បណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) និងលោកភីលីព យេនស៊ី(Philip Yancey) បានរួមគ្នានិពន្ធសៀវភៅ ដែលមានចំណងជើងថា ត្រូវបានបង្កើតមក យ៉ាងគួរកោត និងគួរអស្ចារ្យ ។ ក្នុងសៀវភៅនេះ បណ្ឌិតប៉ុល ប្រ៊ែនបានធ្វើការសង្កេតឃើញថា “បេះដូងរបស់សត្វចាប ហាំមីងដ៏តូចល្អិត មានទម្ងន់តែប៉ុន្មានក្រាមប៉ុណ្ណោះ តែវាលោត៨រយដង ក្នុងមួយនាទី។ បេះដូងរបស់សត្វត្រីប៉ាឡែនពណ៌ខៀវវិញ មានទម្ងន់កន្លះតោន តែវាលោតតែ១០ដងក្នុងមួយនាទីប៉ុណ្ណោះ ហើយគេអាចឮសម្លេងបេះដូងវាលោត ពីចម្ងាយ៣គីឡូ។ តែបេះដូងរបស់មនុស្ស មិនមានលក្ខណៈដែលគួរឲ្យចាប់អារម្មណ៍ដូចសត្វទាំងនេះទេ តែវាបានបំពេញតួនាទីរបស់វា ដោយលោត១០ម៉ឺនដង ក្នុងមួយថ្ងៃ(៦៥ ទៅ៧០ដង ក្នុងមួយនាទី) ដោយមិនឈប់សម្រាក ដើម្បីជួយឲ្យយើងរស់នៅបាន៧០ឆ្នាំ ឬលើសពីនេះទៀត”។
បេះដូងរបស់យើងពិតជាអស្ចារ្យណាស់ ដោយវាបានផ្តល់កម្លាំងឲ្យយើងយ៉ាងល្អិតល្អន់ ដើម្បីការរស់នៅ បានជាគេប្រៀបប្រដូចវា ទៅនឹងចិត្ត នៅក្នុងវិញ្ញាណរបស់យើងផងដែរ។ តែចិត្ត ឬបេះដូងខាងវិញ្ញាណ ងាយនឹងជាប់គាំង។ តើយើងត្រូវធ្វើដូចម្តេច?
លោកអេសាភ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជាអ្នកដឹកនាំការថ្វាយបង្គំរបស់ជនជាតិអ៊ីស្រាអែល។ គាត់បានទទួលស្គាល់ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៧៣ថា កម្លាំងដ៏ពិតគឺមានប្រភពមកពីខាងក្រៅខ្លួនយើង។ គឺដូចដែលគាត់បានសរសេរថា “ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ”(ខ.២៦)។ លោកអេសាភនិយាយត្រូវ។ ព្រះដ៏រស់ គឺជាប្រភពកម្លាំង ដ៏អស់កល្បរបស់យើង។ ក្នុងនាមព្រះអង្គជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី អំណាចចេស្តារបស់ព្រះអង្គ គ្មានដែនកំណត់ គឺខុសពីយើងរាល់គ្នា។
ក្នុងពេលដែលយើងមានទុក្ខលំបាក និងបញ្ហាប្រឈម ចូរយើងចំាថា ព្រះទ្រង់ជាកម្លាំងដ៏ពិត នៃចិត្តរបស់យើង គឺដូចដែលលោកអេសាភបានរកឃើញកម្លាំងនេះ នៅក្នុងទុក្ខលំបាករបស់គាត់។ ដូចនេះ យើងអាចសម្រាក ក្នុងកម្លាំងរបស់ព្រះអង្គ ជារៀងរាល់ថ្ងៃ។—Bill Crowder