នៅ​ពេល​យប់​ជ្រៅ នៅ​វាល​រហោ​ស្ថាន សូណូរ៉ាន ដ៏​ក្រៀម​ក្រោះ នៅ​តំបន់​អាមេរិក​ខាង​ជើង គេ​អាច​ស្តាប់​ឮ​សម្រែក​សត្វ ដែលាន់​ឮ​ដូច​គេ​ផ្លុំ​កញ្ចែ។ ប៉ុន្តែ អ្នក​ប្រហែល​មិន​បាន​ដឹង​ថា សម្លេង​នោះ​ចេញ​មក​ពី​ប្រភព​ណា​ទេ។ តាម​ពិត​ ​វា​ជា​សម្លេង​លូ​របស់​សត្វ​កណ្តុរ​ប្រមេះ ដែល​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា កណ្តុះ​ប្រមេះ​កណ្តូប។ វា​លូ​ដាក់​លោក​ខែ ដើម្បី​ប្រកាស​ឲ្យ​គេ​ដឹង​ថា តំបន់​នោះ​ជា​តំបន់​របស់​វា។

សត្វ​កកេរ​ដ៏​ចម្លែក​នេះ​ក៏​ជា​សត្វ​ដែល​ស៊ី​សាច់​ជា​អាហារ​ផង​ដែរ។ តាម​ពិត វា​ក៏​តាម​ប្រម៉ាញ់​សត្វ​មួយ​ចំនួន​តូច​ ដែល​សត្វ​ដទៃទៀត​មិន​ហ៊ាន​នៅ​ក្បែរ ដែល​មាន​ដូច​ជា​សត្វ​ខ្យា​ដំរី​ជាដើម។ ​តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​សត្វ​កណ្តុរ​ប្រមេះ​មាន​សមត្ថ​ភាព សម្រាប់​ការ​ប្រយុទ្ធ​ជា​មួយ​សត្វ​សាហាវ​ប្រភេទ​នេះ។ វា​មិន​គ្រាន់​តែ​មាន​ភាព​ស៊ាំ​នឹង​ជាតិពិស​របស់​សត្វ​ខ្យា​ដំរី​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​អាច​កែ​ប្រែ​ជាតិ​ពិស ឲ្យ​ក្លាយ​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទៀត​ផង។​

មាន​មេរៀន​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដែល​យើង​អាច​រៀន​បាន ពី​សត្វ​កណ្តុរ​តូច​ល្អិត​ដ៏​មោះមុត​នេះ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក ឲ្យ​អាច​រស់ និង​ថែម​ទាំង​ចម្រើន​ឡើង ក្នុង​បរិស្ថាន​ដ៏​ក្រៀម​ក្រោះ។ សាវ័ក​ប៉ុល​បាន​ពន្យល់ ក្នុង​បទ​គម្ពីរ​អេភេសូរ ២:១០ ថា ព្រះទ្រង់​ក៏​បាន​រចនា​រាស្រ្ត​របស់ទ្រ​ង់​មក ដោយ​ភាព​ប៉ិន​ប្រសប់​ដ៏​អស្ចារ្យ​ដូច​នេះ​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​នៅ ក្នុង​លោកិយដែល​មាន​ពេញ​ដោយ​អំពើ​បាប និង​ទុក្ខ​លំបាក។ យើង​ម្នាក់​ៗ​ជា​ស្នាដៃ​ដែល​ទ្រង់​បាន​បង្កើត ក្នុង​ព្រះ​គ្រីស្ទ ដែល​ត្រូវ​បាន​បំពាក់នូវ​សមត្ថភាព​ពិសេស ដើម្បី​រួម​ចំណែក​នៅ​ក្នុង​នគរ​របស់​ព្រះ​អង្គ។ ទោះ​ព្រះ​ទ្រង់​បាន​ប្រទាន​អ្នក នូវ​អំណោយ​ទាន​អ្វី​ក៏​ដោយ អ្នក​មាន​ការ​ជា​ច្រើន ដែល​ត្រូវ​ធ្វើថ្វាយទ្រង់។ ខណៈ​ពេល​ដែល​អ្នក​បាន​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​បាន​កែ​ប្រែ​ជីវិត​អ្នក​ឲ្យ​ក្លាយ​ជាមនុស្ស​ថ្មី​ហើយ នោះ​អ្នក​ត្រូវ​រស់នៅ ជា​ស្មរ​បន្ទាល់​ដ៏​រស់ ដែល​នាំ​ឲ្យ​គេ​ស្គាល់​ក្តី​សង្ឃឹម និង​ក្តី​អំណរ​នៃ​ជីវិត ក្នុង​ព្រះ​អង្គ។

ដូចនេះ ទោះ​អ្នក​ជួប​បញ្ហា​លំបាក​យ៉ាង​ណា​ក៏​ដោយ ក្នុង​ជីវិត ចូរ​ក្លាហាន​ឡើង។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​អ្នក​តូចទាប​ណាស់ តែ​ដោយ​សារ​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ព្រះ​អង្គ មក​ដើម្បី​ចម្រើន​កម្លាំង​យើង នោះ​ព្រះ​អង្គ​អាច​ប្រើ​យើងឲ្យ​ធ្វើ​ការ​ដ៏​ធំ​ឧត្តម្ភ។​—Monica La Rose