សរសេរ​សំបុត្រ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ផ្ញើ​ទៅ​អ្នក​ជំងឺ ដែល​ធ្លាប់ប៉ុន​ប៉ង​សម្លាប់​ខ្លួន អាច​កាត់​បន្ថយ​អត្រានៃ​ការ​ព្យាយាម​សម្លាប់​ខ្លួន​ម្តង​ទៀត បាន​៥០​ភាគ​រយ។ ថ្មី​ៗ​នេះ អ្នក​ថែទំា​អ្នក​ជំងឺ​ផ្លូវចិត្ត​បាន​រក​ឃើញ​អំណាច​នៃ​សំបុត្រ​ប្រភេទ​នេះ ពេល​ដែល​ពួក​គេ​ផ្ញើ​សារ កាត​ប៉ុស្តាល់ ឬ​ពាក្យ​ខ្លី​ៗ​ក្នុង​បណ្តាញ​សង្គម ដើម្បី​បន្ត​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ ដែល​ធ្លាប់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ។

ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល មាន​កណ្ឌ​គម្ពីរ​២១​កណ្ឌ ដែល​សុទ្ធ​តែ​ជា​សំបុត្រ​របស់​ពួក​សាវ័ក ដែល​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ដល់​អ្នក​ជឿ​នៅ​សតវត្សរ៍​ទី​១ ដែល​កំពុង​តែ​ជួប​ការ​លំបាក​ផ្សេង​ៗ។ សាវ័ក​ប៉ុល យ៉ាកុប និង​យ៉ូហាន បាន​សរសេរ​សំបុត្រ​ទាំង​នោះ ដើម្បី​ពន្យល់ អំពី​មូល​ដ្ឋាន​គ្រឹះនៃ​ជំនឿ ការ​ថ្វាយ​បង្គំ និង​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ជម្លោះ និង​បង្កើត​ការ​រួប​រួម។

ចំណែក​ឯ​សាវ័ក​ពេត្រុស​វិញ លោក​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អ្នក​ជឿ ដែល​កំពុង​ទទួល​រង​ការ​បៀត​បៀន ដោយ​អធិរាជនេរ៉ូ (Nero)នៃ​ចក្រ​ភព​រ៉ូម៉ាំង។  សាវ័ក​ពេត្រុស​បាន​រំឭក​ពួក​គេ អំពី​តម្លៃ​ដែល​ពួក​គេ​មាន​ក្នុង​ព្រះ ដោយ​ពន្យល់​ពួក​គេ នៅ​ក្នុង​បទគម្ពីរ ១ពេត្រុស ២:៩ ថា “អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់។ ការ​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ អំពី​បំណង​ព្រះ​ទ័យ​ ដែល​ព្រះ​ទ្រង់​មានចំពោះ​ពួក​គេ ក្នុង​លោកិយ​នេះ។

ព្រះដ៏​អស្ចារ្យ​នៃ​យើង​បាន​បណ្តាល​ចិត្ត​គេ​ ឲ្យ​តែង​ព្រះ​គម្ពីរ​ប៊ីប ដែល​ជា​សំបុត្រ នៃ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​យើង​ ដើម្បី​ឲ្យ​យើង​ស្គាល់​តម្លៃ ដែល​ព្រះ​អង្គ​ប្រទាន​មក​យើង​ម្នាក់​ៗ ដែល​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ។ ចូរ​យើង​អាន​សំបុត្រ​ព្រះ​អង្គ ហើយចែក​ចាយ​សំបុត្រ​នោះ ដល់​អ្នក​ដទៃ ដែល​ត្រូវ​ការ​សេចក្តី​សង្ឃឹម ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន។—Elisa Morgan