នៅពេលយប់ជ្រៅ នៅវាលរហោស្ថាន សូណូរ៉ាន ដ៏ក្រៀមក្រោះ នៅតំបន់អាមេរិកខាងជើង គេអាចស្តាប់ឮសម្រែកសត្វ ដែលាន់ឮដូចគេផ្លុំកញ្ចែ។ ប៉ុន្តែ អ្នកប្រហែលមិនបានដឹងថា សម្លេងនោះចេញមកពីប្រភពណាទេ។ តាមពិត វាជាសម្លេងលូរបស់សត្វកណ្តុរប្រមេះ ដែលគេបានដាក់រហ័សនាមឲ្យថា កណ្តុះប្រមេះកណ្តូប។ វាលូដាក់លោកខែ ដើម្បីប្រកាសឲ្យគេដឹងថា តំបន់នោះជាតំបន់របស់វា។
សត្វកកេរដ៏ចម្លែកនេះក៏ជាសត្វដែលស៊ីសាច់ជាអាហារផងដែរ។ តាមពិត វាក៏តាមប្រម៉ាញ់សត្វមួយចំនួនតូច ដែលសត្វដទៃទៀតមិនហ៊ាននៅក្បែរ ដែលមានដូចជាសត្វខ្យាដំរីជាដើម។ តែព្រះទ្រង់បានប្រទានឲ្យសត្វកណ្តុរប្រមេះមានសមត្ថភាព សម្រាប់ការប្រយុទ្ធជាមួយសត្វសាហាវប្រភេទនេះ។ វាមិនគ្រាន់តែមានភាពស៊ាំនឹងជាតិពិសរបស់សត្វខ្យាដំរីប៉ុណ្ណោះទេ តែថែមទាំងអាចកែប្រែជាតិពិស ឲ្យក្លាយជាថ្នាំបំបាត់ការឈឺចាប់ទៀតផង។
មានមេរៀនលើកទឹកចិត្តជាច្រើនដែលយើងអាចរៀនបាន ពីសត្វកណ្តុរតូចល្អិតដ៏មោះមុតនេះ ដែលព្រះទ្រង់បានបង្កើតមក ឲ្យអាចរស់ និងថែមទាំងចម្រើនឡើង ក្នុងបរិស្ថានដ៏ក្រៀមក្រោះ។ សាវ័កប៉ុលបានពន្យល់ ក្នុងបទគម្ពីរអេភេសូរ ២:១០ ថា ព្រះទ្រង់ក៏បានរចនារាស្រ្តរបស់ទ្រង់មក ដោយភាពប៉ិនប្រសប់ដ៏អស្ចារ្យដូចនេះផងដែរ ដើម្បីឲ្យពួកគេអាចរស់នៅ ក្នុងលោកិយដែលមានពេញដោយអំពើបាប និងទុក្ខលំបាក។ យើងម្នាក់ៗជាស្នាដៃដែលទ្រង់បានបង្កើត ក្នុងព្រះគ្រីស្ទ ដែលត្រូវបានបំពាក់នូវសមត្ថភាពពិសេស ដើម្បីរួមចំណែកនៅក្នុងនគររបស់ព្រះអង្គ។ ទោះព្រះទ្រង់បានប្រទានអ្នក នូវអំណោយទានអ្វីក៏ដោយ អ្នកមានការជាច្រើន ដែលត្រូវធ្វើថ្វាយទ្រង់។ ខណៈពេលដែលអ្នកបានដឹងច្បាស់ថា ព្រះទ្រង់បានកែប្រែជីវិតអ្នកឲ្យក្លាយជាមនុស្សថ្មីហើយ នោះអ្នកត្រូវរស់នៅ ជាស្មរបន្ទាល់ដ៏រស់ ដែលនាំឲ្យគេស្គាល់ក្តីសង្ឃឹម និងក្តីអំណរនៃជីវិត ក្នុងព្រះអង្គ។
ដូចនេះ ទោះអ្នកជួបបញ្ហាលំបាកយ៉ាងណាក៏ដោយ ក្នុងជីវិត ចូរក្លាហានឡើង។ អ្នកប្រហែលជាមានអារម្មណ៍ថា ខ្លួនអ្នកតូចទាបណាស់ តែដោយសារព្រះទ្រង់បានប្រទានព្រះវិញ្ញាណព្រះអង្គ មកដើម្បីចម្រើនកម្លាំងយើង នោះព្រះអង្គអាចប្រើយើងឲ្យធ្វើការដ៏ធំឧត្តម្ភ។—Monica La Rose